Sunday, December 22, 2024
Homeសន្ដិសុខសង្គមជិតចូលរោងការ ឡានបុកកូនក្រមុំរបួសធ្ងន់ កូនកំ​លោះ​ស្លាប់

ជិតចូលរោងការ ឡានបុកកូនក្រមុំរបួសធ្ងន់ កូនកំ​លោះ​ស្លាប់

បន្ទាយមានជ័យ ៖ គូដណ្ដឹង១គូ ជិតដល់ថ្ងៃចូលរោងការទៅហើយ ក៏ជិះម៉ូតូដឹកគ្នា ទៅសែនចូលឆ្នាំចិននៅ​ផ្ទះឪពុកម្ដាយខាងប្រុស ស្រាប់តែមិនទាន់ទៅដល់ផង ក៏ត្រូវរថយន្ដ១គ្រឿង បើកបុក បណ្ដាលឲ្យសាមី​ខ្លួន​កូនកំលោះ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកសាមីខ្លួនកូនក្រមុំ បានរងរបួសធ្ងន់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទី យប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវត្តសិរីមង្គល ស្ថិតក្នុងភូមិព្រែកជីក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី។

លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល​ខេត្ត​បន្ទា​យ​មានជ័យ បានឲ្យដឹងថា  នៅមុនពេលកើតហេតុ មានរថយន្ត ១គ្រឿង ម៉ាក LEXUS RX300 ពណ៌សពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-3250 បើកបរក្នុងទិសដៅពីខាងជើង ទៅខាងត្បូង ក្នុងល្បឿនលឿន លុះទៅ​ដល់ចំណុច​កើត​ហេតុ ត្រង់ផ្លូវផ្លូវកោង រថយន្ដនេះ បានបុកប៉ះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-1154 ជិះដឹកគ្នាពីរនាក់ ក្នុងទិសដៅផ្ទុយគ្នា ពីទិសខាងត្បូង ទៅខាងជើង បណ្តាលឲ្យអ្នកបើកម៉ូតូ ស្លាប់ភ្លាមៗនៅនឹងន្លែង។ ចំណែកអ្នករួមដំណើរ រងរបួសធ្ងន់ បាក់ឆ្អឹងត្រគាក ទាំងសងខាង បញ្ជូនទៅព្យា​បាល​នៅមន្ទីរពេទ្យខេត្តបាត់ដំបង ។

អ្នកបើកបររថយន្ត ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកវត្ថុតាង រថយន្ត និងម៉ូតូ ខូចខាតធ្ងន់ យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយ ។តាមការឲ្យដឹងពីឪពុកជនរងគ្រោះខាងស្រី បានប្រាប់ថា ជនរងគ្រោះទាំង២នាក់ ជាគូដណ្តឹងនឹងគ្នា។ ខាងប្រុស ជាអនាគតកូនប្រសាឈ្មោះអំ សាមឿង អាយុ៣៥ឆ្នាំ រស់នៅភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះ​នេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ និងធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស នៅវិទ្យាល័យប៉ោយប៉ែត នាក្រុងប៉ោយប៉ែត។ ចំណែកកូនស្រីបង្កើតរបស់គាត់ ឈ្មោះឈួន សូណែតសត្យា អាយុ២២ឆ្នាំ ជាគ្រូបង្រៀននៅសាលា​បឋមសិក្សា​ប៉ោយប៉ែត រស់នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបុរី។

លោកបានបន្តថា ពួកគេទាំងពីរនាក់ ជាគូដណ្តឹងនឹងគ្នា ជិតដល់ថ្ងៃរៀបការ គឺនៅថ្ងៃទី១២ ខែកុម្ភៈ ខាងមុខនេះ ហើយក៏បាននិងកំពុងដើរចែកសំបុត្រអញ្ជើញភ្ញៀវ បានមួយចំនួន រួចហើយផងដែរ ។នៅមុនពេលកើតហេតុ ពួកគេទាំងពីរនាក់ បានចេញពីផ្ទះ នៅភូមិអូរអណ្តូង ទៅលេងផ្ទះ ឪពុកម្តាយខាងប្រុស នៅភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ហើយក៏បានជួបគ្រោះ អកុសលនេះតែម្តង។

លោកកែម ចន នាយកវិទ្យាល័យប៉ោយប៉ែតក្រុង បានឲ្យដឹងថា លោក និងគណៈគ្រប់គ្រង ព្រមទាំងបុគ្គលិក បានទៅចូលរួមរំលែកទុក្ខ នៅក្នុងពិធីបុណ្យសពសាស្ត្រាចារ្យភាសាអង់គ្លេស ឈ្មោះ អំ សាមឿង អាយុ៣៥ឆ្នាំ រស់នៅភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះ នេត្រព្រះ។ ក្នុងនាមមន្ត្រីអប់រំ និងសាលារៀន លោកមាន​ការសោកស្តាយយ៉ាងខ្លាំង ចំពោះបាត់បង់ធនធានមនុស្សដ៏ល្អរបស់សាលា៕

RELATED ARTICLES