ភ្នំពេញ៖ឌុច លីដា បានចេញមកតទល់រឿងអ្នកដែលថានាងពូកែលាក់មុខប្ដីនោះតាមរយៈការបញ្ចេញរូបស្វាមីនិងនាងព្រមទាំងកូនប្រុសក្នុងឈុតប្រពៃណីដូចគ្នាតែម្ដងដែលការគ្រងសម្លៀកបំពាក់បុរាណហើយលីដា ស្ម័គ្រចិត្តឲ្យគេឃើញឪពុកកូនប្រុសនាងនោះត្រូវបានគេសង្ស័យថានាងបានថតPre-Wedding ដើម្បីសម្រាប់ដាក់តាំងនៅមុខរោងការនាពេលខាងមុខនេះហើយ។ប្រសិនបើលីដា ពិតជាក្លាហានហ៊ានរៀបការជាសាធារណៈមែននោះច្បាស់ជាមហាជនទាំងឡាយដែលធ្លាប់រិះគន់រឿងនាងការភ្នែកនៅកញ្ចឹងកនោះនឹងត្រូវបានបញ្ចប់ជាមិនខានឡើយ។
ឌុច លីដា មិនឆ្លើយតបចំពោះមិត្តភក្ដិដែលសាកសួរនាងរឿងថ្ងៃរៀបការក្រោយឃើញនាងតែងខ្លួនឈុតអាពាហ៍ពិពាហ៍នោះទេ ប៉ុន្ដែនៅពេលដែលតារារួមអាជីពបានបង្ហាញក្ដីស្រលាញ់និងជូនពរនាងមានសា្វមីនិងកូនប្រុសរស់នៅជុំគ្នាយ៉ាងមានសុភមង្គលនោះលីដា ប្រាកដជាមាភាពរីករាយជាខ្លាំង។ប៉ុន្ដែមានអ្នកខ្លះទៀតបែជាលើកឡើងថាលីដា យកប្ដីអាយុច្រើនជាងខ្លួនជាច្រើនឆ្នាំដោយសារតែអំណាចទឹកលុយទៅវិញ។
ឌុច លីដា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាសម្រាប់រូបនាងពិធីរៀបការមិនមែនសំខាន់ឬចាំបាច់បំផុតក្នុងជីវិតនោះឡើយ ព្រោះនាងយល់ថាមនុស្ស២នាក់ស្រលាញ់គ្នាសំខាន់ថាតើអាចបន្ដចាប់ដៃគ្នាតទៅទៀតឬអត់?នោះទើបជារឿងចាំបាច់បំផុត។នាងថាពេលនេះកូនប្រុសរបស់នាងមានអាយុជាង២ឆ្នាំទៅហើយហេតុនេះនាងអាចពិចារណារឿងរៀបការនៅពេលដែលកូនមានអាយុ៥ឆ្នាំពោលគឺ៣ឆ្នាំទៀតព្រោះពេលនោះកូននាងនឹងធ្វើជាកូនអណ្ដើកឲ្យនាងនៅថ្ងៃរៀបការតែម្ដង។ប៉ុន្ដែក្រោយលីដា បញ្ចេញរូបឈុតអាពាហ៍ពិពាហ៍ជាមួយស្វាមីជាចំហនៅដើមឆ្នាំ២០២២ គេអាចសន្និដ្ឋានបានថាលីដា នឹងមានការផ្លាស់ប្ដូរចិត្តហើយនឹងរៀបការមុនកំណត់ជាមិនខានឡើយ ព្រោះថាពេលនេះជាពេលវេលាអំណោយផលសម្រាប់រូបនាងផងដែរដោយសារតែស្ថានភាពកូវីដថមថយ ដែលអាចឲ្យនាងធ្វើពិធីពិសេសនោះដោយធំដុំបានតាមចិត្តចង់។
ឌុច លីដា បានសម្រាលកូនប្រុសគូរឲ្យភ្ញាក់ផ្អើលកាលពីដើមខែមករាឆ្នាំ២០២០ ដោយនាងវាចារយ៉ាងខ្លីថាស្វាមីរបស់នាងគឺជាមន្រ្ដីរាជការម្នាក់។ក្រោយរងការរិះគន់ថានាងមានកូនមុនរៀបការនោះកាលពីថ្ងៃទី១៩ខែវិចិ្ឆការឆ្នាំ២០២០ ក៍ធ្លាយរឿងលីដា រៀបការស្ងាត់ៗជាមួយស្វាមីវ័យចំណាស់ ហើយភ្ញៀវដែលបានទៅចូលរួមគឺមានតែអ្នកដែលជិតដិតបំផុតរបស់នាងប៉ុណ្ណោះ។ពេលនោះលីដា ទទួលស្គាល់ថានាងពិតជាបានរៀបការបែបសែនព្រេននោះមែន ដោយសម្អាងថាសូម្បីតែកម្មវិធីខួបកំណើតកូនក៍នាងមិនហ៊ានធ្វើធំដុំដែរព្រោះតែកូវីដ មិនស្ងាត់មិនអាចជួបជុំទ្រង់ទ្រាយធំបាន។តារាស្រអែមស្រស់រូបនេះថាស្វាមីនាងបានអនុញ្ញាត្តិឲ្យនាងបន្ដការងារសិល្បៈតាមចិត្តចង់គឺមិនហាមឃាត់ឬហួងហែងនាងឡើយ តែរូបនាងវិញគិតថាកូននៅតូចពេកអីចឹងទទួលតែការងារសិល្បៈណាដែលប្រើពេលខ្លីដូចជាការថតស្ពត ចំពោះការថតរឿងភាគត្រូវចុះទៅតាមខេត្តឆ្ងាយៗនាងមិនទាន់ហ៊ានទទួលដូចកាលនៅលីវឡើយ។
ក្រៅពីឌុច លីដា តារាដែលយកកូនមុនរៀបការមានដូចជាអ្នកនាងយុគ ចិន្ដា,ខាត់ សុឃីម,សុន ស្រីពេជ្រ,ឡោម លក្ខិណា,នៅ សុនិតា,ផាត់ ផាន់ណា ,ទេព សម្ផស្ស ,ពេជ្រ សូលីកា និងកែវ ពេជ្រពិសី ជាដើម។ចំពោះលីដា វិញមានការប្រែប្រួលច្រើនក្រោយនាងមានស្វាមីនេះព្រោះជីវភាពកាន់តែធូធារខ្លាំងរស់នៅផ្ទះវីឡារនិងជិះរថយន្ដថ្លៃៗដូចជាFord Raptor និងLexus Nx200t ជាដើម។ដោយឡែកទាក់ទងអាជីពសិល្បៈវិញទោះជាលីដា ថាប្ដីបើកដៃឲ្យលេងតាមចិត្តចង់ក្ដី តែគេជឿរថានាងនឹងមិនហ៊ានថតភាពយន្ដបែបស្នេហារោលរាលក្ដៅសាច់ដូចជារឿង”ល្បុកតោ”និង”នារីវេទមន្ដ”ជាដើមនោះទៀតឡើយ៕