មន្ត្រីការិយាល័យប្រធានាធិបតីកាហ្សាក់ស្ថាន បាននិយាយថាលោក Kassym-JomartTokaevយល់ព្រម ទទួលយកការលាលែងពីតំណែងរបស់រដ្ឋាភិបាលកាលពីថ្ងៃពុធបន្ទាប់ពីការតវ៉ាដោយហិង្សាប្រឆាំងទៅនឹងការដំឡើងថ្លៃប្រេងឥន្ធនៈដែលការតវ៉ានេះបានធ្វើឱ្យកក្រើកប្រទេសអាស៊ីកណ្តាលដែលសម្បូរប្រេងមួយនេះ។ ប្រទេសនេះត្រូវបានគេចាត់ទុកថាជាប្រទេសនាំចេញឧស្ម័នគ្រប់ប្រភេទកំពូលទាំងដប់ និងកំពូលទាំង២០ក្នុងការនាំចេញប្រេង។
ការតវ៉ាបានចាប់ផ្តើមនៅក្នុងខេត្ត Mangistau កាលពីថ្ងៃអាទិត្យបន្ទាប់ពីតម្លៃប្រេង ដែលជាឥន្ធនៈរថយន្តដ៏ពេញនិយមបានកើនឡើងទ្វេដង។ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់បែកដៃកាលពីល្ងាចថ្ងៃអង្គារដើម្បីបណ្តេញបាតុកររាប់រយនាក់ចេញពីទីលានសំខាន់ក្នុងទីក្រុងAlmatyដែលជាទីក្រុងធំបំផុតរបស់អតីតសាធារណរដ្ឋសូវៀតហើយការប៉ះទង្គិចគ្នាអស់រយៈពេលជាច្រើនម៉ោងនៅក្នុងតំបន់ក្បែរនោះ។
ថ្លែងទៅកាន់សមាជិកគណៈរដ្ឋមន្ត្រីស្តីទីកាលពីថ្ងៃពុធ ប្រធានាធិបតី លោកTokayev បានបញ្ជាឱ្យពួកគេ និងអភិបាលខេត្ត ស្តារឡើងវិញនូវការគ្រប់គ្រងតម្លៃឧស្ម័ន LPG និងពង្រីកទៅដល់ប្រេងសាំង ប្រេងម៉ាស៊ូត និងទំនិញប្រើប្រាស់សំខាន់មួយ ចំនួនផ្សេងទៀត។Tokaev បានប្រកាសភាពអាសន្ននៅក្នុងទីក្រុង Almaty និងខេត្តMangistauភាគខាងលិចដែលផលិតប្រេង កាលពីព្រឹកថ្ងៃពុធ ហើយបាននិយាយថា អ្នកបង្កហេតុក្នុងស្រុក និងបរទេសជាអ្នកនៅពីក្រោយអំពើហិង្សា។ការតវ៉ាបានអង្រួនមុខមាត់អតីតសាធារណរដ្ឋសូវៀតដែលជាប្រទេសដែលមានស្ថិរភាពនយោបាយ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹង និងធ្លាប់ទាក់ទាញការវិនិយោគបរទេសរាប់រយពាន់លានដុល្លារទៅក្នុងឧស្សាហកម្មប្រេងនិងលោហធាតុរបស់ខ្លួនក្នុងរយៈពេលបីទសវត្សរ៍នៃឯករាជ្យភាព៕