ភ្នំពេញ៖ឱក សុគន្ធកញ្ញា បានអាកខានថតសម្ដែងភាពយន្ដរឿង”ខ្ញុំមានញាណលើស”ព្រោះតែពេលនោះនាងកំពុងពពោះទើបតំណែងតួឯកស្រីត្រូវដាក់ជំនួសដោយអ្នកនាងសុខ ស្រីនាង ។យ៉ាងណាក្រោយមានកូនប្រុសអាយុជាង២ឆ្នាំមកនេះសុគន្ធកញ្ញា ដែលប្រឹងហាត់ប្រាណ និងសម្រករាងឡើងវិញនោះមានព័តមានថានាងនឹងត្រៀមថតភាពយន្ដជាលើកដំបូងឲ្យផលិតកម្មរបស់បងថ្លៃនាងហង្សមាសដោយចាប់ដៃជាមួយលោកខេមរៈ សិរីមន្ដ ដើម្បីឲ្យទីផ្សារសិល្បៈរបស់នាងកម្រើកឡើងវិញព្រោះតែក្រោយពីនាងមានប្ដី និងកូននេះគេសង្កេតឃើញថាទីផ្សារសិល្បៈរបស់នាងមិនសូវមានសន្ទុះខ្លាំងក្លាដូចមុននោះទេ។ប៉ុន្ដែការថតសម្ដែងកុនលើកទី១របស់សុគន្ធកញ្ញា នោះនៅតែត្រូវពន្យាពេលដដែលគឺរហូតមកដល់ពេលនេះមិនទាន់ចេញជារូបរាងឡើយបើទោះជាដំណឹងនេះលេចឭជាង១ឆ្នាំក្ដី ខណៈដែលលោកខេមរៈ សិរីមន្ដ ពេលនេះមហាញឹកកាន់តែច្រើនទៅលើមុខជំនួញផ្នែកអចលនទ្រព្យរបស់លោកទើបធ្វើឲ្យឱកាសដែលតារាប្រុសស្រីទាំង២ដួងត្រូវចាប់ដៃគ្នាថតភាពយន្ដនៅតែបន្ដអូសក្រឡាតទៅទៀត។
តារាភាពយន្ដជើងចាស់អ្នកស្រីឌី សាវ៉េត ធ្លាប់និយាយថាឱក សុគន្ធកញ្ញា មិនត្រឹមតែជោគជ័យផ្នែកអាជីពចម្រៀងនោះទេ ប៉ុន្ដែសម្ថភាពនិងទេពកោសល្យរបស់នាងអាចធ្វើជាតួឯកក្នុងភាពយន្ដបាន។លោកស្រីក៍បានអះអាងថាសុគន្ធកញ្ញា ជាតារាម្នាក់ដែលមានសំណាងណាស់ព្រោះបានក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស ដែលជាផលិតកម្មបណ្ដុំទៅដោយសិល្បៈជាច្រើនទម្រង់។
ក្រៅពីត្រៀមធ្វើជាតួឯកក្នុងភាពយន្ដខ្នាតធំរបស់បងថ្លៃនាងនោះទេតែឱក សុគន្ធកញ្ញា ក៍ត្រូវស្វាមីនាងកំពុងតែរៀបឲ្យឡើងអង្គុយកៅអីរ៉ាប់រងតំណែងជាគណៈកម្មាការនិងគ្រូបង្វឹកពីកម្មវិធីប្រលងចម្រៀងធំដល់ទៅ៤ផ្សេងគ្នានៅរដូវកាលថ្មីនេះគឺThe Voice Cambodia, The Voice Kids Cambodia ,Cambodian Idol និងX Factor Cambodia ផងដែរ។ការលេចមុខពីកម្មវិធីដែលដឹកនាំដោយស្វាមីនាងខាងលើនេះស្ទើតែអាចធានាបាននូវសុវត្ថិភាពថាសុគន្ធកញ្ញា នឹងមិនប្រឈមធ្លាក់ចុះនៅពេលមានស្វាមីនិងកូននេះដូចតារាមួយចំនួនទៀតឡើយ បើទោះជាពេលនេះនាងមិនសូវមានបទផ្ទុះខ្លាំងដូចមុនក្ដី។
មជ្ឈដ្ឋានមហាជនបានលើកឡើងថាប្រសិនបើឱក សុគន្ធកញ្ញា ចាប់ដៃលោកខេមរៈ សិរីមន្ដ សម្ដែងភាពយន្ដខ្នាតធំនិងរឿងភាគនៅហង្សមាសនោះនឹងធ្វើឲ្យទីផ្សារសិល្បៈរបស់តារា១គូនេះនឹងកាន់តែត្រូវបានមហាជនចាប់អារម្មណ៍និងបន្ដតាមដានថែមទៀតជាមិនខានព្រោះបច្ចុប្បន្នតារាទាំង២ដួងកំពុងតែស្ថិតក្នុងចំណោមអ្នកចម្រៀងលំដាប់ជូមុខគេរបស់ផលិតកម្មធំនេះដូចគ្នា៕