Monday, December 23, 2024
Homeព័ត៌មានជាតិដើម​គ្រញូង​មន្ត្រី​អា​ជ្ញា​ធរ​អប្ស​រា​កាប់ ចាប់​ផ្តើម​ដុះ​វិញ

ដើម​គ្រញូង​មន្ត្រី​អា​ជ្ញា​ធរ​អប្ស​រា​កាប់ ចាប់​ផ្តើម​ដុះ​វិញ

ភ្នំពេញ ៖ គល់គ្រញូងមួយដើម មាន ទីតាំងនៅក្នុងតំបន់ឧទ្យានអង្គរ ដែលត្រូវបាន មន្ត្រីអាជ្ញាធរអប្សរាកាប់ កាលពីពេលកន្លងទៅ នេះ ត្រូវបានអ្នកស្រលាញ់បរិស្ថាន និងអ្នកភូមិ ក្នុងតំបន់នោះ សង្កេតឃើញថា បានដុះពន្លកឡើង វិញ ហើយទើបពួកគាត់បានស្នើដល់មន្ត្រីអាជ្ញាធរ ឱ្យជួយធ្វើរបងការពារ ដើម្បីធានាសុវត្ថិភាព ដើមគ្រញូងនេះ។

ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បី យុត្តិធម៌សង្គម ព្រះតេជគុណប៊ុត ប៊ុនតិញ ដែល បានចុះទៅដល់ទីនោះ ជាមួយអ្នកភូមិ បានមាន ពុទ្ធដីកាថា   បន្ទាប់ពីកាប់ដើមអស់ជាច្រើនថ្ងៃ គល់គ្រញូងចំណាស់ដែលជាទីកន្លែងជំនឿរ បស់អ្នកភូមិ សម្រាប់ចូលទៅបន់ស្រន់បួងសួង គោរពបូជានោះ ត្រូវបានដុះពន្លកឡើងវិញហើយ ដែលធ្វើឱ្យអ្នកភូមិមានក្តីត្រេកអរ និងបានស្នើ ដល់អាជ្ញាធរជួយធ្វើរបងការពារឱ្យកូនគ្រញូង ដុះឡើងវិញ ដើម្បីទុកឱ្យកូនចៅ ជំនាន់ក្រោយ បានស្គាល់ និងបានឃើញ។

tree4

ព្រះតេជគុណប៊ុត ប៊ុនតិញ មានពុទ្ធដីកា ទាក់ទងនឹងបញ្ហានេះថា “អានេះចាប់អារម្មណ៍ ដែរ ពីព្រោះកន្លែងនេះជាកន្លែងយើងអភិរក្ស ហើយដល់ពេលយើងទៅធ្វើខុសគោលការណ៍ អភិរក្ស យើងត្រូវតទល់ ដើម្បីឱ្យមនុស្សហ្នឹង ភ្ញាក់រលឹក ឥឡូវឃើញមានការភ្ញាក់រលឹកហើយ យកឈើមករក្សាទុកហើយ ប៉ុន្តែឥឡូវនេះ មិន ទាន់មានការយកចិត្តទុកដាក់មួយកម្រិតទៀត ទេ គឺធ្វើកូនរបងការពារ ព្រោះគល់ហ្នឹង ៣ថ្ងៃ ក្រោយមក ដុះពន្លកវិញ ហើយអ្នកភូមិបន្ត ទៅរហូត ទៅគោរពបូជាហ្នឹង ហើយបើកាល- ណាយើងមិនធ្វើ អ្នកទៅ១ក៏ខឹង ២ក៏ខឹង ៣ក៏ ខឹង។ បើសិនជាអ្នកខឹងតគ្នា អ្នកខាតតគ្នា គឺអ្នក ដឹកនាំប្រទេសហ្នឹងហើយ គណបក្សប្រជាជន ហ្នឹងហើយ។ អ៊ីចឹងអាត្មាប្រាប់ទៅគណបក្ស ប្រជាជន បើមិនចង់ឱ្យខឹងហើយខាត ទាល់តែ ធ្វើឱ្យគេឈប់ខឹង។ បានថា ថ្ងៃនេះ ឃើញថា ចាប់អារម្មណ៍ណាស់ អគ្គនាយកអាជ្ញាធរអប្សរា ហ្នឹងបានទាក់ទងគ្នា ហើយអាត្មាព្យាយាមទៅ ជួប ហើយពន្យល់ថា យើងធ្វើយ៉ាងម៉េច? អាត្មា មិនដើរតួនាទីជាមេអណ្តើក អាជ្ញាកណ្តាល រក ផលប្រយោជន៍អីទេ ប៉ុន្តែថា វាជាតួនាទីនៅ កន្លែងអភិរក្ស បើគ្មានអ្នកជំរុញ ប្រទេសយើង អន់ថយ កាន់តែយ៉ាប់ ដោយសារខ្វះអ្នកជំរុញ។ អាត្មាធ្វើជាតួអង្គដើរជំរុញគេ អាដើមឈើ១ ដើមហ្នឹង បើកុំតែអាត្មាទៅ ក៏មិនដឹងស្លាប់ពេល ណាហើយទេ ដូច្នេះឆ្លៀតពេលវេលាសមរម្យ ត្រូវតែទៅអប់រំគេ ទៅជំរុញគេ។ ទម្លាប់របស់ គ្រញូង ឱ្យតែមានឫសដល់ណា ដុះដល់ហ្នឹង ឱ្យ តែគេកាប់ហើយ ឫសដល់ណាដុះដល់ហ្នឹង ហើយ គ្រាប់គ្រញូង បើទិញគេ ១គីឡូ ៥០០ ពីដើម មិញ យើងទៅទិញពីថៃមក។ ដូច្នេះរបស់ដែល មានហើយ ចាំបាច់យកប្រាក់ទៅឱ្យគេធ្វើអី? ថៃហ្នឹងក្រជាងខ្មែរ ឬខ្មែរក្រជាងថៃ? ដូច្នេះ របស់មានហើយ ការពារវាទៅ ត្រូវតែការពារ បើមិនការពារ យកប្រាក់ឱ្យគេទៀតហើយ”។

គួររំលឹកថា កាលពីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើមគ្រញូងដ៏ធំ ដែលមានមានអាយុ ជាង២០០ឆ្នាំ ដែលជាឈើជំនឿរបស់អ្នកភូមិ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុង សៀមរាប ខេត្តសៀមរាប ដែលមានចម្ងាយ ប្រមាណ២គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត ត្រូវ បានមន្ត្រីអាជ្ញាធរអប្សរា កាប់រំលំដួលដល់ដី ធ្វើ ឱ្យប្រជាពលរដ្ឋនៅតំបន់នោះ មានការខឹងសម្បា យ៉ាងខ្លាំង ហើយទាមទារឱ្យយកឈើគ្រញូង ដែលត្រូវបានកាប់បំផ្លាញនេះ ទៅឆ្លាក់ជាព្រះ ទុកសម្រាប់ពួកគាត់គោរពបូជាបន្តទៀត។

ក្រោយការទាមទារយ៉ាងទទូចរបស់អ្នក ភូមិនោះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន បញ្ជាទៅមន្ត្រីថ្នាក់ក្រោម ឱ្យយកដើមគ្រញូងនេះ ទៅប្រគេនព្រះសង្ឃ ដើម្បីឆ្លាក់ធ្វើព្រះ សម្រាប់ គោរពបូជាតាមសំណូមពររបស់អ្នកភូមិ។ ចំណែក មន្ត្រីអាជ្ញាធរអប្សរា និងអ្នកពាក់ព័ន្ធនឹងការ កាប់ដើមគ្រញូងនេះ សរុប៥រូប ត្រូវបានឃាត់ ខ្លួនបញ្ជូនទៅតុលាការ ហើយត្រូវបានតុលាការ ខេត្តសៀមរាប សម្រេចឱ្យឃុំខ្លួន។

កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ព្រះតេជគុណប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញ ព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម បានប្រកាស ដែរថា ធម្មជាតិរបស់ឈើគ្រញូង កាលណាត្រូវ ទឹក ហើយមានពន្លឺថ្ងៃគ្រប់គ្រាន់ វានឹងដុះមក វិញធម្មតា។ ដូច្នេះព្រះអង្គចង់ឱ្យមានការដាក់ តំបន់នេះទៅជាតំបន់ការពារ ទុកឱ្យគ្រញូងនេះ មានលទ្ធភាពដុះឫសលូតលាស់សាជាថ្មី។ ប៉ុន្តែ បើសិនជាមានចេតនាអាក្រក់ តាមរយៈបង្ហូរ ទឹកឱ្យរលួយគល់គ្រញូងនោះ ព្រះអង្គគិតថា  មិនមែនជាមធ្យោបាយល្អទេ។

ទោះយ៉ាងណា ពាក់ព័ន្ធនឹងការបង្ហូរទឹក ចូលកសិណ (គូទឹក) ប្រាសាទអង្គរវត្ត នៅពេល នោះ អ្នកនាំពាក្យអាជ្ញាធរអប្សរា លោកស្រីចៅ ស៊ុនកិរិយា បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ឱ្យ តែដល់ចុងរដូវភ្លៀង នាយកដ្ឋានធនធានទឹកនៃ អាជ្ញាធរអប្សរា តែងធ្វើការបង្ហូរទឹកចូលជុំវិញ កសិណនៃតំបន់ប្រសាទអង្គរ ដើម្បីឱ្យមានលំនឹង ដល់ប្រាសាទ។ ដូច្នេះការបង្ហូរទឹកនេះ មិនមាន ប៉ះពាល់ដល់ដើមឈើ ឬគល់គ្រញូង ដែលត្រូវ បានកាប់នោះទេ។

ជាការកត់សម្គាល់ផងដែរ រហូតមកដល់ ពេលនេះ ក្រៅពីអ្នកភូមិក្នុងតំបន់នោះ តែងតែ បន្តទៅធ្វើការបន់ស្រន់គល់ក្រញូងដែលនៅសល់ ពីការកាប់បំផ្លាញនោះ សម្រាប់និស្សិត អ្នក- សិក្សាស្រាវជ្រាវមួយចំនួន ក៏បន្តចុះទៅមើលជា បន្តបន្ទាប់ផងដែរ។ ជាពិសេសមជ្ឈដ្ឋានទាំង នោះមានការចាប់អារម្មណ៍ខ្លាំង នៅពេលដែល បានឃើញគល់គ្រញូងនេះ ដុះពន្លកឡើងវិញ៕

RELATED ARTICLES