Thursday, December 26, 2024
Homeតារាខ្មែរយក់ ដួងតារា៖ថាទឹកភ្នែកស្រក់ជ្រាបចូលទ្រូង ក្រោយបានជួបលោកគួច ខេវិន

យក់ ដួងតារា៖ថាទឹកភ្នែកស្រក់ជ្រាបចូលទ្រូង ក្រោយបានជួបលោកគួច ខេវិន

ភ្នំពេញ៖តារាចម្រៀងហង្សមាសលោកយក់ ដួងតារា ដែលត្រូវបានមហាជនស្គាល់និយមស្ដាប់បទកន្រ្ទឹមរបស់លោក​ជាច្រើន​បទ​នោះបានបង្ហាញអារម្មណ៍រំភើបរហូតដល់ថាទឹកភ្នែកលោកមិនស្រក់ចេញមកខាងក្រៅនោះទេ ប៉ុន្ដែបានស្រក់ជ្រាប​ចូលទៅ​ក្នុងទ្រូង តែម្ដងនៅពេលដែលលោកបានជួបអ្នកដឹកនាំកម្មវិធីសិល្បៈជាន់ខ្ពស់ល្បីល្បាញឈ្មោះលោកគួច ខេវិន ហៅហាង​បា​យ​​មួយ​នៅក្រុងតាខ្មៅកាលពីពេលថ្មីៗនេះ។លោកដួងតារា ថាអ្វីដែលលោករំភើបខ្លាំងនោះគឺទោះជាលោកខេវិន ឡើងខ្ពស់​ប៉ុណ្ណា ក៍នៅតែមានការរាប់អានរូបលោកដែលជាតារាចម្រៀងសាមញ្ញម្នាក់ហើយថាសម្ដីលោកខេវិន ប្រៀបដូចជាស្ដៅ តែជា​ឱសថ សម្រាប់លោក។លើសពីនេះទៅទៀតលោកថាលោកខេវិន មានការអាណិតចំពោះលោកដែលមើលទៅ​សុខភាពស្គម​ជាងមុននិងថែមទាំងផ្ដល់ថវិការមួយចំនួនឲ្យលោកសម្រាប់ដោះស្រាយនៅពេលមានភាពទាល់ណាមួយទៀតផង…។

 លោកយក់ ដួងតារា បង្ហោះសារនៅលើហ្វេសបុកកាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០២២ ថា”ថ្ងៃនេះខ្ញុំបានជួបបងប្រុស(គួច ខេវិន)​ដោយចៃដន្យ នៅហាងញាំបាយ១កន្លែងនាទីក្រុងតាខ្មៅ។អ្វីដែលខ្ញុំចង់និយាយពេលនេះ គឺខ្ញុំសូមថ្លែងអំណរគុណ​ដល់ទឹកចិត្ត​ដ៏សប្បុរសធម៌ពិតៗរបស់បងប្រុស ដែលមានមកលើរូបប្អូន ទោះបងបានខ្ពង់ខ្ពស់ប៉ុណ្ណា នៅដល់ទីណា ក៏បងមិនបោះ​បង់ប្អូន​ដែរ។ បងជាមនុស្សដែលមានសំដីស្ដៅ តែជាឱសថសម្រាប់ប្អូន។បងបានពោលពាក្យមកកាន់រូបប្អូនថា ឥឡូវប្អូនស្រកសាច់​ស្គម​ជាងមុនច្រើន បងថាអាណិតអាសូរប្អូនណាស់​! និង​បាននិយាយរឿងរ៉ាវខ្លះៗទាក់ទងនិងសិល្បៈ​ដោយស្នាមញញឹមរបស់​បង ព្រមទាំងបទពិសោធន៍ធ្លាប់រួមការងារជាមួយគ្នា១ចំនួននាពេលកន្លងមក។មុនលាគ្នា បងបានផ្ដល់ថវិការ១ចំនួនមកឲ្យប្អូន​ដើម្បីដោះស្រាយភាពទាល់ណាមួយ ដោយទឹកចិត្តនិងបេះដូង ដែលមិនមែនជាការសម្ដែង ហើយបងក៏មិនបានសុំ​ឲ្យខ្ញុំផុស​ដែរ​។​តែនេះខ្ញុំសុំការអនុញ្ញាតដោយត្រង់ ដើម្បីបានសម្ដែងនូវការដឹងគុណចំពោះបងប្រុស ដែលធ្លាប់ជួយប្អូនកន្លងមក រួមទាំង​តារាមួយចំនួនផ្សេងទៀត ដែលបានទទួលភាពល្បីល្បាញនិងមានកិត្តិយសមុខមាត់មកទល់សព្វថ្ងៃនេះ ដោយសារមាន​បងជា​អ្នកនៅពីក្រោយ ជួយបណ្ដុះបណ្ដាលជ្រោមជ្រែងផងដែរ។ពេលដែលខ្ញុំបានទទួលថវិការពីបងប្រុស ទឹកភ្នែករបស់ខ្ញុំមិន​បាន​បង្ហាញ​ឲ្យឃើញផ្នែកខាងក្រៅនោះទេ គឺវាស្រក់ជ្រាបចូលទៅក្នុងទ្រូង មានអារម្មណ៍ថារំភើបនិងផ្សារៗ រកនិយាយមិនចេញ។ចុងក្រោយសូមគោរពជូនពរបងប្រុស ឱ្យមានសុខភាពល្អបរិបូណ៌ ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច និងរីកចំរើនក្នុងមុខ​របរអាជីវកម្មតូចធំ ត្រជាក់ត្រជុំ សុខដុម នៅក្នុងក្រុមគ្រួសារ ជួបនូវពុទ្ធពរ ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឡើយ​។(សូមអរគុណនូវទឹកចិត្តដ៏ល្អរបស់បងប្រុស!) ថ្ងៃច័ន្ទ ទី១៧.ខែមករា ២០២២”។

 គូរបញ្ជាក់ថាមិនមែនតែលោកយក់ ដួងតារា ម្នាក់ទេតែមានសិល្បករជាច្រើនរូបមកហើយដែលលោកគួច ខេវិន ធ្លាប់បានជួយ​បណ្ដុះបណ្ដាលរហូតពួកគេទទួលបានជំនាញបន្ដអាជីពការងារសិល្បៈរហូតមកដល់បច្ចុប្បន្នពិសេសលោកក៍ធ្លាប់បានជួយសិល្បករចាស់ជរានិងជនដែលជួបបញ្ហាជីវភាពលំបាកនាពេលកន្លងមកជាច្រើនលើកច្រើនសារផងដែរ។ក្រុមសិល្បករទាំងនោះ​តែងតែ​គោរព​និងដឹងគុណដល់លោកគួច ខេវិន និងចាត់ទុកជាអ្នកដឹកនាំកម្មវិធី​សិល្បៈដ៍គូរឲ្យគោរពម្នាក់​រយៈពេលជាង២០ឆ្នាំ​មកនេះ​។ដោយ​ឡែកលោកយក់ ដួងតារា វិញទោះជាលោកនៅតែជាតារាហង្សមាសមែន ប៉ុន្ដែស្ថានភាពជីវភាព​របស់លោក​មិន​សូវ​ធូធារ​នោះទេ ព្រោះចេញពីច្រៀងសម្ដែងនៅឆាកតន្រ្ដីទាំងឡាយនៅភ្នំពេញ វិលទៅស្នាក់នៅវត្ត​អារ៉ាមមួយនៅ​ខេត្តតា​កែវ ។លោកដួងតារា ដែលជាកូនកំព្រាតាំងពីតូចនោះពេលនេះលោកក៍មិនទាន់ភរិយាដែរ ក្រោយប្រេះឆាស្នេហ៍ចាស់​ជាច្រើន​ឆ្នាំ។សកម្មភាពរបស់លោកដួងតារា ក្នុងការបញ្ចេញសារដឹងគុណលោកខេវិន នេះជាគំរូល្អមួយសម្រាប់​តារាផ្សេងៗទៀតគឺ​មិន​ត្រូវ​ភ្លេចអ្នកធ្លាប់ជួយជ្រោមជ្រែងនិងត្រួសត្រាយផ្លូវដែល​ប្រៀបបានជាគ្រូរបស់ពួកគេឲ្យបានឈជើងក្នុង​សិល្បៈមួយ​នេះ​ឡើយ​៕

RELATED ARTICLES