Monday, December 23, 2024
Homeព័ត៌មានអន្តរជាតិយោធាមីយ៉ាន់ម៉ា កាត់ទោសប្រហារជីវិត​សមាជិក​សភា ជនជាតិភាគតិចសុំអោយមានតំបន់គ្មាន​ការ​ហោះហើរ

យោធាមីយ៉ាន់ម៉ា កាត់ទោសប្រហារជីវិត​សមាជិក​សភា ជនជាតិភាគតិចសុំអោយមានតំបន់គ្មាន​ការ​ហោះហើរ

យោធាមីយ៉ាន់ម៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថាតុលាការបានសម្រេចកាត់ទោស​ប្រហារជីវិតសមាជិក​សភាម្នាក់របស់គណបក្សលោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានបណ្តេញចេញពីអំណាចកាលពីខែកុម្ភៈ ពីបទប្រព្រឹត្ត​អំពើភេរវកម្ម។ការកាត់ទោសប្រហារជីវិតនេះគឺដើម្បីបង្កើនការបង្ក្រាបលើមន្ត្រីរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសាព័ត៌មានបារាំងAFP។គូប្រជែងរបស់របបយោធារួមទាំងសម្ព័ន្ធមិត្តនៃសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី បាន​នាំគ្នាលាក់ខ្លួននៅទូទាំងប្រទេសក្រោយរដ្ឋប្រហារ។សេចក្តីថ្លែងការណ៍របស់យោធាបាននិយាយថាលោក U Phyo Zeyar Thaw សមាជិកនៃគណបក្ស NLD ដែលត្រូវបានចាប់​ខ្លួនកាលពីខែវិច្ឆិកា និង ត្រូវកាត់ទោសប្រហារជីវិតពីបទឧក្រិដ្ឋ​នៅក្រោម​សកម្មភាពប្រឆាំងភេរវកម្ម។

សេចក្តីថ្លែងការណ៍បានបន្ថែមថាសកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោម្នាក់ឈ្មោះ Ko Kyaw Min Yu ដែលត្រូវបានគេស្គាល់​ឈ្មោះថា Ko Jimmy” ត្រូវបានកាត់ទោសប្រហារជីវិតដែរដោយសាលាក្តីយោធា។របបយោធាបានកាត់ទោសប្រហារជីវិតសកម្មជនប្រឆាំងរដ្ឋប្រហាររាប់សិបនាក់ដែលជាផ្នែកមួយនៃការបង្រ្កាបរបស់ខ្លួនលើអ្នកប្រឆាំងប៉ុន្តែមីយ៉ាន់ម៉ានេះមិនបានអនុវត្តការប្រហារជីវិតអស់ជាច្រើនទសវត្សរ៍មកហើយ។យោធាបាននិយាយថានៅពេលចាប់ខ្លួនអតីតសមាជិកសភារូបនេះ មានកាំភ្លើងខ្លីចំនួនពីរដើមគ្រាប់រំសេវ និងកាំភ្លើង M-16 មួយដើម។

ជនជាតិភាគតិចអំពាវនាវអោយមានតំបន់គ្មានការហោះហើរ និងសុវត្ថិភាពជនស៊ីវិលអង្គការនយោបាយជនជាតិភាគតិច​ចំណាស់ជាងគេចំនួនបីរបស់ប្រទេសមីយ៉ាន់ម៉ាបានជំរុញឱ្យអង្គការសហប្រជាជាតិ (UN) សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហគមន៍អន្តរជាតិប្រកាសដាក់តំបន់គ្មានការហោះហើរយោធានិងដើម្បីធានាសុវត្ថិភាពជនស៊ីវិល។ការអំពាវនាវនេះបានកើតឡើងបន្ទាប់ពីរបបយោធាបង្កើនការវាយប្រហារតាមអាកាសដោយមិនរើសអើងលើគោលដៅជនស៊ីវិល។

គិតត្រឹមថ្ងៃទី 17 ខែមករា ជនស៊ីវិលប្រមាណ 200,000 នាក់ត្រូវបានផ្លាស់ទីលំនៅដោយការវាយប្រហារ​តាមអាកាសរបស់របប​ហើយអ្នកប្រយុទ្ធនិងជនស៊ីវិលស្លូតត្រង់ជាច្រើននាក់ត្រូវបានសម្លាប់ ឬរងរបួសដោយការវាយឆ្មក់តាមអាកាស។ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ដោយមានមនុស្សជាង 1,400 នាក់ត្រូវ​បាន​សម្លាប់នៅក្នុងការបង្រ្កាបជាបន្តបន្ទាប់លើអ្នកប្រឆាំង។ នេះបើយោងតាមក្រុមឃ្លាំមើលក្នុងស្រុកមួយ៕

RELATED ARTICLES