Monday, November 18, 2024
Homeព័ត៌មានជាតិមួយ​ឆ្នាំ​មាន​ម្តង ទិដ្ឋ​ភាព​ក្រោយ​ចប់ បុណ្យ​អុំទូក

មួយ​ឆ្នាំ​មាន​ម្តង ទិដ្ឋ​ភាព​ក្រោយ​ចប់ បុណ្យ​អុំទូក

ភ្នំពេញ  ព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក ដែលបាន ប្រព្រឹត្តទៅអស់រយៈពេល៣ថ្ងៃ ដោយមានប្រជាពលរដ្ឋខ្មែរមកពីបណ្តាខេត្តនានាទូទាំងប្រទេស កម្ពុជា ចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករ នោះ បានបញ្ចប់ដោយជោគជ័យទៅហើយ កាល ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ប៉ុន្តែបន្ទាប់ ពីពិធីបុណ្យប្រពៃណីជាតិដ៏ធំនេះ បានបញ្ចប់ ទៅក៏បានបន្សល់នូវទិដ្ឋភាពដែលអាជ្ញាធរឈឺ ក្បាល គឺសំរាមពាសវាលពាសកាល ដោយសារ តែប្រជាពលរដ្ឋមួយចំនួន មិនបោះបង់ទម្លាក់ អាក្រក់នៃការចោលសំរាមគ្មានរបៀបរៀបរយ។

ba-cheatvong

លោកគួច ចំរើន អភិបាលខណ្ឌដូនពេញ ជាមន្ត្រីមួយរូបដែលប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅតែងមើលឃើញ និងកោតសរសើរ ចំពោះមនសិការក្នុងការបំពេញការងាររបស់ លោកក្នុងការរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន នោះ លោកបានសរសេរដោយការហួសចិត្តនៅ ក្នុងទំព័រហ្វេសប៊ុករបស់លោកអមជាមួយរូបភាពការចោលសំរាមរាយប៉ាយលើសួនច្បារ សាធារណៈក្នុងព្រះរាជពិធីបុណ្យអុំទូកនោះ កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា ស្លាកនៅដោយស្លាក មនុស្សនៅដោយមនុស្ស ស្មៅនៅដោយស្មៅ សំរាមនៅដោយសំរាម រាយប៉ាយពេញលើសួនច្បារ។ ខ្ញុំសួរគាត់ថា បង បានមើលផ្លាកទេ? គាត់ឆ្លើយថា ពូអើយ! មួយ ឆ្នាំម្តងទេ។ ខ្ញុំដើរចេញស្អាត

cheat

ដោយឡែក កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ត្រូវនឹងយប់ទី១ នៃព្រះរាជពិធីបុណ្យអុំទូក លោក គួច ចំរើន បានសរសេរនៅលើទំព័រហ្វេសប៊ុក របស់លោកថា យប់នេះខ្ញុំចុះមើលការទុកដាក់ សំរាម ឃើញថាភាគច្រើន គឺប្រជាជនយើងបាន យកមកដាក់នៅតាមកញ្ឆោដែលបានតម្រៀបទុក រហូតពេញហៀរទៀតផង បញ្ជាក់ថា កញ្ឆោ យើងដាក់មិនទាន់គ្រប់ទេ តែកន្លែងអង្គុយញ៉ាំ នានា នៅតែពង្រាយនៅក្រោមតុ ឬក្បែរកន្លែង អង្គុយដដែល។ ទោះបីមានសំរាមក្រៅកញ្ឆោ គឺដោយសារពេញដាក់ទៀតលែងបាន ទើបហៀរ គឺត្រូវបន្ថែមកញ្ឆោថែមទៀត

cheat3

តាមការបញ្ជាក់ឱ្យដឹងពីមន្ត្រីសាលារាជធានីភ្នំពេញ ប្រជាពលរដ្ឋដែលបានចូលរួមកម្សាន្ត សប្បាយនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បាន បន្សល់ទុកសំរាមនៅតាមសួនច្បារ និងទីសាធារណៈនានា ប្រមាណជាង២ពាន់តោនក្នុងមួយ យប់ៗ ដែលតម្រូវឱ្យកម្លាំងខាងផ្នែកអនាម័យ ត្រូវទទួលបន្ទុកការងារស្ទើរមួយទ្វេជាពីរ។

លោកមាន ចាន់យ៉ាដា អ្នកនាំពាក្យសាលា ដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់ថ្ងៃ ធម្មតា ប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ ដែលមានចំនួនប្រមាណជិត២លាននាក់ បាន ផលិតសំរាមក្នុងមួយថ្ងៃ ប្រមាណជាង១ពាន់ តោន ប៉ុន្តែសម្រាប់ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ ២០១៦ នេះ មានប្រជាពលរដ្ឋមកពីបណ្តាខេត្ត នានា ប្រមាណជាង៥០ម៉ឺនទៅជាង១លាននាក់ ដែលបានមកប្រមូលផ្តុំនៅរាជធានីភ្នំពេញ ដើម្បី ដើរកម្សាន្ត  ដោយប្រជាពលរដ្ឋទាំងនោះ បាន ផលិតសំរាមក្នុងមួយថ្ងៃ ប្រមាណជាង២ពាន់ តោនឯណោះ។

cheat2

លោកសំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ រាជធានីភ្នំពេញ បានឱ្យដឹងថា នៅ ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ អង្គភាពសួន ច្បារមានកម្មករចំនួន២៩០នាក់ ក្នុងនោះកម្មករ សម្រាប់បោសសម្អាតមានចំនួន១៧៧នាក់ កម្មករកើបសំរាមចំនួន៥៣នាក់ រថយន្ត៧គ្រឿង អ្នកបើកបរ១០នាក់ កម្មករសម្អាតបង្គន់ ៣០ នាក់ និងសន្តិសុខសួនចំនួន២០នាក់។ ប៉ុន្តែនៅ ក្រោយចប់ពិធីបុណ្យអុំទូក ចន្លោះពីមួយយប់ ទៅមួយយប់ សំរាមនៅតែជាបញ្ហាចោទ ដោយ សារតែប្រជាពលរដ្ឋមួយចំនួន បានបោះចោល សំរាមពាសវាលពាសកាលមិនបានដាក់បញ្ចូល ក្នុងធុង ឬកញ្ឆោសំរាម ត្រឹមត្រូវនោះទេ ហេតុ នេះ កម្មករបោសសម្អាតត្រូវបំពេញការងារចាប់ ពីម៉ោង១១យប់ រហូតដល់ម៉ោង៦ព្រឹក ទើប ធ្វើឱ្យសួនច្បារ និងទីសាធារណៈនានាបានស្អាត ឡើងវិញ។

king-water-6

គួរបញ្ជាក់ថា នៅក្នុងព្រះរាជពិធីបុណ្យ អុំទូក ឆ្នាំ២០១៦ នេះ អង្គភាពសួនច្បារ រួម និងក្រុមហ៊ុនស៊ីនទ្រី បានត្រៀមកម្លាំងកម្មករ ប្រមាណ៦០០នាក់ និងរថយន្តចំនួន៥៦គ្រឿង  ដើម្បីធ្វើការបោសសម្អាត និងដាក់វេនប្រចាំការ ដេកតាមសួនច្បារនានា រង់ចាំប្រជាពលរដ្ឋ ហូបចុកចំណីអាហារ កម្សាន្តសប្បាយរួច ទើប រៀបចំបោសសម្អាត ធ្វើឱ្យសោភ័ណភាព និង អនាម័យតាមទីសាធារណៈក្នុងរាជធានីភ្នំពេញ វិលមករកភាពល្អប្រក្រតីវិញ។

ដោយឡែកយោងតាមទំព័រហ្វេសប៊ុក របស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យ ដឹងថា កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបន្តដឹកនាំប្រជុំបូកសរុបការងារថ្ងៃទី២ និង ដាក់ផែនការសម្រាប់ថ្ងៃទី៣ នៃព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

cheat1

ក្នុងកិច្ចប្រជុំក៏បានលើកយកស្ថានភាពនៃ ការគ្រប់គ្រងសណ្តាប់ធ្នាប់ អនាម័យ សន្តិសុខ ចរាចរណ៍ ការលក់ដូររបស់អាជីវករតាមដងផ្លូវ មកពិភាក្សាផងដែរ ហើយអភិបាលរាជធានីភ្នំពេញ បានឱ្យអង្គប្រជុំលើកយកសំណូមពរ នានា ព្រមទាំងដាក់ផែនការឱ្យកងកម្លាំងសមត្ថកិច្ច ពង្រឹងសន្តិសុខ សុវត្ថិភាពតាមគោលដៅ ខណៈដែលប្រជាពលរដ្ឋមកកម្សាន្តក្នុងពិធីបុណ្យ អុំទូកមានការកើនឡើងបន្តពង្រឹងសណ្តាប់ធ្នាប់ ការគ្រប់គ្រងទីតាំង កន្លែងកម្សាន្ត ការបន្ថែម រថយន្តដឹកសំរាម ព្រោះសំរាមមានការកើនឡើង រួមទាំងការបន្តត្រួតពិនិត្យ បង្គោលភ្លើងបំភ្លឺ សាធារណៈ។

លោកអភិបាលរាជធានី ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់ស្ថាប័នពាក់ព័ន្ធ និងសូមឱ្យ បន្តការខិតខំបន្ថែមទៀត ដើម្បីសុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋដែលមកលំហែកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទុកឆ្នាំនេះ

ជាមួយនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងតាមរយៈទំព័រ ហ្វេសប៊ុកផ្លូវការរបស់សម្តេច កាលពីព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា ថ្ងៃនេះជាថ្ងៃ ចុងក្រោយ នៃព្រះរាជពីធីបុណ្យអុំទូក បណ្តែត ប្រទីប សំពះព្រះខែ អកអំបុក។ សូមបងប្អូន ជនរួមជាតិ បន្តការសប្បាយរីករាយជាមួយការ យកចិត្តទុកដាក់លើសុវត្ថិភាពគ្រប់ផ្នែក ទាំង បុគ្គល ទាំងជាក្រុមទូកមកពីវត្ត តាមភូមិឃុំ ពិសេសយកចិត្តទុកដាក់លើអនាម័យ។ តាម ទម្លាប់ ទូកដែលនៅជិត ចេញដំណើត្រឡប់ទៅ មូលដ្ឋានវិញនៅល្ងាចនេះ ឯទូកនៅខេត្តឆ្ងាយ ចេញដំណើរនៅក្បែរភ្លឺ ឬព្រឹកស្អែក។ សូមបងប្អូនយកចិត្តទុកដាក់លើសុវត្ថិភាពនៃការធ្វើដំណើរ ពិសេសកុំជិះលើកាណូតដែលសណ្តោង ទូកធ្ងន់លើសចំណុះ ដែលនាំដល់គ្រោះថ្នាក់ ជាយថាហេតុ។ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សង្គម ដើម្បីធានាសុវត្ថិភាពសម្រាប់ប្រជាជន ទូទៅ៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES