ភ្នំពេញ ៖ ស្ត្រីម្នាក់ មានវាសនាអភ័ព្វ កំពុងមានផ្ទៃពោះ ជិតគ្រប់ខែ បែរជាប្តីហេងស៊យ ដោះដៃ រត់ចោលបាត់ ទុកឱ្យនាងសម្រាលកូនតែម្នាក់ឯង កូនមិនគ្រប់គីឡូ ត្រូវបានគ្រូពេទ្យដឹកបញ្ជូនទៅចិញ្ចឹមក្នុងកែវ នៅឯមន្ទីរ ពេទ្យកុមារជាតិ ខណៈស្ត្រីអភ័ព្វជាម្តាយ គ្មានលុយកាក់សូម្បី ១រៀល ជាប់ខ្លួន បានអ្នកជិតខាង និងម្ចាស់បន្ទប់ជួល យកបាយទឹកមកឲ្យ។

ស្ត្រីអភ័ព្វ ប្តីរត់ចោល សម្រាលកូនតែឯង មានឈ្មោះ សឿង សារ៉ា អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិពោធិ៍រៀង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ ស្ត្រីរូបនេះ សម្រាលបានកូនប្រុសម្នាក់ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នារីឈ្មោះ សឿង សារ៉ា កន្លងមក បានរួមរស់ជាមួយប្តី នៅក្នុងបន្ទប់ជួល ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លុះកាលពីពេលថ្មីៗនេះ ខណៈដែលប្រពន្ធពោះធំជិតគ្រប់ខែ ស្រាប់តែបុរសជាប្តី ខ្វះការទទួលខុសត្រូវ បានដោះដៃ រត់ចោលនាងជាប្រពន្ធបាត់ ទុកឱ្យនាងស្ពាយពោះតែឯង ទាំងគ្មានលុយកាក់ជាប់ខ្លួន ដើម្បីត្រៀមសម្រាលកូនឡើយ។

រហូតមកដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នាងសឿង សារ៉ា ស្រាប់តែឈឺពោះសម្រាលកូន និងត្រូវបានម្ចាស់ផ្ទះជួល រួមទាំងអ្នកជិតខាង ជួយគ្នាដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ដើម្បីឱ្យគ្រូពេទ្យជួយសម្រាល ហើយក៏សម្រាលបានកូនប្រុសម្នាក់ ប៉ុន្តែកូនប្រុសនោះ មិនគ្រប់គីឡូ ទើបត្រូវបានគ្រូពេទ្យបញ្ជូនទៅចិញ្ចឹមក្នុងកែវ នៅមន្ទីរពេទ្យកុមាជាតិ ខណៈស្ត្រីជាម្តាយ ដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យ គ្មានលុយ ១រៀល ជាប់ខ្លួន តែបានម្ចាស់ផ្ទះជួលចិត្តធម៌សប្បុរស យកបាយទឹកមកឱ្យហូប៕