កាលពីថ្ងៃចន្ទទី ៣ មករា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីនបានប្តេជ្ញាថានឹងប្រើប្រាស់រយៈពេលប៉ុន្មានខែចុងក្រោ យរបស់គាត់ក្នុងតំណែងដើម្បីជំរុញឱ្យមានដំណើរការការទូតជាមួយកូរ៉េខាងជើងទោះបីជាមានភាពស្ងៀមស្ងាត់ជាសាធារណៈពីទីក្រុងព្យុងយ៉ាងជុំវិញការប៉ុនប៉ងរបស់គាត់សម្រាប់ការប្រកាសសន្តិភាពរវាងភាគីទាំងពីរក៏ដោយ។នេះបើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ នៅក្នុងសុន្ទរកថាឆ្នាំថ្មីចុងក្រោយមុននឹងបញ្ចប់អាណត្តិ៥ឆ្នាំនៅខែឧសភា ខាងមុខនេះ លោកមូនបានបញ្ជាក់ថា រដ្ឋាភិបាលនឹងបន្តធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនង អន្តរកូរ៉េដែលប្រេះស្រាំត្រឡប់ទៅកាន់សន្តិភាពរហូតដល់ទីបញ្ចប់។លោកបានបន្តថាខ្ញុំសង្ឃឹមថាកិច្ចខិតខំប្រឹងប្រែងសម្រាប់ការសន្ទនានឹងបន្តនៅក្នុងរដ្ឋបាលបន្ទាប់ផងដែរ។
លោកមូនធ្លាប់បានធ្វើកិច្ចប្រជុំកំពូលជាច្រើនលើករួចមកហើយជាមួយលោកគីម ជុងអ៊ុន រួមទាំងកិច្ចប្រជុំម្តងនៅទីក្រុងព្យុងយ៉ាង ក្នុងអំឡុងពេលការចរចារដ៏រង្គោះរង្គើនៅក្នុងឆ្នាំ 2018 និង 2019មុនពេលកិច្ចចរចាបានជាប់គាំងចំពេលមានការខ្វែងគំនិតគ្នាលើការទាមទាររបស់អន្តរជាតិស្នើសុំអោយកូរ៉េខាងជើងប្រគល់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន និងការអំពាវនាវរបស់ទីក្រុងព្យុងយ៉ាងសុំឱ្យទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូលបន្ធូរបន្ថយទណ្ឌកម្មនិងទម្លាក់ គោលនយោបាយអរិភាពផ្សេងទៀត។ជាមួយគ្នានេះដែរលោកមូន ជេអ៊ីនក៏កំពុងជំរុញឱ្យមាន ការបញ្ចប់នៃការប្រកាសសង្រ្គាមដែលជាមធ្យោបាយមួយដើម្បីចាប់ផ្តើមការចរចារដែលជាប់គាំង។ ទោះជាយ៉ាងណាក្តីលោកទទួលស្គាល់ថា ជាការពិតវាស្ថិតនៅកំណាត់ផ្លូវវែងឆ្ងាយដើម្បីដើរទៅមុខ ប៉ុន្តែបានលើកឡើងថា ប្រសិនបើទំនាក់ទំនងអន្តរកូរ៉េប្រសើរឡើង សហគមន៍អន្តរជាតិនឹងធ្វើតាម។
ចំណែកឯសុន្ទរកថារបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង អ៊ុនវិញមិនបាននិយាយអំពីការអំពាវនាវរបស់លោកមូន ជេអ៊ីនសម្រាប់ការប្រកាសជាផ្លូវការនៃការបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ1950ដល់ឆ្នាំ1953ឬអំពីការជាប់គាំងកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនោះទេ។ផ្ទុយទៅវិញលោកបាននិយាយពីសន្តិសុខស្បៀង ការអភិវឌ្ឍន៍សេដ្ឋកិច្ច កសិកម្ម ដើម្បីកែប្រែកម្រិតជីវភាពពលរដ្ឋរបស់ខ្លួន ហើយមិនបានលើកឡើងពីអាវុធនុយក្លេអ៊ែនោះទេ៕