ភ្នំពេញ៖អ្នកនាងចាន់ កែវនិមល បានវិលត្រឡប់មកចាប់អាជីពពិធីការិនីជាង២ខែវិញហើយ ក្រោយពីបានបណ្ដើរប្ដីនិងដឹកដៃកូនស្រីទៅទៅកម្សាន្ដនៅរដ្ឋម៉ាសាឈូសេត ទីក្រុងឡូវែល៍ សហរដ្ឋអាមេរិក អស់រយៈពេលជាង២ខែនៅថ្ងៃខួបកំណើតគម្រប់វ័យ៣៥ឆ្នាំរបស់នាងកាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១។អ្វីដែលទស្សនិកជនមួយចំនួនលើកឡើងថាអ្នកនាងនិមល នឹងអាចដើរចេញពីហង្សមាសព្រោះតែពិបាកធ្វើការនៅកន្លែងដែលនាងធ្លាប់ផ្ទុះរឿងអាស្រូវស្នេហាជាមួយលោកជា វិបុល ស្វាមីរបស់គង់ សុជាតិ នោះពេលនេះតារាកូន១នៅតែរៈនៅហង្សមាសដដែល ខណៈដែលថៅកែហង្សមាសបន្ដលើកស្ទួយនាងឡើងវិញតាមរយៈការផ្ដល់កម្មវិធីធំៗទៅឲ្យនិមល កាន់សារជាថ្មី បន្ទាប់ពីគេកត់សម្គាល់ថាកែវនិមល បានបាត់បង់កម្មវិធីល្អៗជាច្រើនក្រោយធ្លាយរឿងស្នេហាជាមួយលោកវិបុល កាលពីពាក់កណ្ដាលឆ្នាំ២០២០។
យ៉ាងណាថៅកែហង្សមាសនៅតែមិនអាចបំពេញសំណូមពរទស្សនិកជនមួយចំនួនដែលបានលើកឡើងថាចង់ឃើញចាន់ កែវនិមល និងលោកជា វិបុល ចាប់ដៃគ្នាឡើងវិញព្រោះតារាទាំង២ធ្វើការសង់តង់និងយល់ចិត្តគ្នាល្អនោះគឺនៅតែមិនអាចទៅរួចនោះទេព្រោះថាហង្សមាសខ្លាចផ្ទុះរឿងធំជាលើកទី២។ប្រភពបានឲ្យដឹងថាអ្វីដែលថៅកែហង្សមាសធ្វើនៅពេលនេះគឺឲ្យទាំងសងខាងមានសន្ដិភាពនោះគឺបើលែងឲ្យចាន់ កែវនិមល ចាប់ដៃជាមួយលោកជា វិបុល ប្រាកដជាធ្វើឲ្យសុជាតិ រីករាយ ហើយស្វាមីនិមល ក៍មិនមានការបារម្ភរឿងប្រពន្ធមានរឿងទៀតដែរ ហេតុនេះហើយទោះជាមានសំណើរយ៉ាងណាចង់ឲ្យនិមល ធ្វើដៃគូជាមួយលោកវិបុល សារជាថ្មីនោះគឺថៅកែនៅតែមិនហ៊ានប្រថុយដាក់ឲ្យពួកគេនៅក្បែរគ្នាម្ដងទៀតឡើយ។
សូមបញ្ជាក់ថាចាន់ កែវនិមល បានឡើងឋានៈជា”ជំទាវ”បន្ទាប់ពីស្វាមីរបស់នាងលោកសូវ៉ាត សីលា មានតួនាទីជាឯកឧត្តម ហើយអ្វីដែលកែវនិមល ស្រលាញ់ប្ដីខ្លាំងបំផុតនោះគឺទោះជានាងមានរឿងអ្វីក៍ដោយក៍ប្ដីនៅតែផ្ដល់ទំនុកចិត្តលើនាងគ្រប់ពេលវេលាទាំងអស់។ដើម្បីបង្ហាញទៅទស្សនិកជនថាចំណងស្នេហាគ្មានភាពប្រេះស្រាំនោះកែវនិមល និងប្ដីឯកឧត្តមរៀបគម្រោងយកកូនភ្លោះ តែពេលនេះពិធីការិនីដែលសម្បូរវោហារស័ព្ទរូបនេះមិនទាន់ឃើញពពោះឡើយ។ ក្រៅពីចាន់ កែវនិមល អតីតនិងតារាដែលឡើងងារជំទាវមានដូចជាស្រីតូច ចំណាន,ឱក បូរី, ពេជ្រ ច័ន្ទបរមី ,លី យ៉ាណា,ផាន់ ម៉ូនីកា ,នៅ សុនិតា និងស៊ឹម សូលីកា ជាដើម៕