ភ្នំពេញ៖តារាចម្រៀងខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ បានបញ្ចេញរឿងលោកត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ត្រាស់បង្គប់ផ្ដល់គោរពងារជា”ឧកញ៉ា”កាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២២ ធ្វើឲ្យនៅក្នុងពិភពសិល្បៈពេលនេះមានតារាដល់ទៅ៣ដួងហើយដែលបានងារឧកញ៉ា គិតត្រឹមឆ្នាំ២០២២ នេះ។
១៖លោកទុំ សារុត ហៅនាយឃ្លោគ ៖បានឡើងឧកញ៉ាកាលពីឆ្នាំ២០១៥ ហើយអតីតអ្នកកំប្លែងរូបនេះបានផ្ដាច់ខ្លួនពីអាជីពសិល្បៈបន្ដិចម្ដងៗរហូតដល់បាត់មុខពីឆាកទាំងស្រុងដោយបច្ចុប្បន្ន លោកឧកញ៉ាឃ្លោគ ធ្វើជំនួញលក់ខ្សាច់ និងផលិតផលតាមOnline ជាច្រើនមុខ។ជាមួយសម្លៀកបំពាក់ជាអ្នកធំលោកឧកញ៉ាឃ្លោគ នៅពេលចូលរួមកម្មវិធីអ្នកសិល្បៈជិតដិតលោកតែងតែឧបត្ថម្ភលុយកាក់ទៅអ្នកភ្លេង,សិល្បកររួមអាជីព និងផ្ដល់អំណោយដល់តារាចាស់ជរាដែលគ្មានទីពឹងផងដែរ។អ្វីដែលគូរឲ្យកត់សម្គាល់នៅក្នុងកម្មវិធីបង្ហាញរថយន្ដថ្មីៗកន្លងមកឲ្យតែលោកឧកញ៉ាឃ្លោគ ចូលរួមគឺទិញឡានម្ដង៣គ្រឿងតែម្ដងទើបធ្វើឲ្យអ្នកលក់មិនអាចភ្លេចអញ្ជើញលោកឧកញ៉ាឲ្យចូលរួមឡើយ។
២៖លាន អាហ្វ្រីលគីនីន៖អតីតតារាចម្រៀង និងពិធីកររូបនេះបានទទួលស្គាល់កាលពីចុងឆ្នាំ២០១៩ ថាលោកពិតជាឡើងឧកញ៉ាមែន។ស្វាមីអ្នកនាងកែវ វល័ក្ខ រូបនេះបច្ចុប្បន្ន បានងាកទៅធ្វើជំនួញរកស៊ីផ្នែកអចលនទ្រព្យហើយលោកជិះរថយន្ដទំនើបៗមិនចាញ់ឧកញ៉ាល្បីឈ្មោះផ្សេងទៀតឡើយ។លោកគីនីន ក៍ត្រូវបានគេដឹងថាមានបងថ្លៃជាមន្រ្ដីធំដ៍មានអំណាចម្នាក់ដែរនោះគឺលោកនាយឧត្តមសេនីយ៍ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ដែលត្រូវជាសា្វមីរបស់អ្នកនាងកែវ ពិសី ឬជាបងថ្លៃលោកគីនីន ។
៣៖ខែម ប៊ុនថៃ ៖ខេមរៈ សិរីមន្ដ បានឡើងងារឧកញ៉ាកាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២២ បន្ទាប់ពីនៅថ្ងៃទី២៤ខែធ្នូឆ្នាំ២០២១ លោកបានឆ្លើយតបសំណួររបស់អ្នកកាសែតថាតើចង់ធ្វើជាឧកញ៉ាឬអត់នោះដោយលោកប៊ុនថៃ អះអាងថាបើព្រះមហាក្សត្រសព្វព្រះរាជហឬភ័យយ៉ាងណាលោកនឹងទទួលយក។ឥឡូវលោកប៊ុនថៃ ឡើងធ្វើ”ឧកញ៉ា”មែន ដែលចាប់ពីពេលនេះតទៅនៅតាមបណ្ដារឆាកតន្រ្ដីទាំងឡាយពិធីករអាចប្រកាសហៅឈ្មោះលោកថា”តារាចម្រៀងឧកញ៉ាខេមរៈ សិរីមន្ដ”។
ក្រៅពីនាយឃ្លោគ,លាន អាហ្វ្រីលគីនីន និងខែម ប៊ុនថៃ ដែលឡើងធ្វើឧកញ៉ាព្រមគ្នានោះកន្លងមកអតីតតារាសម្ដែងលោកសម តារានិងទេព វាសនា ជាដើមពេលនេះក៍បានក្លាយទៅជាមន្រ្ដីធំផងដែរ ហើយទស្សនិកជនរងចាំមើលថាតារាបន្ទាប់ដែលឡើងឧកញ៉ា នឹងជាម្នាក់ណាទៅ?
លោកគ្រូភ្លេង(Composer)ម្នាក់នៅហង្សមាសដែលនិយាយសុំមិនឲ្យដាក់ឈ្មោះថាការឡើងជាឧកញ៉ារបស់ខេមរៈ សិរីមន្ដ នៅពេលនេះបញ្ជាក់ថាសិរីមន្ដ ចេញធ្វើជំនួញរកស៊ីក្រៅសិល្បៈមុននេះជោគជ័យទើបបានងារមួយនេះ។លោកថាមិនមានអ្វីប្រែប្រួលឬប្លែកច្រើនទេទាក់ទងកេរ្តិ៍ឈ្មោះរបស់សិរីមន្ដ ក្រោយក្លាយជាឧកញ៉ានេះព្រោះនៅក្នុងអាជីពចម្រៀងផ្សេងរឿងរកស៊ីផ្សឹង។លោកបន្ថែមថាកន្លងមកអ្នកលក់ឡេមួយចំនួនក៍ឡើងជាឧកញ៉ាដែរ ហេតុនេះហើយពេលសិរីមន្ដ ទទួលបានគោរពងារនេះស្រួលរកស៊ីព្រោះគេទទួលស្គាល់ថាសិរីមន្ដ ជាអ្នកមានទ្រព្យម្នាក់ទៅហើយ៕