ភ្នំពេញ៖តារាសម្ដែងលោកអាឡិច ចាន់ត្រា បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីរាត្រីថ្ងៃទី៣០ខែតុលាឆ្នាំ២០២១នៅតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី៤ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ វេលាម៉ោង២,៥៨នាទីរំលងអាទ្រាធដែលលោកបានបើករថយន្ដម៉ាកBmw X4 ពាក់ស្លាកលេខ2BA 3976 បុកពីក្រោយពេញទំហ៊ឹងរថយន្ដដឹកប្រេងសាំងរបស់តូតាល់ពាក់ស្លាកលេខ3D 2577 បណ្ដាលឲ្យរថយន្ដទំនើបរបស់លោកអាឡិច ចាន់ត្រា រងការខូចខាតខ្ទេចផ្នែកផ្ទៃខាងមុខទាំងស្រុងតែម្ដង ហើយពេលនោះពោងបានផ្ទុះឡើងទើបមិនបណ្ដាលឲ្យលោករងរបួសធ្ងន់ឬគ្រោះថ្នាក់ដល់ជីវិតនោះទេ។






ដោយឡែករថយន្ដដឹកសាំងដែលមានទម្ងន់ធ្ងន់និងធំមាំផ្ទុកសាំងជាច្រើនពាន់លីត្រនោះមិនខូចខាតនោះទេ ហើយសម្ថកិច្ចក៍បានចុះមកដល់ភ្លាមៗធ្វើការវាស់វែងដើម្បីរកអ្នកដែលទទួលខុសត្រូវ តែតាមព័តមានពីមន្រ្ដីជំនាញអះអាងប្រាប់អ្នកកាសែតថាភាគីទាំងសងខាងមិនបានទាមទារសំណងនោះទេគឺសុខខិត្តយករថយន្ដទៅធ្វើរៀងៗខ្លួនដើម្បីបញ្ចប់រឿង។នៅពេលអ្នកកាសែតសាកសួរលោកអាឡិច ចាន់ត្រា ជុំវិញគ្រោះថ្នាក់ចរាចរណ៍នេះលោកសូមមិនផ្ដល់សម្ភាសន៍ដល់អ្នកសារព័តមានពាក់ព័ន្ធរឿងនេះឡើយ ។ប៉ុន្ដែតាមព័តមានពីអ្នកដែលឃើញហេតុការណ៍នោះផ្ទាល់ប្រាប់អ្នកការសែតថាគេឃើញលោកអាឡិច ចាន់ត្រា បើកបរក្នុងល្បឿនលឿន ហើយលោកធ្វើតំណើរតាមផ្លូវជាតិលេខ១នោះទៅផ្ទះរបស់លោកនៅបុរីប៉េង ហួត (បឹងស្នោរ)។ក្រោយកើតហេតុគេឃើញអាឡិច ចាន់ត្រា បានចុះទៅយកអ៊ឺវ៉ាន់ក្នុងរថយន្ដក្នុងស្ថានភាពធម្មតា ហើយក៍មានរថយន្ដមួយទៀតមកដឹកលោកចេញពីទីតាំងកើតហេតុ៕



