Wednesday, October 23, 2024
Homeសន្ដិសុខសង្គមគ្រូវ៉ៃសិស្ស ម៉ែប្តឹងទារ២ពាន់ដុល្លារ

គ្រូវ៉ៃសិស្ស ម៉ែប្តឹងទារ២ពាន់ដុល្លារ

ខេត្តកំពត ៖ ស្ត្រីមេម៉ាយម្នាក់ឈ្មោះ រិន ស្រីម៉ៅ អាយុ៣៣ឆ្នាំ ត្រូវជាអាណាព្យាបាលរបស់សិស្សឈ្មោះរិទ្ធ ភិរុណ ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៦ នៅសាលាបឋមសិក្សាកំពង់គ្រែងសួរ ស្ថិតក្នុងឃុំកំពង់គ្រែង ស្រុក​ទឹកឈូ បានមកដាក់ពាក្យបណ្តឹងនៅ ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដោយប្តឹង​ទៅ​លើឈ្មោះសួង រ៉ែន ដែលជាគ្រូប្រចាំថ្នាក់ បង្រៀននៅសាលាបឋមសិក្សាខាងលើថា បានប្រើប្រាស់អំពើ​ហិង្សា​ដោយ​វាយ និងខោកក្បាលកូនរបស់គាត់ជាញឹកញាប់ រហូតកូនគាត់អត់ទ្រាំមិនបាន ក៏បានរាយការណ៍ប្រាប់​ទៅ​លោកនាយកសាលា ដើម្បីជួយអន្តរាគមន៍កុំឱ្យគ្រូធ្វើបាបមកលើខ្លួនទៀត ក្រោយមកលោកគ្រូនាយក​សាលាក៏​បានហៅលោកគ្រូប្រចាំថ្នាក់ រូបនោះមកធ្វើការអប់រំ កុំឱ្យប្រើអំពើហិង្សាទៅលើក្មេង​ជាសិស្សក្នុងថ្នាក់​នេះ​បន្ត​ទៀត​ ស្រាប់​តែគ្រូប្រចាំថ្នាក់ឈ្មោះសួង រ៉ែន បានគំរាមកូនប្រុសរបស់គាត់ និងដេញចេញពីថ្នាក់រៀន រហូតធ្វើកូន​ប្រុសគាត់ភ័យខ្លាចលែងហ៊ានចូលសាលារៀន។តាមសម្តីស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា ដោយសារតែរូបគាត់ជាស្ត្រីមេម៉ាយ ជួបការ​លំ​បាក​ក្នុងជីវភាពគ្រួសារផងនោះ ទើបគាត់បានទុកកូនឱ្យនៅ​ជា​មួយ​​​ជីដូនដែលត្រូវជាម្តាយរបស់ខ្លួន ហើយខ្លួន​វិញក៏ទៅធ្វើការក្នុងក្រុមហ៊ុនឯកជនមួយ នៅខេត្តតាកែវ ហើយ​នៅពេលកូនមានបញ្ហាដូច្នេះ ជីដូនដែល​ត្រូវជា​ម្តាយរបស់ខ្លួន បានទូរស័ព្ទទៅប្រាប់ឱ្យមក​ដោះស្រាយគ្នា​ជាមួយ​គ្រូ និងនាយកគ្រប់គ្រង​សាលាបឋម​សិក្សាខាង​លើ ដែលកូនប្រុសគាត់មិនហ៊ានចូលសាលាអស់រយៈ ៤ទៅ៥​ថ្ងៃមកហើយ ចាប់តាំងពីក្រោយពេលកើតហេតុ (នៅ​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២) រហូតមកដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងមកនេះ ទើបមានការដោះ​ស្រាយ​សម្របសម្រួលគ្នាពីខាងគណៈកម្មការប្រឹក្សាវិន័យ និងនាយ​កសាលា ដោយមានម្តាយកុមាររងគ្រោះ និងគ្រូ​ប្រចាំថ្នាក់ដែលរងការចោទប្រកាន់ ចូលរួមដោះស្រាយផងនោះ មកធ្វើការដោះស្រាយសម្របសម្រួលគ្នា ព្រម​ទាំងដាក់ពិន័យដល់គ្រូដែលរងការចោទប្រកាន់នោះ ដោយដក​ឱ្យទៅបង្រៀននៅថ្នាក់ផ្សេង ហើយយកគ្រូផ្សេង​ឱ្យទៅបង្រៀនថ្នាក់ទី៦ ជំនួសគ្រូដែលមាន​បញ្ហារងការចោទ​ប្រ​កាន់ពីអាណាព្យាបាលក្មេងខាងលើនោះផងដែរ។

យោងតាមប្រភពព័ត៌មានពីលោកនាយកសាលាឈ្មោះរិន ជឿន បានប្រាប់ថា ការសម្របសម្រួលរវាងអា​ណា​ព្យាបាលក្មេង និងគ្រូប្រចាំថ្នាក់ដែលរងការចោទប្រកាន់ពីសំណាក់អាណាព្យាបាលក្មេង កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅសាលាខាងលើនោះ មិនបានសម្រេចនោះទេ ដោយភាគីខាងអាណា​ព្យាបាលក្មេង ទារសំណងជំងឺចិត្តពីគ្រូដែលរងការចោទប្រកាន់នោះ ចំនួនទឹកប្រាក់ ២ពាន់ដុល្លារ ទើបព្រម​បញ្ចប់រឿង។ ដោយអាណាព្យាបាលនោះនិយាយថា ដើម្បីយកប្រាក់នោះទៅបម្រើសេវាឱ្យគ្រូ​ពេទ្យពិនិត្យក្បាល​ដែលត្រូវគ្រូវាយ និងខោកជាច្រើនលើកច្រើនសានោះផង និងដើម្បីធ្វើសាហ៊ុយក្នុងការ​ធ្វើសំណុំបែបបទបទ​សុំ​ផ្លាស់កូនឱ្យចូលរៀននៅសាលាផ្សេងទៀតផង។ប៉ុន្តែសំណូមពររបស់ស្ត្រីជាអាណាព្យាបាលក្មេងរូបនេះ ត្រូវបាន​គ្រូ​ប្រ​ចាំថ្នាក់ដែលរងការចោទប្រកាន់នោះ បដិសេធ មិនមានលទ្ធភាពប្រគល់ជូនតាមសំណូមពរនោះទេ។ ជាមួយ​គ្នានេះដែរ ក្រុមការងាររបស់សាលា ដែលបានចូលរួមក្នុងការសម្របសម្រួលនេះ បានប្តូរយោ​បល់ដូ​ច្នេះ​ថា ដើម្បីធ្វើការសម្របសម្រួល សូមយកក្មេងដែលសង្ស័យថាពាក់ព័ន្ធនឹងសុខភាពដោយអំពើហិង្សានោះ ទៅឱ្យ​គ្រូពេទ្យពិនិត្យ រួចហើយ សាមីខ្លួនគ្រូដែលរងការចោទប្រកាន់នោះ ត្រូវចំណាយសេវាពិនិត្យរបស់ពេទ្យ និងថ្នាំ​ពេទ្យ ឬក៏ជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន ៥០០ដុល្លារឱ្យ ទៅអាណាព្យាបាលក្មេងរងគ្រោះនោះ (នេះជាយោ​បល់​របស់អ្នកចូលរួម) ជួយផ្តល់ជាយោបល់ ប៉ុន្តែភាគីខាងអាណាព្យាបាលក្មេង បដិសេធមិនទទួលយកបានទេ។

ចំណែកលោកគ្រូដែលរងការចោទប្រកាន់នោះ បានឆ្លើយបំភ្លឺតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០​២២ ថា រឿងនេះ ក្មេងក៏ខុស ខ្លួនក៏ខុស ហើយក្នុងការវាយបន្តិចបន្តួចនេះ ក្នុងនាមអប់រំកុំឱ្យក្មេងមិន​ស្តាប់ការព​ន្យល់​នៅក្នុងថ្នាក់ ដូចជា ងាកមុខ ងាកក្រោយ មិនស្តាប់ការណែនាំពន្យល់ ទើបខ្លួនជាគ្រូ ត្រូវវាយខ្លះទៅបើមិន​ឱ្យវាយ ឬប្រដៅខ្លះទេ មានតែទុកឱ្យក្មេងកាន់តែមិនគោរពវិន័យ នាំគំរូមិនល្អដល់សិស្សដទៃទៀត ហើយម៉្យាង​ទៀត​ខាង​សាលា​ដាក់ពិន័យឱ្យខ្លួនទៅបង្រៀនថ្នាក់ផ្សេង ក៏ខ្លួនព្រមទៅ ដោយឥតប្រកែកនោះឡើយ។លោកគ្រូរូបនេះ បន្តថា ដោយម្តាយក្មេងទារសំណងជំងឺចិត្តធ្ងន់ពេក ដល់ទៅ២ពាន់ដុល្លារ ស្មើនឹង ៨លានរៀល ខ្លួនមិនមានលទ្ធភាពរកប្រាក់ឯណាបង់ឱ្យនោះទេ ព្រោះប្រាក់ខែបន្តិចបន្តួច រកតែលុយចិញ្ចឹមកូនមិន​ចង់រស់ផង​សព្វថ្ងៃនេះ។

រីឯស្ត្រីឈ្មោះ រិន ស្រីម៉ៅ ដែលជាអាណាព្យាបាលក្មេងខាងលើនោះ បានបញ្ជាក់ឱ្យដឹងកាលពី ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ថា  ការដោះស្រាយសម្របសម្រួលពីសំណាក់គណៈកម្មការក្រុមប្រឹក្សាវិន័យរបស់សាលា និងនាយកគ្រប់គ្រងសាលាខាងលើ ជាមួយគាត់ដែលជា អាណាព្យាបាលសិស្សរងគ្រោះ មិនបានសម្រេច​នោះ​ទេ ដោយគាត់ទារសំណងការពិនិត្យសុខភាព និងផ្លាស់ប្តូរយកកូនទៅរៀននៅសាលាថ្មី តែសាមីខ្លួនអ្នកប្រព្រឹត្ត មិនយល់ព្រមតាមសំណូមពររបស់គាត់នាះទេ៕

RELATED ARTICLES