Wednesday, March 11, 2026
Homeតារាខ្មែរវី ឌីណែត ឪឲ្យសិទ្ធិយកប្ដី 

វី ឌីណែត ឪឲ្យសិទ្ធិយកប្ដី 

ភ្នំពេញ ៖ វី ឌីណែត កំពុងថតរឿង «ភូមិគ្រឹះអាគម» វគ្គ២ ខណៈដែលរឿងនេះ វគ្គ១ នាងក៏ជាតួអង្គសំខាន់ម្នាក់ដែរ ។ នេះជាភាពយន្ដថ្មីសម្រាប់នាង ខណៈអំឡុងជ្រកនៅហង្សមាស នាងល្បីរឿង «រាជបុត្រកង្កែប»។ ប៉ុន្ដែកូនក្រមុំលោក ហួរ ឡាវី រូបនេះ នៅតែផ្ដោតលើអាជីពចម្រៀង ជាងសម្ដែងដដែល ។

វី ឌីណែត និងឪពុក

លោកហួរ ឡាវី ឪពុកវី ឌីណែត ប្រាប់អ្នកយកព័ត៌មាន «នគរធំ» នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ថា លោកមិនធ្លាប់ជំរុញឲ្យកូនថតភាពយន្ដទេ ប៉ុន្ដែបើកូនចង់ថត ក៏លោកមិនហាមឃាត់ដែរ តែលោកថា ឌីណែត នៅតែចាត់ទុកអាជីពចម្រៀង ខ្លាំងជាងសម្ដែងកុនដដែលទេ ។

វី ឌីណែត បានចេញពីហង្សមាស ជិត២ឆ្នាំហើយ ដែលពេលនេះ នាងជាតារាចម្រៀងឯករាជ្យ ផលិតបទ ចម្រៀងដោយខ្លួនឯង មិនចូលផលិតកម្មណាទេ ។ ថ្មីៗនេះ គេឃើញឌីណែត បានចាប់ដៃគូជាមួយឪពុកនាង លោកហួរ ឡាវី តាមរយៈការច្រៀងឆ្លងឆ្លើយគ្នាបទល្បីៗរបស់លោកឡាវី ឡើងវិញ តែពេលខ្លះ គេឃើញនាងរាងអៀនៗ ពេលច្រៀងជាមួយឪ។

 លោក ហួរ ឡាវី ថាការដែលឌីណែត ច្រៀងជាមួយលោក ជូនកាលម្ចាស់កម្មវិធីតម្រូវ ពេលខ្លះកូនស្រីចង់ច្រៀងជាមួយលោក តែលោកថា ឌីណែត អត់អៀនពេលច្រៀងជាមួយលោកទេ ព្រោះឆ្នាំមុនៗ កូនស្រីក៏ធ្លាប់ច្រៀងជាមួយលោកដែរ ។

វី ឌីណែត ម្ចាស់ពាន «I Am A Singer Cambodia»  រដូវកាលទី២ របស់ហង្សមាស ជាតារាវ័យក្មេងដែលអាចច្រៀងបទប្រភេទខ្ពស់ៗបានទាំងអស់ ហើយក្រៅពីបទខ្មែរ នាងក៏អាចច្រៀងបទជាភាសារអង់គ្លេស បានផងដែរ ។ កាលពីឆ្នាំ២០២០ ឌីណែត ធ្លាប់បង្ហាញបុរសម្នាក់ ស្និទ្ធស្នេហ៍នាង តែនាងបានយកស្ទិកកឺរបាំងមុខបុរសនោះជិត ទើបគេមិនអាចដឹងថាបុរសនោះ ជាអ្នកណាឲ្យប្រាកដឡើយ។ រយៈពេលជាង ៥ឆ្នាំមកនេះ ឌីណែត លែងបញ្ចេញសញ្ញាមានស្នេហាជាមួយបុរសនោះទៀតហើយ ទើបធ្វើឲ្យមានការសង្ស័យថា ចំណងស្នេហានោះ មិនទាន់មានភាពច្បាស់លាស់ និងខ្លះសង្ស័យថា នាងប្រេះឆាស្នេហ៍ទៀតផង។

 ឪពុកឌីណែត លោកឡាវី អះអាងថា គិតត្រឹមឆ្នាំ២០២៦ នេះ កូនស្រីលោក នៅមិនទាន់មានគួស្រករ ឬ ត្រៀម រៀបការទេ ។ ប៉ុន្ដែលោកថា ទាក់ទងរឿងគ្រួសារនេះ លោកសូមផ្ដល់សិទ្ធិពេញលេញឲ្យកូនស្រី ក្នុងការសម្រេ ចចិត្តដោយខ្លួនឯង ហើយលោកជាឪពុក មានតែតាមក្រោយកូនប៉ុណ្ណោះ ។

លោកឡាវី បញ្ជាក់ថា «ខ្ញុំបានប្រាប់ឌីណែត ហើយថា ទោះជាមានការភ្ជាប់ពាក្យ ឬថ្ងៃក្រោយ ត្រូវរៀបការអី ប៉ាទុកឲ្យកូនជាអ្នកសម្រេចចិត្តទាំងអស់ ។ ប៉ានៅគាំទ្រកូនពីក្រោយ» ។

វី ឌីណែត ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងមានជំងឺពកក គ្រូពេទ្យ តម្រូវឲ្យលេបថ្នាំ អស់មួយជីវិត ដែលជំងឺនេះ រំខានដល់អាជីពចម្រៀងនាងផងដែរ ក្នុងការប្រើប្រាស់សំឡេងមិនបានដូចមុន ។ ប៉ុន្ដែថ្មីៗនេះ គេឃើញនាងនៅតែច្រៀងបទប្រភេទខ្ពស់ៗបានដដែល ហើយក្រោយចេញពីហង្សមាស ធ្វើឲ្យនាងនៅតែមានទីផ្សារចម្រៀង ដូចមុន ព្រោះនៅរដូវក្ដៅនេះ បានចេញច្រៀងតាមឆាកនានាជាបន្ដបន្ទាប់ ។ ប្រភពខ្លះថា ឌីណែត ប្រឹងយកឈ្នះជំងឺរបស់នាង ព្រោះមិនអាចអាកខានឬបាត់បង់រកចំណូលពីអាជីពសិល្បៈ ដោយសារតែជំងឺមួយនេះបានទេ ។ ជាក់ស្ដែងដូចជា ពេជ្រ សោភា កើតជំងឺឈាមសស៊ីឈាមក្រហម គ្រូពពេទ្យតម្រូវឲ្យនាងលេបថ្នាំ អស់មួយជីវិតដែរ ប៉ុន្ដែនាងនៅតែច្រៀងសម្ដែង មិនដែលខានមួយឆាកណាទេ គឺដូចគ្នាទៅនឹងវី ឌីណែត ដែរ ៕

RELATED ARTICLES