ភ្នំពេញ៖បន្ទាប់ពីកែវ ពេជ្រពិសី បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីកាណាដាលោកពៅ សម្បតិ ជិត១ឆ្នាំកន្លះពេលនេះនាងទទួលបានកាដូពិសេសក្នុងជីវិតដែលមិនអាចកាត់ថ្លៃបាននោះគឺកូនប្រុសដែលនាងគ្រោងនឹងសម្រាលនៅចុងខែកញ្ញាឆ្នាំ២០២១ ខាងមុខនេះហើយ។មុនត្រៀមក្លាយទៅជាម្ដាយគេនេះពេជ្រពិសី បានឲ្យដឹងថានាងបានទៅពិនិត្យសុខភាពជាញឹកញាប់នៅមន្ទីពេទ្យមួយដែលមានគុណភាពមិនចាញ់ពេទ្យថៃទេ ហើយនាងមិនបារម្ភការឆ្លងទន្លេកូនទី១នេះដែរបើទោះបីជាត្រូវសម្រាលដោយវះកាត់ក្ដី។
កែវ ពេជ្រពិសី បានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២១ ថាក្រោយនាងសម្រេចភ្ជាប់ពាក្យជាមួយលោកចៅ សម្បត្តិ កាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០ នោះនាងគ្រោងនឹងរៀបការតាំងពីក្រោយមានគូដណ្ដឹងភ្លាមៗម្លេះដោយបានកក់កន្លែងនិងសម្ភារៈគេអស់មួយចំនួនទៀតផង តែត្រូវបានរំសាយចោលវិញ ដោយសារតែកូវីដមិនស្ងាត់នេះទើបខាតទាំងលុយដែលកក់នោះទៀតផង។ដោយគិតថាឥឡូវនាងមានអាយុកាន់តែច្រើនដែរហើយខ្លាចថ្ងៃក្រោយពិបាកយកកូន ម្យាងទៀតមិនដឹងថាពេលណាទើបចប់កូវីដនោះនាងក៍សម្រេចចិត្តចុះអេតាស៊ីវិលជាមួយស្វាមីហើយយកកូនតែម្ដងដែលពេលនេះនាងមានផ្ទៃពោះ៩ខែហើយនឹងត្រៀមសម្រាលនៅមន្ទីពេទ្យក្នុងស្រុកមួយនៅចុងខែកញ្ញាឆ្នាំ២០២១នេះ។ពេជ្រពិសី បន្ថែមថាដោយសារកាន់តែកៀកថ្ងៃសម្រាលកូនហេតុនេះហើយនាងផ្ដោតលើការថែទាំសុខភាពឲ្យបានល្អ និងបានទៅពិនិត្យសុខភាពនៅមន្ទីពេទ្យយ៉ាងទៀងទាត់ហើយគ្រូពេទ្យប្រាប់ថាទាំងម្ដាយនិងកូនមានសុខភាពល្អដូចគ្នា ។ប៉ុន្ដែនាងមិនអាចសម្រាលតាមបែបធម្មជាតិបានទេគឺនឹងវះកាត់ ហើយដោយសារតែពេលនេះបច្ចេកវិទ្យាពេទ្យទំនើបអីចឹងនាងមិនព្រួយបារម្ភច្រើននោះទេ។
កែវ ពេជ្រពិសី ធ្លាប់ប្រាប់អ្នកយកព័តមានយើងមុនពពោះថានាងមិនប្រាថ្នាអ្វីក្នុងជីវិតឲ្យអស្ចារ្យនោះទេគឺសូមតែមានស្វាមីដ៍ល្អម្នាក់និងមានកូនៗដូចគេក្នុងគ្រួសារនោះនាងពេញចិត្តទៅហើយ។ពេលនេះទោះជាកូវីដធ្វើឲ្យប៉ៈពាល់ដល់អាជីវកម្មពេជ្រពិសី ធ្ងន់ធ្ងរមែន ប៉ុន្ដែនាងនឹងបានកាដូធំនៅចុងខែកញ្ញាឆ្នាំ២០២១ នោះគឺកូនប្រុសម្នាក់ដែលនាងប៉ងប្រាថ្នា។ពេជ្រពិសីបន្ថែម ថានាងចង់បានទាំងកូនប្រុសនិងកូនស្រីហើយការមានកូនប្រុសជាកូនទី១នេះនាងពេញចិត្តខ្លាំងណាស់និងរំភើបគ្មានអ្វីប្រៀបផ្ទឹមបានឡើយ។
ក្រៅពីកែវ ពេជ្រពិសី មានតារាជាច្រើននាក់បានសម្រេចចិត្តយកកូនមុនរៀបការព្រោះថាកូវីដបានធ្វើឲ្យពួកគេរំសាយមង្គលការ២ឆ្នាំចុងក្រោយនេះ។តារាខ្លះមិនបានភ្ជាប់ពាក្យតាមប្រពៃណីខែរត្រឹមត្រូវដូចពេជ្រពិសី និងលោកសម្បត្តិ ផងតែពួកគេក៍មានកូនមុនពេជ្រពិសី ទៀត ខណៈដែលតារាសម្ដែងឌុច លីដា ដែលមានកូនប្រុសជាង១ឆ្នាំទៅហើយនោះធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមិនគិតថាមង្គលការសំខាន់បំផុតសម្រាប់ជីវិតនាងនោះទេ តែរឿងដែលត្រូវគិតថាតើយើងនិងគូជីវិតអាចកាន់ដៃគ្នាបានរហូតដែរឬអត់?
កែវ ពេជ្រពិសី ធ្លាប់ប្រេះឆាស្នេហ៍ជាមួយអាណិកជនខ្មែរមកពីអូស្រា្ដលីកាលពីឆ្នាំ២០១០ ហើយនាងបានទុកជីវិតជាស្រីមេម៉ាយជិត១០ឆ្នាំទើបព្រមបើកបេះដូងភ្ជាប់ស្នេហ៍ថ្មីជាមួយលោកពៅ សម្បត្តិ វ័យ៥០ឆ្នាំដែលជាអ្នកជំនួយខ្មែរមកពីកាណាដាដោយពិសី ផាត់ចោលសំណើរសុំស្នេហ៍ពីប្រុសៗអ្នកមានក្នុងស្រុកមួយចំនួន។ពេជ្រពិសី បានឲ្យដឹងថាលោកសម្បត្តិ ស្រលាញ់នាងនិងក្រុមគ្រួសារដោយស្មោះត្រង់ហើយថ្ងៃនាងភ្ជាប់ពាក្យមានក្រុមគ្រួសារទាំងសងខាងដឹងឭអស់ទៅហើយ ហេតុនេះនាងច្បាស់លាស់ក្នុងការក៍សាងសុភមង្គលជាមួយគ្នាយ៉ាងពិតប្រាកដ។នាងបន្ថែមទៀតថាក្រោយសម្រាលកូនរួចហើយពេលរឹងដៃរឹងជើងនឹងចេញទៅកម្សាន្ដនៅកាដាណាជាលើកដំបូងនៅពេលវេលាណាដែលសមស្របមួយ។ប៉ុន្ដែរឿងថាតើនាងនឹងចេញទៅរស់នៅកាណាដាតាមស្វាមីឬបន្ដនៅស្រុកខ្មែរនោះពេជ្រពិសី ថាមិនទាន់គិតដល់ចំណុខនោះទេតែតាមចិត្តនាងចង់នៅស្រុកខ្មែរច្រើនជាងឬអាចចុះឡើងទៅមកៗព្រោះប្ដីនាងក៍មានក្រុមហ៊ុនមួយនៅស្រុកខ្មែរផងដែរ៕