ភ្នំពេញ៖តារាកំប្លែងរូបស្រស់របស់Ctn កញ្ញាវ៉ាន់ នីឡា បានបញ្ចេញរូបថតPre-Wedding របស់ខ្លួនជាមួយគូដណ្ដឹងលោកស៊ុត សក្ការៈ កាលពីពេលថ្មីៗនេះដែលបញ្ជាក់ថានាងនិងអនាគតស្វាមីបានត្រៀមទាំងចិត្តទាំងកាយដើម្បីចូលរោងការនៅពេលឆាប់ៗនេះហើយ។ការថតរូបតាំងរោងការរបស់វ៉ាន់ នីឡា នេះក្រោយពីអ្នកទាំងពីរបានលើកពេលរៀបការ២លើកមកហើយដោយសារតែកូវីដ។
លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិច ទ័រ ជាឪពុករបស់វ៉ាន់ នីឡា បានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីថ្ងៃទី១៧កុម្ភៈ ថាកូនស្រីរបស់លោកពិតជាត្រូវចូលរោងការនៅអំឡុងពាក់កណ្ដាលខែមីនាឆ្នាំ២០២២ ខាងមុខនេះមែន ព្រោះពេលនេះក្រុមគ្រួសារទាំងសងខាងបានឯកភាពគ្នាថាធ្វើនៅពេលហ្នឹងហើយ។ទោះជាយ៉ាងណាលោកវ៉ិចទ័រ បានឲ្យដឹងទៀតថាបញ្ហារផ្ទុះកូវីដ ឡើងវិញនារយៈពេលចុងក្រោយនេះក៍ជាក្ដីកង្វល់មួយសម្រាប់ពិធីរៀបអាពាហ៍ ពិពាហ៍របស់កូនស្រីរបស់លោកដែរ ហេតុនេះហើយបានជាពេលនេះលោកបានតាមដានដោយយកចិត្តទុកដាក់ជានិច្ចព្រោះថាការកូនស្រីម្ដងចង់ធ្វើឲ្យសប្បាយ តែដល់ពេលកូវីដកម្រើកឡើងវិញបែបនេះគឺមានតែធ្វើពិធីការកូនដោយគោរពតាមវិធានរបស់ក្រសួងសុខាភិបាលជានិច្ច។លោកសុវណ្ណ រិទ្ធី ដែលជាអ្នកអ្នកដឹកនាំក្រុមកំប្លែងCTN ថាពេលនេះលោកនិងគ្រួសារទាំងសងខាងបានឯកភាពគ្នាហើយថាត្រូវតែការកូនស្រីទៅតាមគម្រោងគឺនៅពាក់កណ្ដាលខែមីនា បើទោះជាឥឡូវលោកត្រូវមិនទាន់បានកក់ទីតាំងប្រារពិធី និងកំណត់ថ្ងៃជាក់លាក់ដោយសារតែចាំអ៊ុតមើលរឿងស្ថានភាពកូវីដនេះយ៉ាងយកចិត្តទុកដាក់បំផុតក្ដី តែមង្គលការមិនបានលើកឬពន្យាពេលនោះទេ។
វ៉ាន់ នីឡា បានលើកពេលរៀបមង្គលការកាលពីចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២១ ព្រោះតែកូវីដ ផ្ទុះរហូតមក។ប៉ុន្ដែការសម្រេចចិត្តដឹកដៃគូដណ្ដឹងរៀបការនៅខែមីនា នេះដោយសារតែលោកតាអាចារ្យដេញពេលាថាពួកគេអាចរៀបការនៅពេលនេះបាន ទើបសម្រេចចិត្តមិនលុបពេលរៀបការជាលើកទី៣។យ៉ាងណាតារាកំប្លែងដែលមានរូបសម្រស់ស្អាតជាងគេនៅក្រុមកំប្លែងCTN រូបនេះត្រូវបានលោកតាវ៉ិចទ័រ ផ្ដល់សិទ្ធិឲ្យនាងជ្រើសរើសដោយខ្លួនឯងថាក្រោយមានសា្វមីនីឡា នឹងបន្ដអាជីពកំប្លែងតទៅទៀតឬយ៉ាងណានោះ?
លោកតាវ៉ិច ទ័រ បន្ថែមថាក្រោយនីឡា មានគ្រួសារគេចង់លេងកំប្លែងទៀតឬយ៉ាងណានោះលោកសូមទុកសិទ្ធិឲ្យកូនជាអ្នកសម្រេចចិត្តដោយខ្លួនឯងទៅចុះ តែមើលទៅនាងដូចជាមិនអីនោះទេ។សម្រាប់នីឡា វិញក៍ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាពេលនាងមានប្ដីគឺនៅតែបន្ដអាជីពសិល្បៈជាធម្មតា ដូចមុនព្រោះថាលោកសក្ការៈ មិនដែលចេះប្រណ្ឌនាងឡើយ សូម្បីតែពេលខ្លះមានឈុតឆាកស្នេហានាងលេងលើឆាកតែគូដណ្ដឹងអត់ក្វល់ទេ ព្រោះលោកយល់ច្បាស់ពីសិល្បៈ។តែនីឡា ថានាងគ្មានបំណងវិលមកចាប់អាជីពជាតារាចម្រៀងនិងជាពិធីការិនីវិញនោះទេ ព្រោះថានាងស្រលាញ់តែការលេងកំប្លែងតែមួយមុខប៉ុណ្ណោះ។គូររំលឹកថាស្រីស្រស់វ៉ាន់ នីឡា ធ្លាប់បានភ្ជាប់ពាក្យជាមួយលោកផន រង្សី ជាកូនថៅកែល្ខោនភី សុគន្ធី កាលពីឆ្នាំ២០១៨ ប៉ុន្ដែបានចែកផ្លូវគ្នាវិញហើយលោករង្សី បានភ្ជាប់ស្នេហ៍ថ្មីជាមួយកូនក្រមុំអ្នកខេត្តតាកែវ និងបានរៀបការមុននីឡា តាំងពីក្រោយបែកបាក់ម្លេះ។
ចំពោះនីឡា ក៍មិនទុកបេះដូងឲ្យនៅទំនេរដែរដោយនាងបានផ្សារភ្ជាប់ស្នេហ៍ថ្មីជាមួយលោកស៊ុត សក្ការៈ ដែលជាកូនរបស់អ្នកស្រីសរ មុន្នីរស្មី និងត្រូវជាភរិយាថ្មីរបស់លោកព្រីង ច័ន្ទបុត្រ ហៅនាយចេក ទើបនីឡា ត្រូវហៅនាយចេក ថាជា”ឪក្មេក”។មង្គលការរបស់វ៉ាន់ នីឡា នឹងលេចមុខវត្តមានតារាកំប្លែងល្បីៗជាច្រើនរូប និងតារាជាច្រើនដួងទៅបង្ហាញខ្លួនជាមិនខានព្រោះថាឪពុករបស់នាងលោកសុវណ្ណ រិទ្ធី ហៅតាវ៉ិចទ័រ ជាអ្នកមានឥទ្ធិពលម្នាក់ក្នុងសិល្បៈដែលមានតារាជាច្រើនគោរពនិងឲ្យតម្លៃលលើស្នាដៃរបស់លោក។ចំណែកនីឡា វិញទោះនាងជាអ្នកកំប្លែងវ័យក្មេងជាងគេមែន ប៉ុន្ដែនាងត្រូវបានគេស្គាល់ច្បាស់ហើយមានមិត្តភក្ដិតារារួមអាជីពក៍ច្រើនដែរ ហេតុនេះហើយភ្ញៀវចូលរួមមង្គលការរបស់នាងភាគច្រើនត្រូវបានគេសន្និដ្ឋានថាជាតារាសិល្បករតែម្ដង៕