ភ្នំពេញ៖ក្រោយមានប្ដីនិងកូនវាមិនងាយស្រួលនោះទេ សម្រាប់តារាចម្រៀងដែលចង់ឲ្យទីផ្សារសិល្បៈរបស់គេខ្លាំងក្លាដូចកាលនៅលីវឡើងវិញនោះព្រោះថាការប្រែប្រួលរូបសម្រស់ ,ឡើងទម្ងន់ក៍ជាកត្តានាំមកនូវឧបស័ក្កដែលពិបាកស្ដារមុខមាត់ឡើងវិញដែរ។ដោយឡែកសម្រាប់ឱក សុគន្ធកញ្ញា វិញទោះជាគ្រប់គ្នាមើលឃើញថានាងជាតារាម្នាក់ដែលមានឥទ្ធិពលបំផុតនៅហង្សមាសគឺក្រោយក្លាយជាប្អូនថ្លៃថៅកែហង្សមាសនាងប្រៀបបានម្ចាស់ផលិតកម្មធំនេះក្ដី ប៉ុន្ដែមិនអាចបង្ខំឲ្យអ្នកគាំទ្រថានៅតែស្មោះស័គ្រស្ដាប់បទចម្រៀងនាងដូចមុនឡើយ ព្រោះថាពេលនេះតារារៈមកថ្មីៗព្រោងព្រាតធ្វើឲ្យFan របស់ពួកគេបែកខ្ញែក។ អ្នកជំនាញសិល្បៈមើលឃើញថាឱក សុគន្ធកញ្ញា នាងព្យាយាមខ្លាំងណាស់ក្នុងការរក្សារលំនឹងនៅហង្សមាស ដើម្បីកុំឲ្យធ្លាក់ចុះ ក្នុងនោះមានដូចជាទី១៖សម្រកគីឡូ,ទី២៖ប្រើប្រាស់ជំនាញចាស់តាមរយៈការបញ្ចេញសម្ថភាពជានាថការីរបាំឡើងវិញ និងទី៣៖រឿងដែលគ្រប់គ្នាមិននឹកស្មានដល់នោះគឺភរិយារបស់លោកអ៊ឹង សុខលី រូបនេះព្រមសម្ដែងឈុតឆាកដែលនាងមិនធ្លាប់បានលេងទាល់តែសោះក្នុងអាជីពនោះគឺការសម្ដែងជាខ្សែរឿងជាមួយសុខ ស្រីនាង តាមរយៈការស្រលាញ់ស្រីដូចគ្នា(ស្រលាញ់ភេទដូចគ្នា)។
អ្វីៗគ្រប់យ៉ាងត្រូវបានគេដឹងថាសុគន្ធកញ្ញា ប្រឹងប្រែងខ្លាំងណាស់ដើម្បីកែប្រែទីផ្សារចម្រៀងរបស់នាងឲ្យស្ទុះឡើងជាថ្មីម្ដងទៀត ប៉ុន្ដែអ្វីៗហាក់មិនបានដូចចិត្តនោះទេ ព្រោះបទចម្រៀងរបស់នាងមិនសូវមានសន្ទុះនៃការគាំទ្រ ឬផ្ទុះខ្លាំងដូចមុនឡើយ ខណៈដែលទស្សនិកជនមើលឃើញថារយៈពេលចុងក្រោយនេះតារាស្រីនៅហង្សមាសមានតែរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះដែលលោតឡើងជាងមិត្តរួមក្រុម។ប៉ុន្ដែសុគន្ធកញ្ញា នៅមានច្រកផ្លូវ២ទៀតដែលសង្ឃឹមថាអាចកែកុនទីផ្សារសិល្បៈរបស់នាងឲ្យត្រដែតជាងនោះគឺទី១៖ការចាប់ដៃគ្នាជាមួយលោកខេម ប៊ុនថៃ ថតភាពយន្ដថ្មី និងទី២៖ការចេញមុខជាថ្មីធ្វើជាCoach និងគណៈកម្មារការប្រលងចម្រៀងទាំង៤គឺThe Voice Cambodia ,The Voice Kids Cambodia ,Cambodian Idol និងX Factor Cambodia ដែលកម្មវិធីទាំងនេះនៅក្រោមការគ្រប់គ្រងរបស់ស្វាមីនាងលោកអ៊ឹង សុខលី ។
មតិមហាជនយល់ឃើញថាឱក សុកន្ធកញ្ញា ខំប្រឹងដើរគេចចេញពីការជាន់ដានតារាមួយចំនួនទៀតដែលឲ្យតែពួកគេមានប្ដីនិងកូនហើយគឺមិនអាចស្ដារមុខមាត់ឡើងវិញបាននោះទេព្រោះខ្លះធ្លាក់ហៅមិនឭឡើយ។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់ផ្ដាំទៅអ្នកគាំទ្រសុគន្ធកញ្ញា ថាកុំឲ្យមានការបារម្ភច្រើនអីព្រោះដាច់ខាតហង្សមាសនឹងមិនបណ្ដោយឲ្យសុគន្ធកញ្ញា ធ្លាក់ចុះជាដាច់ខាត។
ឱក សុគន្ធកញ្ញា មានអាយុ៣៥ឆ្នាំហើយតែសម្រស់របស់នាងមិនប្រែប្រួលខ្លាំងនោះទេក្រោយមានកូននិងប្ដីនេះ គឺគ្រាន់តែរាងឡើងគីឡូជ្រុលបន្ដិចទើបអ្នកខ្លះហៅនាងថា”បែកសាច់”ជាងមុន។ទោះជាទីផ្សារចម្រៀងរបស់សុគន្ធកញ្ញា មិនទាន់កក្រើកដូចមុនក្ដី តែជីវិតនាងពោពេញទៅដោយក្ដីសុខព្រោះស្វាមីនាងលោកសុខលី ដែលធ្លាប់លេចឭថាមានសង្សារជាតារាស្រីស្អាតៗជាច្រើនមកហើយនោះពេលនេះលោកស្រលាញ់និងថ្នាក់ថ្នមភរិយាដូចកែវភ្នែកដោយគ្រប់ពេលអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាសរូបនេះតែងតែហៅសុគន្ធកញ្ញា ថាជា”ឧត្តមភរិយា”ទៀតផង។រីឯសុគន្ធកញ្ញា វិញក្រោយមានប្ដីជាង២ឆ្នាំនេះនាងមិនដែលឡើងច្រៀងសម្ដែងនៅប៉ុស្ដិ៍ទូរទស្សន៍ផ្សេងៗដូចមុននោះទេគឺច្រៀងឲ្យតែប៉ុស្ដិ៍ស្វាមីនាងប៉ុណ្ណោះ ខណៈដែលប្រាក់ចំណូលពីសិល្បៈរបស់នាងក៍មិនធ្លាក់ចុះខ្លាំងដែរព្រោះគេឃើញតារាកូន១រូបនេះនៅតែក្ដាប់បានទីផ្សារស្ពតពាណិជ្ជកម្មធំៗដដែល។មជ្ឈដ្ឋានមហាជនរងចាំមើលថាតើក្រោយឱក សុគន្ធកញ្ញា ហ៊ានលេងស្រលាញ់ភេទដូចគ្នាជាមួយសុខ ស្រីនាង នឹងធ្វើឲ្យទីផ្សារចម្រៀងរបស់នាងមានការប្រែប្រួលឬអត់?ឬមួយក៍ប្អូនថ្លៃថៅកែហង្សមាសលែងឡើងទៀតហើយ?