ភ្នំពេញ៖ពេជ្រ សូលីកា ដែលមានស្វាមីលោកគឹម ហាន ជាអ្នកច្នៃម៉ូដសម្លៀកបំពាក់មកពីអូស្រ្ដាលីនោះកាន់តែមានការតុបតែងខ្លួនប្លែកទៅៗនៅរយៈពេលចុងក្រោយនេះពិសេសគឺម៉ូដសក់និងខោអាវដែលស្វាមីនាងជាអ្នកនៅពីក្រោយខ្នងនាងទាំងអស់ដើម្បីឲ្យតារាកូន១រូបនេះកាន់តែទាក់ទាញថែមទៀត។ការលេងខ្លួនរបស់តារាហង្សមាសគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា នេះគឺប្លែកជាងកាលនាងនៅក្រមុំទៅទៀតហើយដោយសារតែរូបសម្រស់នៅតែស្រស់ស្អាត និងមិនសូវបែកសាច់ ហើយមិនឡើងគីឡូច្រើននោះទើបធ្វើឲ្យសូលីកា នៅតែមានការទាក់ទាញហើយថៅកែហង្សមាសក៍បន្ដប្រគល់តំណែងតួឯកឲ្យនាងដដែលមិនហ៊ានទម្លាក់ឲ្យមកធ្វើជាតួរងក្រោយនាងមានប្ដីនិងកូន១នេះឡើយ។
ពេជ្រ សូលីកា បានធ្វើឲ្យជីវិតរបស់នាងប្រែប្រួលស្ទើរតែទាំងស្រុងក្រោយភ្ជាប់ស្នេហ៍ជាមួយអតីតសង្សារនាងថៃ នារីសុជាតា គឺលោកគឹម ហាន នាំឲ្យស្រមោលស្នេហ៍ពីអតីតកាលត្រូវបានកប់ចោលហើយជំនួសមកវិញនូវស្នាមញញឹមដោយសារតែស្វាមីនាងមិនដែលរំលឹកឬគាស់កកាយរឿងចាស់ឡើយ។សូលីកា ត្រូវគូស្នេហ៍ថ្មីផ្គាប់ចិត្តមិនឲ្យមានទាស់ដូចជាពេលនេះនាងរស់នៅខុនដូរយ៉ាងស៊ីវីល័យនិងកំពុងត្រៀមទៅនៅផ្ទះវីឡារទ្រនុំស្នេហ៍ស្កឹមស្កៃដែលនាងបានទិញរួមគ្នាជាមួយប្ដីកាលពីថ្ងៃទី១៦ខែសីហាឆ្នាំ២០២១។អតីតតារាRock និងMរូបនេះក៍ជាអ្នកលេងម៉ូដរថយន្ដទំនើបៗផងដែរដូចជាពេលនេះនាងជិះរថយន្ដ៣គ្រឿងឆ្លាស់គ្នាមានដូចជាPorsche, Range Rover និងBmw ហើយលោកគឹម ហាន បានឲ្យប្រាក់ខែនាងយ៉ាងទៀងទាត់ទៀតផង។ទោះជាយ៉ាងណាសូលីកា មិនអាចសម្រេចក្ដីស្រម៉ៃចង់រៀបការនៅឆ្នាំ២០២១នេះបានឡើយ ព្រោះតែកូវីដមិនស្ងាត់ទើបធ្វើឲ្យខកគម្រោងគ្រងឈុតកូនក្រមុំមែនទែន។
ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោកគឹម ហាន កាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ និងសម្រាលកូនប្រុសថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០ ដោយដាក់ឈ្មោះថាហង្ស អ៊ារីវេស្ដេ ។នាងជាតារាដែលជ្រើសគូស្នេហ៍ជាបុរសអាណិកជននៅស្រា្ដលីដូចជានាងដាញ់ ម៉ូនីកា ,សុខ ច័ន្ទណានូ ,គឹម លីហ្សា និងអឿន ដាលីស ។តែសូលីកា ថានាងមិនទាន់ច្បាស់លាស់ថ្ងៃមុខនឹងចេញទៅរស់នៅអូស្រ្ដាលីតាមប្ដីឬនៅស្រុកខ្មែររហូតនោះទេព្រោះមិនទាន់គិតដល់។
ថ្វីត្បិតតែនាងពេជ្រ សូលីកា មានស្វាមីជាអ្នករកស៊ីធំតែនាងក៍មិនខុសពីសុគន្ធ និសា ដែរព្រោះត្រូវប្ដីឲ្យបន្ដលេងសិល្បៈដោយសេរីទាំងការច្រៀងរាំនិងថតភាពយន្ដ។ប៉ុន្ដែកេរ្ដិ៍ឈ្មោះរបស់នាងពេលនេះមិនសូវលេចធ្លោរនោះទេព្រោះគ្មានបទល្បីៗ ខណៈដែលតារាស្រីនៅហង្សមាសត្រូវបានគេមើលឃើញថាមានសន្ទុះហក់ឡើងនៅរដូវកូវីដនេះមានតែនាងរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះ។មហាជនបានលើកឡើងថាទោះជាពេលនេះនាងសូលីកា ហាក់កំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយប្ដីនិងកូនមែន តែជីវិតនាងនៅតែរងទុក្ខសោកសៅព្រោះកាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២១ម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីស៊ិន ស្រីនាង ត្រូវបានតុលាការប្រកាសសាលក្រមផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទឃាតកម្មតាមមាត្រាទី១៩៩ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីអ្នកស្រីត្រូវបានអាជ្ញាធរចាប់ខ្លួនរឿងឃាតកម្មលើគូស្នេហ៍ភេទដូចគ្នាទៅលើអ្នកស្រីងិន សុខលី កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២០ ៕