ភ្នំពេញ៖ព្រាប សុវត្ថិ ដែលច្រៀងនៅGalaxyទើបបានជាង១ឆ្នាំពីចំនួនកុងត្រាដំបូងរយៈពេល៥ឆ្នាំនោះត្រូវបានទស្សនិកជនលើកឡើងថាកំពូលតារាចម្រៀងរូបនេះអាចប្រឈមទីផ្សារចម្រៀងជាមិនខានព្រោះថាទោះជាលោកនៅតែជាតួឯករបស់ផលិតកម្មថ្មីនេះមែន ប៉ុន្ដែបទចម្រៀងដែលមហាជននិយមគឺជាចម្រៀងរបស់លោកនៅហង្សមាសដដែលទោះជាបទនោះមានខ្លះចេញជាង១០ឆ្នាំទៅហើយក្ដី តែពួកគេនៅតែពេញចិត្ត។យ៉ាងណាចំពោះលោកព្រាប សុវត្ថិ វិញបង្ហាញថាលោកនៅតែពេញចិត្តនិងការធ្វើការជាមួយGalaxy តទៅទៀតព្រោះទំនាក់ទំនងរវាងលោកនិងថៅកែផលិតកម្មមួយនេះដូចជាបងប្អូនបង្កើតទៅហើយ។ព្រាប សុវត្ថិ និងភរិយារបស់លោកអ្នកស្រីឡុង ស្រីមុំ បានទៅចូលរួមមង្គលការប្អូនពៅថៅកែGalaxy នៅខេត្តព្រៃវែងកាលពីថ្ងៃទី៦ខែធ្នូ ហើយកំពូលតារាចម្រៀងរូបនេះត្រូវបានតារាប្រុសស្រីគោរពនិងនៅតែចាត់ទុកលោកថាជាតារាលំដាប់ជូមុខគេដូចមុន។
សំណួរដែលមហាជនលើកឡើងថាតើព្រាប សុវត្ថិ នឹងអាចបន្ដច្រៀងនៅGalaxyជិត៤ឆ្នាំទៀតរហូតដល់ចប់កុងត្រាឬអត់នោះផលិតកម្មមួយនេះធ្លាប់អះអាងពួកគេនឹងធ្វើការជាមួយលោកព្រាប សុវត្ថិ ដល់ទៅ១០ឆ្នាំថែមទៀតពោលគឺរហូតដល់ឆ្នាំ២០៣៥ឯណ្ណោះដែលពេលនោះព្រាប សុវត្ថិ នឹងឈានចូលអាយុ៦២ឆ្នាំ។ការប្រកាសចងជើងព្រាប សុវត្ថិ យូឆ្នាំបែបនេះត្រូវបានគេលើកឡើងថាព្រោះតែGalaxy ចង់លួងចិត្តដល់អ្នកគាំទ្ររបស់ខ្លួនថាកុំអាលអស់សង្ឃឹមរឿងព្រាប សុវត្ថិ ម៉េចបានមិនសូវល្បីខ្លាំងដូចនៅហង្សមាស តែផលិតកម្មមួយនេះចង់បញ្ជាក់ថាពួកគេធ្វើការជាមួយព្រាប សុវត្ថិ នៅយូឆ្នាំតទៅទៀតណាស់ហេតុនេះហើយគូកុំទាន់អាលវាយតម្លៃនៅពេលនេះ។
ព្រាប សុវត្ថិ នៅរយៈពេលចុងក្រោយនេះបានងាកមករកស៊ីផ្នែកអចលនទ្រព្យច្រើនជាងការងារសិល្បៈទើបមិនសូវមានបទចម្រៀងបុកលើទីផ្សារដូចមុននោះទេ ទើបធ្វើឲ្យលោកហាក់នៅទ្រឹង។ប៉ុន្ដែលោកកៅ សីហា អ្នកដឹកនាំសម្ដែងភាពយន្ដនិងMVនៅហង្សមាសធ្លាប់និយាយថាព្រាប សុវត្ថិ ល្បីឡើងហួសផុតគេអស់ទៅហើយ តើឲ្យលោកល្បីយ៉ាងម៉េចទៀតទៅ?ដោយឡែកអ្នកជំនាញសិល្បៈផ្សេងៗទៀតបានលើកឡើងថាGalaxyជាផលិតកម្មមានលុយ ហេតុនេះហើយគូតែទិញតារាស្រីដែលមានសម្ថភាពសាកសមជាមួយព្រាប សុវត្ថិ បន្ថែមពីលើនាងតន់ ច័ន្ទសីម៉ា នោះនឹងធ្វើឲ្យព្រាប សុវត្ថិ មានទីផ្សារចម្រៀងប្រែប្រួលថែមទៀតជាមិនខាន។តែបើរយៈពេល៥ឆ្នាំព្រាប សុវត្ថិ ច្រៀងតែជាមួយដៃគូតន់ ច័ន្ទសីម៉ា ម្នាក់គត់នោះលោកអាចនឹងចាញ់ប្រៀបលោកខេម ប៊ុនថៃ ដែលឈជើងនៅហង្សមាសមានដៃគូដូចសួនបុប្ផាចម្រុះព័ណតែម្ដង៕