ប្រធានកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បានជួបគណៈប្រតិភូសមាជិកសភាជាន់ទាបបារាំងកាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងក្តីសង្ឃឹមថាប្រទេសបារាំង រួមជាមួយនឹងសមាជិកសហភាពអឺរ៉ុបផ្សេងទៀត ជួយធានាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ចំពេលមានការកើនឡើងនៃឥទ្ធិពលរបស់ចិន។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុនក្យូដូកាលពីថ្ងៃព្រហស្បតិ៍ទី ១៦ ធ្នូ ២០២១ ។លោកស្រីTsaiបាននិយាយថានៅពេលដែលលទ្ធិផ្តាច់ការកំពុងកើនឡើងនៅជុំវិញពិភពលោកវាមានសារៈសំខាន់ជាងពេលណាទាំងអស់ដែលដៃគូប្រជាធិបតេយ្យធ្វើការជាមួយគ្នា។លោកស្រីក៏បានធ្វើការកត់សម្គាល់ផងដែរថា ឆ្នាំនេះមានការរីកចំរើនក្នុងទំនាក់ទំនងរវាងតៃវ៉ាន់ និងបារាំង ខណៈដែលសភាជាន់ទាប និងជាន់ខ្ពស់បានជួបគ្នា កាលពីឧសភានិងវិច្ឆិកានិងបានអនុម័តច្បាប់ដំណោះស្រាយ គាំទ្រដល់ការចូលរួមរបស់កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងនៅក្នុងអង្គការអន្តរជាតិ។

លោកFrancois de Rugyមេដឹកនាំគណៈប្រតិភូដែលមានសមាជិកនៃក្រុមមិត្តភាពសភាបារាំង-តៃវ៉ាន់នៅក្នុងសភាជាន់ទាបបានប្រាប់លោកស្រី Tsai ថាតៃវ៉ាន់និងបារាំងត្រូវបានគេរំពឹងថានឹងធ្វើកិច្ចសហប្រតិបត្តិការស៊ីជម្រៅនិងយកចិត្តទុកដាក់ចំពោះបញ្ហាទាក់ទងនឹងសន្តិភាពក្នុងតំបន់។លោក De Rugy ក៏បាននិយាយផងដែរថា លោកសង្ឃឹមថា ប្រទេសបារាំងនិងតៃវ៉ាន់ អភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង ជាពិសេសរវាងសេដ្ឋកិច្ចរបស់ពួកគេ និងក្នុងវិស័យដូចជា ផលិតកម្ម semiconductor និងថាមពលកកើតឡើងវិញ។

គណៈប្រតិភូបារាំងបានមកដល់កោះតៃវ៉ាន់កាលពីថ្ងៃពុធសម្រាប់ដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃ គ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីលោក Su Tseng-chang ប្រធានសភានីតិប្បញ្ញត្តិ លោកYou Si-kun និងរដ្ឋមន្ត្រីការបរទេសលោក Joseph Wu នៅថ្ងៃព្រហស្បត្តិ៍៕