ភ្នំពេញ៖ស្រីស្រស់តន់ ច័ន្ទសីម៉ា ស្រងូតស្រងាត់អស់ជាច្រើនថ្ងៃព្រោះតែបទចម្រៀង”Are You Ok ?”ដែលថៅកែទិញសម្លេងពីបុរសម្នាក់ជាម្ចាស់ដើមដល់ទៅតម្លៃ១២០០០ដុល្លារនោះគ្រាន់តែចេញTrailer ភ្លាមផ្ទុះការរិះគន់យ៉ាងចាស់ដៃពីមហាជនទើបម្ចាស់Galaxy បញ្ជារឲ្យកូនចៅលុបបទនោះចោលជាបន្ទាន់នាំឲ្យសីម៉ា ជាម្ចាស់បទនិងតួឯករបស់ផលិតកម្មមួយនេះស្រឡាំងកាំង។ប៉ុន្ដែកាលពីពេលថ្មីៗនេះបទ”Are You Ok ?”ត្រូវបានលោកទឹត ថាវរិទ្ធ ដែលជាអនុរដ្ឋលេខាធិការក្រសួងវប្បធ័ម និងវិចិត្រសិល្បៈ និងត្រូវបានគេដឹងថាជាស្វាមីនាងនៅ សុនិតា នោះបានស៊ីញ៉េតាំងពីថ្ងៃទី២៧ខែតុលាឆ្នាំ២០២១ ដោយផ្ដល់ទិដ្ឋាការ លេខ៤៦វ.វ អនុញ្ញាតិឲ្យបទនេះចេញជាMVបានក្រោយGalaxyមានការកែតម្រូវចម្រៀងមួយបទនេះ ឡើង វិញ។តន់ ច័ន្ទសីម៉ា រីករាយចិត្តយ៉ាងឧបម៉ាព្រោះរំពឹងថាពេលដែលបទនេះចេញហើយនាងនឹងល្បីថែមមួយក្រឺតទៀតជាមិនខានឡើយ។ស្រីស្រស់តូចតន់និងជាអតីតអ្នកស្មូតជាប់លេខ១ប្រចាំខេត្តតាកែវរូបនេះវាចារថានាងនឹងកែតម្រូវចំណុចខ្វះខាតហើយនាងផ្ដាំFanថាកុំបោះបង់ក្ដីសុបិនខ្លួនឯង។
អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២តន់ ច័ន្ទសីម៉ា ទោះជាមិនបានកាន់ពានពីក្រុមហ៊ុនហង្សមាសព្រោះមិនអាចយកឈ្នះលោកថែល ថៃ មែនប៉ុន្ដែសីម៉ា នៅតែអាចចាប់អាជីពចម្រៀងដោយរលូនហើយពេលនេះក្លាយទៅជាតារាស្រីឈានមុខគេរបស់Galaxy ។ការដែលកេរ្ដិ៍ឈ្មោះបោះពួយឡើងលឿនដូចផ្លេកបន្ទោរបែបនេះក្រោយពីសីម៉ា បានចាប់ដៃជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេម ទើបធ្វើឲ្យតារាចម្រៀងផ្នែកយុវវ័យផ្សេងៗទៀតដូចជារ៉ាប៊ី ,រ៉េត ស៊ូហ្សាណា និងយូរី ជាដើមពីបាកទប់ទល់ស្រីស្រស់រូបនេះ។ ប៉ុន្ដែអ្នកជំនាញសិល្បៈធ្លាប់លើកឡើងថាតាំងពីសីម៉ា ល្បីល្បាញមកអ្នកដែលធ្វើឲ្យប្រឈមធ្លាក់ចុះនោះគឺអ្នកនាងខាត់ សុឃីម ឯណ្ណោះទេ។ការលើកឡើងបែបនេះដោយសារតែសីម៉ា ច្រៀងសម្លេងស្អកនិងអឿនដូចខាត់សុឃីម តែម្ដងទើបនាំឲ្យរៀមច្បងដែលស៊ីបទកន្រ្ទឹមរូបនេះពិបាករក្សារតំណែង។ប៉ុន្ដែអ្នកនាងសុឃីម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមិនទោមនស្សថាតារាណាច្រៀងស្ទីលនាងទេ គឺមានតែសប្បាយរីករាយឃើញប្អូនៗចេញមកចេះរកលុយ។យ៉ាងណាសុឃីម បែជាថានាងមិនដែលបានស្ដាប់ចម្រៀងរបស់ច័ន្ទសីម៉ា ពីមុនឡើយសូម្បីតែ១បទព្រោះថាចេះតែមិនដែលប្រទះ។
មហាជនរងចាំមើលថាក្រោយតន់ ច័ន្ទសីម៉ា ត្រូវថៅកែឲ្យថតឡើងវិញបទ”Are You Ok?”នោះនាងនៅមានទស្សនិកជនរិះគន់ទៀតឬក៍ងាកមកគាំទ្រវិញ?