ភ្នំពេញ៖លោកអែន ឌី បានបង្ហូរទឹកភ្នែកទួញសោកយំអោបអ្នកនាងសឿ សុធារ៉ា ពេញដើមទ្រួងតែម្ដងដែលមើលទៅអ្នកទាំងពីរពិតជាយល់ចិត្តគ្នាខ្លាំងណាស់។យ៉ាងណាភាពចិត្ត១ថ្លើម១របស់លោកអែន ឌី-សឿ សុធារ៉ា នេះកើតមានជាថ្មីក្រោយពីអតីតតារាហង្សមាសបានច្រៀងCover បទ”ស្នាមស្នេហ៍សមុទ្ររាម”ហើយពួកគេបានថតMVរួមគ្នានិងបញ្ចូលអារម្មណ៍ស្លុងទៅតាមអត្ថន័យបទចម្រៀងដែលជាសំនៀងដើមរបស់ឱក សុគន្ធកញ្ញា ។
លោកអែន ឌី ថាលោកស្រលាញ់បទនេះទើបច្រៀងCoverនិងផលិតជាMVឡើង។ចំពោះការជ្រើសដៃគូសម្ដែងជាអ្នកនាងសឿ សុធារ៉ា នោះត្រូវបានលោកប្រាប់ថានេះមិនមែនជាលើកទី១នោះទេព្រោះថាលោកនិងសុធារ៉ា ជាមិត្តភក្ដិដែលរាប់អានគ្នាជាច្រើនឆ្នាំមកហើយ ខណៈដែលពេលនេះសុធារ៉ា វិលមកសម្ដែងសិល្បៈសារជាថ្មីក្រោយពីផ្អាកជាច្រើនឆ្នាំនោះលោកក៍បានអញ្ជើញនាងមកថតបទនេះទុកជាអនុស្សាវរីយ៍តែម្ដងទៅ។
តាមរយៈបទ”ស្នាមស្នេហ៍ សមុទ្ររាម”នេះគេឃើញលោកអែន ឌី និងអ្នកនាងសឿ សុធារ៉ា អោបរឹតគ្នាហាក់ដូចជាគូស្នេហ៍គឺលើសពីការសម្ដែងMV។តែលោកអែន ឌី ថាកន្លងមកលោកនិងសុធារ៉ា ធ្លាប់ថតរូបជាមួយគ្នាជាច្រើនលើកច្រើនសារមកហើយ ហេតុនេះគ្មានអារម្មណ៍ផ្ដែសផ្ដាសនោះទេ ព្រោះការងារសិល្បៈពេលថតចប់មានតែរាប់អានគ្នាជាមិត្តភក្ដិឬបងប្អូនប៉ុណ្ណោះ។
លោកអែន ឌី បច្ចុប្បន្នជាតារាចម្រៀងឯករាជ្យដែលផលិតបទចម្រៀងដោយខ្លួនឯងហើយគេច្រើនតែឃើញលោកច្រៀងនិងផលិតMVតាមរយៈការCoverបទមរតកដើមឡើងវិញដោយធ្វើភ្លេងថ្មី ប៉ុន្ដែរក្សារប៉ារ៉ូលនៅដដែល។មុនផ្ទុះកូវីដលោកអែន ឌី ច្រើនតែចេញទៅច្រៀងសម្ដែងនៅបរទេសជាញឹកញាប់ តែដោយសារកូវីដមិនទាន់ស្ងាត់លោកមិនទាន់មានគម្រោងចេញទៅច្រៀងសម្ដែងនៅបរទេសសារជាថ្មីទៀតឡើយ។ម្ចាស់បទ”នឹកបង៥០%ផង”រូបនេះត្រូវបានគេចាត់ទុកថាលោកជាតារាប្រុសដែលមានសំណាងជាងគេព្រោះតែស្រីស្អាតៗនៅក្នុងពិភពសិល្បៈច្រើនតែជាដៃគូថតរូបយ៉ាងស្អិតល្មូតជាមួយលោកអែន ឌី ហើយពួកគេមិនដែលបារម្ភខ្លាចលោកកេងចំណេញលើរាយកាយឡើយព្រោះថាសកម្មភាពទាំងនោះជាលក្ខណៈសិល្បៈ។លោកអែន ឌី ថាលោកស្រលាញ់ខ្លាំងណាស់ចំពោះការថតរូបបែបសិល្បៈ ហើយនៅពេលស្ងាត់កូវីដ ខាងមុខនេះលោកនឹងបង្ហាញStyleថ្មីៗឡើងវិញ៕