ភ្នំពេញ៖ទោះជាសូដា នីតា ព្រមានផងនិយាយពាក្យធ្ងន់ៗដាក់ឲ្យសឿ សុធារ៉ា ចត់បាយរឿងជំពាក់លុយជិត៤ម៉ឺនដុល្លារ មិនព្រមសងនោះយ៉ាងណាក៍សុធារ៉ា នៅតែមិនក្វល់ក្វាយយកលុយមកសងដែរ ហើយនាងថែមទាំងធ្វើឲ្យនីតា ចាត់ទុកថាមុខក្រាស់ទៀតផងព្រោះតែកាលពីពេលថ្មីៗនេះសុធារ៉ា សរសេរសំណេរថា”អ្នកដែលបង្កើតហេតុ អ្នកនិងទទួលបានផលទាំងនោះមកវិញ”។ចំណែកនៅលើProfile ហ្វេសបុករបស់សុធារ៉ា មានពាក្យថា”សូមទេវតា បរាមុខពួកអ្នកឲ្យវិនាស លុយគេ ញើសឈាមគេ អ្នកទួលរែក១០ជាតិ តកូនតចៅទៀតមិនអស់ផង”។សូដា នីតា វាចារយ៉ាងខ្លីចំពោះសុធារ៉ា ពេលនាងឃើញសំណេរទាំងនោះដោយថា”មុខក្រាស់ណាស់ ហ៊ានផុសចឹងទៀត”។តែសុធារ៉ា មិនតបឡើយ។



គូរបញ្ជាក់ថាសូដា នីតា ធ្លាប់ចេញសារអះអាងថានាងបានឲ្យលុយទៅសឿ សុធារ៉ា ខ្ចីចំនួនជិត៤ម៉ឺនដុល្លារព្រោះតែនាងតេមកអង្វរពេកដោយសារជំពាក់តុងទីនគេ ប៉ុន្ដែពេលដែលបានលុយនោះហើយនាងតេទៅភរិយាលោកមីដាដា រូបនេះនាងមិនព្រមលើកឡើយ។តែមានពេលខ្លះនាងបែជាតបថានាងកើតរោគចិត្ត មានប័ណ្ណពីពេទ្យបញ្ជាក់ទៀតផង ហើយនាងពិបាកចិត្តចង់សម្លាប់ខ្លួន ហេតុនេះហើយសូមនីតា បំភ្លេចលុយទាំងនោះទៅនាងគ្មានលទ្ធភាពសងនោះទេ។ក្រោយឃើញសារបស់សុធារ៉ា បែបនេះនីតា ផ្ដាំទៅប្រពន្ធលោកមីដាដា ថាបើនាងចង់សម្លាប់ខ្លួន(ព្រោះបំណុល)នាងនឹងចូលបុណ្យចំនួន១០០០ដុល្លារថែម ហើយបើនាងឆ្កួតមែនហ៊ានដើរស្រាតម្ដងនាងនឹងលុបបំណុលជិត៤ម៉ឺនដុល្លារនោះចោលទាំងអស់។ប៉ុន្ដែសុធារ៉ា នៅតែមិនព្រមរកដំណោះស្រាយទើបសូដា នីតា ព្រមានថាអាចនឹងមានដីការកោះហៅដល់កន្លែងថតតែម្ដង។



ថ្វីត្បិតតែសូដា នីតា ព្រមានសឿ សុធារ៉ា ចំៗថានឹងអាចប្ដឹងនាងឡើងតុលាការក្ដី តែរហូតមកដល់ពេលនេះតារាកូន២នៅតែមិនចូលខ្លួនមកដោះស្រាយរឿងលុយដែលជំពាក់សូដា នីតា នោះដដែលហើយតាមព័តមានថានាងកំពុងថតរឿងភាគបុរាណមួយឲ្យហង្សមាស។អ្វីដែលចម្លែកទោះជាពេលនេះសឿ សុធារ៉ា បានរងភាពអាម៉ាសពីការបកអាក្រាតរបស់សូដា នីតា យ៉ាងណាក៍ពេលនេះស្វាមីរបស់នាងលោកសាពួន មីដាដា នៅតែមិនទាន់ចេញមុខការពារកិត្តយសប្រពន្ធឬរកលុយសងសូដា នីតា ជំនួសភរិយារបស់លោកឡើយ៕



