យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារទី១៨ខែមករាឆ្នាំ២០២២បានអោយដឹងថាប្រទេសថៃរំពឹងថានឹងមានកំណាត់ផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែដំបូង ប្រវែងសរុប៨៧៣គីឡូម៉ែត្រភ្ជាប់ទៅប្រទេសចិនដែល អាចបើក ដំណើរការនៅឆ្នាំ២០២៦ ខាងមុខ យឺតជាងការគ្រោងទុក៣ឆ្នាំ ។ ប្រទេសថៃ និងចិន បានចុះហត្ថលេខា លើគម្រោងសាងសង់ ផ្លូវរថភ្លើងល្បឿនលឿន កាលពីឆ្នាំ២០១៧ ជាមួយនឹងទឹកប្រាក់សរុបជាង ១៥៧លានដុល្លារអាមេរិកប៉ុន្តែបានពន្យាពេលដោយ សារតែមានការមិនយល់ស្របគ្នាទៅបញ្ហាមួយចំនួនដូចជា៖ការរចនា ហិរញ្ញវត្ថុនិងជំនួយបច្ចេកទេស។
កំណាត់ផ្លូវរថភ្លើងល្បឿនលឿនដំបូងតភ្ជាប់ ពីទីក្រុងបាងកក ទៅកាន់ខេត្ត នគររាជសីម៉ា (Nakhon Ratchasima) ដែលមាន ប្រវែង២០០គីឡូម៉ែត្រ ។កំណាត់ផ្លូវទី ២ ត្រូវតភ្ជាប់ពីខេត្ត នគររាជសីម៉ា ទៅកាន់ខេត្ត ណង ខៃ (Nong Khai) ជាប់ព្រំដែនប្រ ទេសឡាវ ដែលមានប្រវែង ៣៣០គីឡូម៉ែត្រ។ បើតាមលោក Traisulee Traisaranakul. អ្នកនាំពាក្យរដ្ឋាភិបាលថៃបានឲ្យដឹង ទៀតថា ផ្លូវរថភ្លើងកំណាត់ទី ២ កំពុងបន្តស្ថិតក្នុងការវាយតម្លៃ ទៅលើផលប៉ះពាល់ផ្នែកបរិស្ថាន ដូច្នេះវាអាចនឹងចាប់ ផ្តើម ដំណើរការ នៅឆ្នាំ២០២៨។
គម្រោងខាងលើនេះ ស្ថិតនៅក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ប្រកបដោយមហិច្ឆតារបស់ចិន ដើម្បីផ្សាភ្ជាប់ប្រទេសសេដ្ឋ កិច្ចយក្សលំដាប់លេខ ២ នៃពិភពលោកនេះ ជាមួយនឹងបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ អាស៊ីកណ្តាលនិងអាស៊ីខាង ត្បូងជាដើម ព្រមជាមួយនឹងការបង្កើតផ្លូវធ្វើនាវាចរ ជាមួយនឹងប្រទេសមជ្ឈិមបូព៌ា និងអឺរ៉ុបផងដែរ។គួររំឭកថាកាលពីដើមខែ ធ្នូ ឆ្នាំ២០២១ ខ្សែរថភ្លើងភ្ជាប់ពីប្រទេសឡាវ ទៅចិន បានចាប់ផ្តើមដំណើរការជាផ្លូវការ៕