Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិលោកមូនជេអ៊ីនលើកលែងទោសអតីតប្រធានាធិបតីពុករលួយប៉ាកហ្គឺនហេ

លោកមូនជេអ៊ីនលើកលែងទោសអតីតប្រធានាធិបតីពុករលួយប៉ាកហ្គឺនហេ

កាលពីថ្ងៃទី ២៤ ធ្នូ ២០២១ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីនបានប្រកាសលើកលែងទោសលោកស្រី ប៉ាក ហ្គឺនហេអតីតប្រធានាធិបតីកូរ៉េខាងត្បូង ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២២ឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃនេះ។តាមបញ្ជីឈ្មោះនៃអ្នកដែលត្រូវបានលើកឡើងទោស និងដោះលែងឱ្យមានសេរីភាពនៅក្នុងឱកាសឆ្នាំថ្មីខាងមុខមានចំនួន ៣០៩៤នាក់ ។ការលើកលែងទោសនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកPark Beom-Kye ប្រាប់សន្និសីទខ្លីមួយថា យើងបានរួម​បញ្ចូលអតីតប្រធានាធិបតី លោកស្រីប៉ាក ដើម្បីយកឈ្នះលើអតីតកាលដ៏អកុសល ការរួបរួមរបស់ប្រជាជន ឯកភាពជាតិ និងផ្តល់ឱកាសដើម្បីបោះជំហានថ្មីឆ្ពោះទៅអនាគត” ។ ម្យ៉ាងវិញទៀតការលើកលែង​ទោសលើអតីតប្រធានា​ធិបតីរូបនេះ ក៏ធ្វើឡើងដោយផ្អែកលើហេតុផលសុខភាពផងដែរ។ នៅក្នុងឆ្នាំ២០២១នេះអ្នកស្រីប៉ាក​ត្រូវបានបញ្ជូនទៅមន្ទីរ​ពេទ្យចំនួន​៣លើក ដោយសារជំងឺឈឺស្មា និងខ្នងរាំរ៉ៃ ហើយ ឆ្នាំ២០១៩ក៏បានទទួលការវះកាត់ស្មាថែមទៀត។ 

យ៉ាងណាមិញ អតីតប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់ គឺ លោក លី ម្យុងបាក់ ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១៧ឆ្នាំ មិនត្រូវបានលើកលែងទោសឡើយ។ ក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្រ្តីយុត្តិធម៌កូរ៉េខាងត្បូង លោក Park Beom-kye បានអះអាងថា ស្ថានភាពក្នុងការលើកឡើងទោស រវាងអ្នកស្រី ប៉ាក និងលោក លី គឺខុសគ្នា ប៉ុន្តែរដ្ឋាភិបាល នឹងពិនិត្យ​បន្ថែម​ទៀតលើការលើកលែងទោសនោះ។

សារព័ត៌មានខាងលើបានអោយដឹងទៀតថាលោកស្រី ប៉ាក ហ្គឺនហេត្រូវបានតុលាការកូរ៉េខាងត្បូងកាត់​ទោសឱ្យជាប់ពន្ធនា​គាររយៈពេល ២២ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៧ មក បន្ទាប់ពីលោកស្រីត្រូវបានដកចេញពីតំណែង ពីបទអំពើពុករលួយនិង​ទទួល​សំណូកជាប្រាក់ច្រើនលានដុល្លារ។ ដំបូងឡើយ លោកស្រីប៉ាក ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារសរុបចំនួន 30 ឆ្នាំ និង​ពិន័យជាប្រាក់ជាង១៦,៨ លានដុល្លារ ប៉ុន្តែក្រោយមកតុលាការជាន់ខ្ពស់បានកាត់បន្ថយការផាកពិន័យ និងទោស​មកនៅ​ត្រឹម 15 ឆ្នាំសម្រាប់អំពើពុករលួយ និងទោស៧ឆ្នាំ ផ្សេងទៀតសម្រាប់ការបំពានអំណាច។

 ជាមួយគ្នានេះដែរនាយករដ្ឋមន្ត្រីស្ត្រីទីមួយរបស់ប្រទេសកូរ៉េខាងត្បូងលោក Han Myeong-sook ដែលបានជាប់ពន្ធនាគាររយៈ​ពេលពីរឆ្នាំពីឆ្នាំ 2015-2017 ពីបទស៊ីសំណូកក៏ត្រូវបានដោះលែងដោយរដ្ឋាភិបាលកាលពីថ្ងៃសុក្រផងដែរ។ការប្រកាសនេះ​បានធ្វើឱ្យមានការភ្ញាក់ផ្អើល ខណៈដែលលោកប្រធានាធិបតី មូជេ អ៊ីន ធ្លាប់បានច្រានចោលការលើកលែងទោស។អ្នកតាមដាននយោបាយកូរ៉េខាងត្បូង បានរំពឹងថា ការដោះលែងអ្នកស្រីប៉ាក ហ្គឺន ហេ នឹងជះឥទ្ធិពលដល់ការបោះ​ឆ្នោតប្រ​ធានា​ធិបតីកូរ៉េខាងត្បូងដែលនឹងប្រព្រឹត្តទៅ នៅខែមីនា ខាងមុខ៕

RELATED ARTICLES