ភ្នំពេញ៖ដោយមិនចង់ឲ្យកូនស្រីសំណព្វចិត្តត្រូវញាំញីទៅដោយរឿងគេជម្រុញឲ្យធ្លាក់ចូលស្ថានភាពស្រលាញ់ភេទដូចគ្នាកាន់តែជ្រៅទៅៗតទៅទៀតនោះអ្នកនាងកែវ កល្យាណ បានដាក់ឱសានវាទទៅលើកូនកូនស្រីវ័យ២២ឆ្នាំកែវ ឡាវីញ ដែលធ្វើឲ្យនាងប្រឈមបាត់បង់អាជីពទៀតផង ប្រសិនណាឡាវីញ ហ៊ានប្រឆាំងនាងទៅថតកុនស្ងាត់ៗទាក់ទងរឿងស្រីស្រលាញ់ស្រីដូចគ្នាទៀតនោះព្រោះថាពេលនេះនាងលែងមានការយោគយល់អ្វីទាំងអស់ដោយសារតែមិនចង់ឲ្យប៉ៈពាល់ផ្លូវអារម្មណ៍តទៅទៀត។ការចេញល័ក្ខខណ្ឌយ៉ាងកំហិតបែបនេះរបស់អ្នកនាងកល្យាណ កើតមានក្រោយកែវ ឡាវីញ លេងរឿង”រសជាតិ អ្នកមាន”ហើយសម្ដែងជាមួយនាងយ៉ា សុផាន់ម៉ៃ(យ៉ា សុផាន់ម៉ៃ) ដែលជាកូនខ្មែរកាត់ហ្វីលីពីនជាស្រីស្រលាញ់ភេទដូចគ្នាហើយដោយសារតែតារាទាំង២លេងសមគ្នាពេកពិសេសក្នុងឈុតអោបថើបស្រីនិងស្រីយ៉ាងរោលរាលនោះទើបធ្វើឲ្យមានFanទាំងសងខាងតឹងសសៃកដាក់គ្នា ខ្លះថាឡាវីញ មានសង្សារជាប្រុសពេញលក្ខណៈ ហើយមិនសមណាមកលេងរឿងស្រីស្រលាញ់ស្រីបោកភ្នែកគេនោះទេ ខណៈដែលខ្លះទៀតគិតតែពីសំណូមពរផងជម្រុញផងឲ្យឡាវីញ យកសុផាន់ម៉ៃ ធ្វើជាសង្សារគ្នាមែនទែនទៅ ចាំរៀបការតាមក្រោយទើបនាំឲ្យអ្នកនាងកល្យាណ ឈឺក្បាលកាន់តែខ្លាំងព្រោះតែស្មុគស្មាញក្នុងចិត្តពេកដោយសារតែមិនចង់លូកដៃទៅFanទាំងសងខាងដែលជាក្មេងៗនោះ។
យ៉ាងណាអ្នកនាងកល្យាណ ថាពេលនេះនាងអាចនឹងមិនឲ្យកូនស្រីថតសម្ដែងភាពយន្ដតទៅទៀតនោះទេហើយចង់ឲ្យគេប្រើប្រាស់ជំនាញដែលរៀនចប់នៅមហាវិទ្យាល័យនោះគឺផ្នែកDesign ។ប៉ុន្ដែអ្នកនាងកល្យាណ នៅតែអះអាងថាកូនស្រីរបស់ខ្លួនកញ្ញាឡាវីញ មិនមែនជាមនុស្សស្រីស្រលាញ់ស្រីនោះឡើយគឺនាងជាស្រីពេញលក្ខណៈហើយក៍មានសង្សារហើយដែរជាបុ រសពេញលក្ខណៈត្រឹមត្រូវ គ្រាន់តែរឿងដែលធ្វើឲ្យអ្នកនាងមិនពេញចិត្តគឺក្រោយមានរឿងបែបនេះ មកធ្វើឲ្យប៉ៈពាល់ដល់ កិត្តិយសក្រុមគ្រួសារនិងសាមីខ្លួនផ្ទាល់ផងដែរ។
កែវ កល្យាណ អតីតតារាសម្ដែងល្បីល្បាញកាលពីទសវត្សន៍ទី៨០និង៩០ បានផ្អាកអាជីពសិល្បៈជាង១០ឆ្នាំមកហើយតែក្នុងជំនួបផ្ទាល់កន្លងមកអ្នកនាងប្រាប់ថាផលិតកម្មរស្មីហង្សមាសបានទាក់ទងឲ្យនាងសម្ដែងភាពយន្ដថ្មីជាតួម្ដាយ តែនាងមិនទទួលព្រោះតែខ្លាចគ្មានពេលវេលាគ្រប់គ្រាន់។យ៉ាងណាអ្នកនាងកល្យាណ ថាចិត្តនៅតែស្រលាញ់សិល្បៈដដែលទើបជម្រុញឲ្យកូនស្រីឈានចូលប្រឡូកក្នុងអាជីពមួយនេះ តែលទ្ធផលបានធ្វើឲ្យនាងខកចិត្តព្រោះក្រោយលេងរឿង”រសជាតិ អ្នកមាន”មកស្រាប់តែមានគេចង់ឲ្យឡាវីញ ធ្វើសកម្មភាពនៅក្រៅឆាកដូចក្នុងរឿងដែរទៅវិញ។អ្នកនាងថារឿងនេះមិនអាចទៅរួចជាដាច់ខាតព្រោះកូនស្រីនាងជាស្រីស្រលាញ់បុរសពិត ឲ្យទៅស្រលាញ់ស្រីមែនទែនម៉េចកើតទៅ?អ្នកនាងបានឲ្យដឹងថាពេលនេះឡាវីញ កំពុងតែថតរឿងបុរាណមួយឲ្យប៉ុស្ដិ៍ហង្សមាស ហើយនាងកំពុងតែពិចារណាថាតើនឹងឲ្យកូនស្រីបន្ដលេងសិល្បៈទៀតឬឲ្យឈប់តែម្ដងក្រោយថតរឿងថ្មីនេះចប់?ប៉ុន្ដែចំពោះសំណើរពីផលិតកម្មផ្សេងៗដែលចង់ឲ្យកូនស្រីនាងលេងរឿងស្រីស្រលាញ់ស្រីទៀតនោះអ្នកនាងថាមិនអនុញ្ញាត្តិឲ្យឡាវីញ ថតទៀតជាដាច់ខាតតែម្ដងព្រោះខ្លាចមានរឿងកាន់តែធំ។
អ្នកនាងកែវ កល្យាណ ក្រោយចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍នាងបន្សល់ចំណងដៃកូន២នាក់(ស្រី១)តែនាងមិនដែលលាតត្រដាងរឿងស្នេហ៍ថ្មីឡើយ។យ៉ាងណាអ្នកនាងកល្យាណ ដែលពេលនេះកូនប្រុសស្រីពេញវ័យកំលោះក្រមុំអស់ទៅហើយនោះនាងរស់នៅជីវភាពធូធារបើទោះជាលក់ផ្ទះវីឡារធំស្កឹមស្កៃនៅផ្សារទំនើបអ៊ីន២មែន តែនាងបានទិញផ្ទះវីឡារថ្មីមួយទៀតនៅខណ្ឌសែនសុខ និងជិះរថយន្ដទំនើបៗទៀតផង។អ្នកនាងកល្យាណ ថាក្រៅពីបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកDesign នោះកូនស្រីអ្នកនាងកញ្ញាឡាវីញ ក៍ចេះនិយាយភាសារអង់គ្លេស,ថៃ និងចិន យ៉ាងស្ទាត់ជំនាញផងដែរ៕