ភ្នំពេញ៖រ៉េត ស៊ូហ្សាណា ជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗ និងឧកញ៉ាទាំងឡាយព្រោះតែនៅហង្សមាសនាងជាតារាដែលមានរូបសម្រស់គូរឲ្យក្នក់ក្នាញ់ជាងគេនិងតែងតែមានឱកាសឆក់បានស្ពតពាណិជ្ជកម្មធំៗទៀតផងទើបធ្វើឲ្យតារាធ្មេញចំពើសកាន់តែមានភាពលេចធ្លោ។ទោះជាយ៉ាងណារយៈពេលជាង៣ឆ្នាំនេះស៊ូហ្សាណា ត្រូវឪពុកម្ដាយបិតជិតឈឹងគឺមិនឲ្យមានរឿងអាស្រូវកេរ្ដិ៍ជាមួយមន្រ្ដីធំណាមកប៉ៈនាងឡើយ ខណៈមន្រ្ដីធំៗដែលព្យាយាមរាយអន្ទាក់ស្នេហ៍តាមរយៈការដាក់នុយធំស្ទួចបេះដូងនាងហ៊ានទាំងឲ្យផ្ទះវីឡា លុយ និងឡាន នោះបានត្រឹមតែខកចិត្តព្រោះនាងហ្សាណា មិនត្រឹមតែអត់ជ្រួលជ្រើមសម្ភារៈទាំងនោះទេ ប៉ុន្ដែនាងថែមទាំងព្យាយាមគេចឲ្យផុតពីទ្រុងស្នេហ៍ទាល់តែបាន។ការមិនកាន់ទូរស័ព្ទ និងមានឪពុកម្ដាយតាមការពារជាប្រចាំទីបំផុតប្រុសៗដែលចង់លេងស្នេហ៍លោតឆ័ត្រជាមួយនាងបានត្រឹមទ័លច្រក ហើយបង្ខំចិត្តដកថយទៅវិញម្ដងម្នាក់ៗព្រោះថាហ្សាណា ខ្លាចបំផុតរឿងអាស្រូវស្នេហា។
គូរបញ្ជាក់ថាទោះជារ៉េត ស៊ូហ្សាណា បានបរាជ័យក្នុងការលើកពានThe Voice Cambodia រដូវកាលទី២មែន តែនាងជាតារាស្រីតែម្នាក់ប៉ុណ្ណោះដែលមានភាពលេចធ្លោនៅហង្សមាសជាងគេនៅរដូវកូវីដនេះធ្វើឲ្យម្ចាស់ពានទាំងឡាយមានដូចជាឈិន ម៉ានិច្ច,ថែល ថៃ ,គ្រី ថៃពៅ និងចាន់ សុបញ្ញា ជាដើមមិនអាចយកឈ្នះស្រីស្រស់មានត្រេមុខដូចកូនកាត់ជប៉ុននេះបានឡើយ។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់បានលើកឡើងថាស៊ូហ្សាណា លេចធ្លោតែការច្រៀងបទជាភាសារបរទេស និងរូបសម្រស់ទេ តែបើច្រៀងបទខ្មែរនៅមានកម្រិតមិនអាចទៅជំនួសឱក សុគន្ធកញ្ញា បានឡើយគឺនៅត្រូវការពេលវេលាច្រើនថែមទៀត។
ទោះជារ៉េត ស៊ូហ្សាណា មិនទាន់ប៉ៈរឿងស្នេហាជាមួយមន្រ្ដីធំណាមែន តែកន្លងមកនាងធ្លាប់បង្ហាញសញ្ញាមានម្ចាស់ចិត្តហើយដោយកាន់ដៃប្រុសម្នាក់ តែលាក់មុខប្រុសនោះហើយស្រាប់តែកាលពីដើមខែមករាឆ្នាំ២០២១ ហ្សាណា បានទិញផ្ទះ២ល្វែងជាប់គ្នាដែលមានតម្លៃមិនក្រោម២០ម៉ឺនដុល្លារ ខណៈដែលរំលងបានតែ៤ខែប៉ុណ្ណោះពោលគឺនៅចុងខែឧសភា នាងក៍ទិញរថយន្ដទំនើបម៉ាកJeep Rubicon ដែលមានតម្លៃ៨៧០០០ដុល្លារទៀត ទើបធ្វើឲ្យគេស្ញប់ស្ញែងថានាងហ្សាណា នៅក្មេងសោះតែនាង មានទ្រព្យជិតកន្លះលានដុល្លារទៅហើយ។អ្នកខ្លះសង្ស័យថាហ្សាណា ចូលលុយជាមួយគូស្នេហ៍គ្នាទិញផ្ទះនិងរថយន្ដរួមគ្នា តែអ្នកស្និតហ្សាណា បែជានិយាយថាតារារូបនេះមានជីវភាពធូធាតាំងពីមុននាងឈានជើងចូលសិល្បៈម្លេះហើយប្រាក់ចំណូលក្នុងសិល្បៈ១ខែៗក៍នាងរកបានច្រើនដែរព្រោះទោះពេលនេះហ្សាណា ក៍ដូចជាតារាផ្សេងៗទៀតត្រូវបាត់បង់Concertsធំៗគ្រប់ខេត្តក្រុងជាង២ឆ្នាំក្ដី តែនាងនៅតែមានប្រាក់ចំណូលពីការថតស្ពតធំៗជាប្រចាំផងដែរ។
រ៉េត ស៊ូហ្សាណា ជាតារាចម្រៀងប្រជែងទីផ្សារផ្នែកយុវវ័យនៅឆ្នាំ២០២១ក្នុងចំណោមនាងរ៉ាប៊ី,តន់ ច័ន្ទសីម៉ា និងយូរី ។មុនផ្ទុះកូវីដស៊ូហ្សាណា ច្រៀងConcertsធំៗស៊ីថ្លៃ១កម្មវិធីជិត២ពាន់ដុល្លារ។ហ្សាណា ដែលធ្លាប់ត្រូវគេរិះគន់ថានាងច្រៀងមិនកើតនោះបានស្រាលខ្លួនទៅវិញក្រោយនាងចេញបទ”សង្ស័យ”ដែលបច្ចេកទេសច្រៀងស្រដៀងនិងពេជ្រ សោភា ។ចំពោះពេជ្រ សោភា វិញធ្លាប់និយាយថាស៊ូហ្សាណា នឹងក្លាយទៅជាតារាល្បីខ្លាំងនៅហង្សមាសនាពេលអនាគតព្រមទាំងអាចជំនួសតំណែងរូបនាងនិងឱក សុគន្ធកញ្ញា នៅពេលពួកនាងចាស់ៗទៅទៀតផង។
មហាជនរងចាំមើលថាតើការព្យាករណ៍របស់ពេជ្រ សោភា ថាហ្សាណា នឹងអាចធ្វើព្យុះភ្លៀងនៅហង្សមាសនៅពេលខាងមុខនេះនឹងក្លាយទៅជាការពិតឬយ៉ាងណា?