លោក Napadej Dhupatemiya អគ្គមេបញ្ជាការ កងទ័ពអាកាសបាននិយាយថា កងទ័ពអាកាសថៃកំពុងសម្លឹងមើលការទិញយន្តហោះចម្បាំងបំបាំងកាយF-35ផលិតដោយសហរដ្ឋអាមេរិកចំនួនប្រាំបីគ្រឿងដែលជាយន្តហោះចម្បាំងទំនើបបំផុតរបស់ពិភពលោកដើម្បីពង្រឹងវិស័យការការពារជាតិ។នេះបើយោងតាមការចេញផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍កាលពីថ្ងៃសុក្រទី ៣១ធ្នូ ២០២១។Napadej Dhupatemiya បាននិយាយថា កងទ័ពអាកាសត្រូវការយន្តហោះចម្បាំងថ្មី ខណៈដែលយន្តហោះF-5និងF-16បានដំណើរការអស់រយៈពេលជាងបីទសវត្សរ៍មកហើយ។អាយុកាលយន្តហោះ ថ្លៃថែទាំ និងហានិភ័យសុវត្ថិភាពទំនងជាកើនឡើង។
លោកបានបន្តថា យន្តហោះចម្បាំង F-35 ដែលផលិតដោយក្រុមហ៊ុនការពារជាតិយក្សអាមេរិក LockheedMartinបានលេចចេញជាជម្រើសដ៏ល្អបំផុតនៅពេលនេះ ដែលតម្លៃយន្តហោះនេះធ្លាក់ចុះមកត្រឹម 82 លានដុល្លារពី142លានដុល្លារនៅពេលម៉ូដែលនេះវាយលុកទីផ្សារដំបូង។ACM Napadej បានធ្វើការប្រៀបធៀបយន្តហោះSaab Gripen ផលិតនៅប្រទេសស៊ុយអែតថ្មី មានតម្លៃ 85 លានដុល្លារក្នុងមួយគ្រឿង មានន័យថាផលិតផលរបស់ក្រុមហ៊ុន Lockheed Martin គឺមិនថ្លៃពេកនោះទេ។ លោកបាននិយាយថា វាអាស្រ័យលើការចរចាហើយតម្លៃរបស់ F-35 អាចធ្លាក់ចុះមកនៅត្រឹមជាង 70 លានដុល្លារក្នុងមួយគ្រឿង។
ជាមួយគ្នានេះដែរលោក Napadej ក៏បានអោយដឹងទៀតថា ថា ផែនការថវិកាសម្រាប់គម្រោងទិញយន្តហោះ F-35 នឹងត្រូវបានផ្តួចផ្តើមក្នុងឆ្នាំសារពើពន្ធ 2023 ដែលបានចាប់ផ្តើមនៅក្នុងខែតុលា ហើយកងទ័ពអាកាសត្រូវបានរៀបចំដើម្បីឆ្លើយសំណួរទាំងអស់ប្រសិនបើវាជ្រើសរើសដើម្បីបន្តការទិញ៕