Thursday, March 12, 2026
Homeតារាខ្មែរល្អហួស លាក់តម្លៃខ្លួន

ល្អហួស លាក់តម្លៃខ្លួន

ភ្នំពេញ ៖ ក្នុងវ័យទើបពេញក្រមុំ ១៧ឆ្នាំ ស្រីស្អាត សុខ គីមហ័ង  ហៅជូរី ល្អហួស បានប្រកាសថា នៅឆ្នាំ២០២៦ នាងបានគ្រប់គ្រងតំណែងជាទូតសុច្ឆន្ទៈ (BA) ដល់ទៅជាង ១០ក្រុមហ៊ុន ក្នុងនោះមានទាំងភេជ្ជៈ ឡេ ថ្នាំដុស ធ្មេញ និងក្រុមហ៊ុនដឹកជញ្ជូន ជាដើម ។ តាមរយៈការវាចារបស់ល្អហួស បែបនេះ បញ្ជាក់ថា ទីផ្សារសិល្បៈរបស់នាង កំពុងត្រូវប៉ាន់ ព្រោះធម្មតាតារា១ ចុះកុងត្រាធ្វើ BA ឲ្យក្រុមហ៊ុនមួយ ពួកគេស៊ីថ្លៃ ដល់សែនដុល្លារ ក៏មានដែរ ហេតុនេះ បើ ១០ក្រុមហ៊ុន គឺលុយលើគោកតែម្ដង ហើយនេះក៏ជាសញ្ញាមួយបញ្ជាក់ថា ល្អហួស ជាតារា សម្ដែងកំពុងឡើងកូដ ទើបក្រុមហ៊ុនទាំងឡាយ ដណ្ដើមគ្នាបែបនេះ ។

យ៉ាងណា ទាក់ទងតម្លៃខ្លួនរបស់ស្រីស្រស់ ល្អហួស ក្នុងការធ្វើ BA ឲ្យក្រុមហ៊ុនជាង ១០ខាងលើនេះ អ្នកនាំ ពាក្យ លោក គឹម សាន្ដ  ជាពូរបស់ល្អហួស  មិននិយាយអ្វីទាំងអស់ពាក់ព័ន្ធប្រាក់ចំណូលរបស់ក្មួយលោក ទើបគេមិនដឹងថា តើស្រីស្អាតរូបនេះ ឈរនៅលំដាប់តារាដែលមានតម្លៃខ្លួនថ្លៃ Grade មួយណាឡើយ ។ យ៉ាងណា នេះជារឿងគួរឲ្យចាប់អារម្មណ៍ព្រោះអំឡុងពេលដែលតារាជាច្រើន កំពុងតែបាត់បង់ការងារសិល្បៈ ខ្លះប្រឈមដាច់បាយ ដោយសាតែភាពយន្ដខ្មែរ លិចអណ្ដែតៗនេះ ល្អហួស បែរជាត្រូវប៉ាន់ កើបលុយធំ ពីការធ្វើ BA នេះទៅវិញ។

សូមបញ្ជាក់ថា ល្អហួស ត្រូវបានគេចាប់អារម្មណ៍ថា នាងមានទេពកោសល្យសិល្បៈ ជាច្រើនទម្រង់ ដូចជា សម្ដែងរបាំបុរាណ របាំព្រះរាជទ្រព្យ (នាដការី) ច្រៀង សម្ដែង MV ភាពយន្ដ និងជាបវរកញ្ញា ផងដែរ ។ ក្រោយឈ្នះមកុដ Miss Teen Cambodia 2025  នៅឆ្នាំ២០២៦ នេះ នាងក៏ត្រៀមទៅប្រកួតបវរកញ្ញាលើឆាកអន្ដរជាតិផងដែរ បន្ថែមពីលើមកុដ Miss Preteen International Cambodia 2023, Miss Preteen Junior Idol World 2024  ។

ប្រភពថា ក្នុងវ័យកំពុងស្អាតនេះ ល្អហួស ជិះរថយន្ដម៉ាក Lamborghini និង Mercedes ដែលធ្វើឲ្យប្រុសៗចង់ស្នេហ៍នាង ពិបាកចូលជិត ។ ក្រៅពីក្ដាប់តំណែង BA ក្នុងដៃ ជាង១០ក្រុមហ៊ុន ល្អហួស ក៏មានក្រុមហ៊ុនផ្សេងៗទៀត ទាក់ទងដែរ ប៉ុន្ដែនាងព្រមធ្វើ Brand Ambassador ទាល់តែតម្លៃត្រូវគ្នា និងការងារនោះ នាងពេញចិត្តដែរ ៕

RELATED ARTICLES