គ្រូបង្វឹកក្លឹបVillarrealលោកUnai Emeryបាននិយាយកាលពីថ្ងៃអង្គារថាមិនមានការផ្តល់ជូនជាផ្លូវការពី Newcastleដើម្បីជួលគាត់ទៅដឹកនាំទេប៉ុន្តែបាននិយាយថាគាត់នឹងមិនត្រូវបានបិទទ្វារចំពោះការផ្លាស់ប្តូរដែលអាចកើតមាន ប្រសិនបើមានការទាក់ទងជាផ្លូវការមួយ ត្រូវបានធ្វើឡើង។
ថ្លែងទៅកាន់ទូរទស្សន៍អេស្ប៉ាញ លោក Unai Emery បានបញ្ជាក់ថា ពួកគេបានបង្ហាញចំណាប់អារម្មណ៍ប៉ុន្តែ ជាក់ស្តែងមិនមានព័ត៌មានណាមួយបន្ថែមទៀតថាចំណាប់អារម្មណ៍នេះគឺជាការផ្តល់ជូននោះទេ។ ខ្ញុំរីករាយ និងផ្តោតអារម្មណ៍ជាមួយក្លឹប Villarreal ។ លោកបានបន្តទៀត ថាថ្ងៃនេះគ្មានហេតុផលសម្រាប់ខ្ញុំក្នុងការនិយាយថាខ្ញុំចាកចេញទេ។
ប្រធានក្លឹប Villarreal លោក Fernando Roig បាននិយាយថាក្លឹបមិនបានដឹងពីចំណាប់អារម្មណ៍របស់ក្លឹបNewcastle មកលើគ្រូបង្វឹក Emery នោះទេ។
សារព័ត៌មានអង់គ្លេសជាច្រើនបានរាយការណ៍ថា Newcastle កំពុងកំណត់គោលដៅលើអតីតអ្នកចាត់ការ Paris SG និង Arsenal ជាអ្នកជំនួស Steve Bruce ដែលបានចាកចេញពីក្លឹបប្រឺមីញេលីកកាលពីខែមុន។
លោក Fernando Roig បានប្រាប់កម្មវិធីទូរទស្សន៍ក្នុងស្រុក ថា លោកEmery សប្បាយចិត្តណាស់នៅ Villarreal ហើយគាត់កំពុងស្ថិតក្រោមកិច្ចសន្យា៕