ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសុក្រ ទី 28 ខែមករា ថាប្រទេសហ្វីលីពីននឹងបើកឡើងវិញទទួលភ្ញៀវទេសចរដែលបានចាក់ វ៉ាក់សាំងពេញលេញពីប្រទេសភាគច្រើនចាប់ពីថ្ងៃទី 10ខែកុម្ភៈហើយនឹងលុបចោលលក្ខខណ្ឌតម្រូវឱ្យនៅដាច់ដោយឡែកពី គេបន្ទាប់ពីបិទព្រំដែនរបស់ខ្លួនជិត២ឆ្នាំដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន បារាំងAFP។
អ្នកនាំពាក្យប្រធានាធិបតីលោក Karlo Nograles បានប្រាប់សន្និសីទសារព័ត៌មានមួយថា ឥឡូវនេះឧស្សាហកម្មទេសចរណ៍ អាចងើបឡើងវិញ ហើយវាអាចរួមចំណែកធំដល់វិស័យការងារ ជីវភាពរស់នៅ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ប្រតិបត្តិករទេសចរណ៍នៅទូទាំងប្រជុំកោះល្បីល្បាញដោយសារឆ្នេរសមុទ្រនិងកន្លែងមុជទឹកត្រូវបានបំផ្លិចបំផ្លាញដោយសារការធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិនិងការរឹតបន្តឹងលើការធ្វើដំណើរក្នុងស្រុក។
សេចក្តីប្រកាសកាលពីថ្ងៃសុក្រអនុញ្ញាតឱ្យមានការធ្វើដំណើរឡើងវិញដោយគ្មានទិដ្ឋាការសម្រាប់ការទស្សនារយៈពេលខ្លីដោយជនជាតិមកពីប្រទេសចំនួន157។អ្នកទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញពីប្រទេស ក្នុងបញ្ជីនឹងត្រូវធ្វើតេស្តអវិជ្ជ មានសម្រាប់កូវីដ-១៩ថ្មីៗមុនពេលហោះហើរទៅកាន់ប្រទេសហ្វីលីពីនហើយនិងមិនត្រូវដាក់ឱ្យនៅដាច់ពីគេនៅពេលមកដល់។ប្រទេសហ្វីលីពីនបានកត់ត្រាការឆ្លងច្រើនជាង ៣,៤លាននាក់និងស្លាប់៥៣០០០នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត៕