ប្រធានាធិបតីហ្វីលីពីនលោក ឌូតើតេ បាននិយាយកាលពីថ្ងៃអង្គារទី 4 ខែមករាថា លោកនឹងមិនសុំទោសចំពោះអ្នកស្លាប់ដែលប្រើប្រាស់និងជួញដូរគ្រឿងញៀននៅក្នុងប្រតិបត្តិការប៉ូលិសក្រោមបទបញ្ជាសង្គ្រាមប្រឆាំងគ្រឿងញៀនដែលបានធ្វើឱ្យក្រុមសិទ្ធិមនុស្សព្រួយបារម្ភ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។លោកឌូតើតេបាននិយាយនៅក្នុងសុន្ទរកថាប្រចាំសប្តាហ៍ថា ទោះបីសម្លាប់ខ្ញុំ ចាប់ខ្ញុំដាក់គុក ខ្ញុំនឹងមិនសុំទោសចំពោះការស្លាប់របស់អ្នកទាំងនោះទេ។ខ្ញុំមិនសុំទោសទេ។ការថ្លែងបែបនេះក៏ទំនងជាផ្លែផ្កាអោយតុលាការអន្តរជាតិដែលកំពុងកសាងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ចៅក្រមនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីខែកញ្ញា បានអនុម័តការស៊ើបអង្កេតជាផ្លូវការលើសង្រ្គាមគ្រឿងញៀនរបស់លោក ឌូតើតេ។ ICC បានផ្អាកការស៊ើបអង្កេតកាលពីខែវិច្ឆិកា បន្ទាប់ពីសំណើរបស់ហ្វីលីពីនសុំស៊ើបអង្កេតដោយខ្លួនឯង។លោក ឌូតើតេបានលុបចោលសមាជិកភាព ICC របស់ហ្វីលីពីនជាឯកតោភាគីនៅកាលពីខែមីនា ឆ្នាំ 2018 មួយខែបន្ទាប់ពីរដ្ឋអាជ្ញារបស់ខ្លួនបាននិយាយថា ការពិនិត្យបឋមលើសង្គ្រាមគ្រឿងញៀនកំពុងដំណើរការ។
នៅក្នុងសុន្ទរកថាថ្នាក់ជាតិដំបូងរបស់លោកនៅឆ្នាំនេះលោកបានប្តេជ្ញាការពារអ្នកអនុវត្តច្បាប់ដែលបំពេញកាតព្វកិច្ចរបស់ពួកគេដោយប្រាប់ឱ្យតស៊ូឡើងវិញនៅពេលដែលជីវិតរបស់ពួកគេស្ថិតក្នុងគ្រោះថ្នាក់។ប្រធានាធិបតីវ័យ76ឆ្នាំបានជាប់ឆ្នោតតំណែងជាប្រធានាធិបតីកាលពីឆ្នាំ 2016 ជាមួយនឹងយុទ្ធនាការប្រឆាំងអំពើពុករលួយ។ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ជនសង្ស័យគ្រឿងញៀនជាង 6200 នាក់បានស្លាប់នៅក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀនចាប់តាំងពីលោក ចូលកាន់តំណែងក្នុងខែមិថុនា ឆ្នាំ 2016 ដល់ខែវិច្ឆិកា ឆ្នាំ 2021៕