Wednesday, October 23, 2024
Homeតារាខ្មែរហេតុអីព្រាប សុវត្ថិ មានលុយ៣០លានដុល្លារ មិនទាន់​ឡើង​ធ្វើឧកញ៉ា?

ហេតុអីព្រាប សុវត្ថិ មានលុយ៣០លានដុល្លារ មិនទាន់​ឡើង​ធ្វើឧកញ៉ា?

ភ្នំពេញ៖មនុស្សជំនិតបំផុតរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ធ្លាប់ទម្លាយប្រាប់អ្នកកាសែត​កាល​ពីខែកញ្ញា​ឆ្នាំ២០​២០ ថាតារាចម្រៀងព្រាប សុវត្ថិ មានទ្រព្យសរុបខ្ទង់ចំនួន៣០លាន​ដុល្លារ​​ក្រោយចាប់អាជីព​ចម្រៀងរយៈ​ពេលជាង២០ឆ្នាំ។ប៉ុន្ដែអ្វីដែល​ជាចម្ងល់របស់​មហាជន​ថាហេតុអី​បាន​ជាលោកព្រាប សុវត្ថ មិនទាន់ឡើង​ជា”​ឧក​ញ៉ា” ខណៈដែលថ្មីៗនេះលោកខែម ប៊ុនថៃ ហៅខេមរៈ សិរីម​ន្ដ  ទទួលបានគោរម្យងារនេះ កាលពីថ្ងៃទី១១ខែ​កុម្ភៈ​ឆ្នាំ២០២២ ទៅ​ហើយ​។

  ព្រាប សុវត្ថិ ត្រូវបានគេចាត់ទុកប្រៀបបានជាសេដ្ឋីម្នាក់​នៅក្នុងសិល្បៈព្រោះតែលោក​មាន​ទ្រព្យស្ដុក និងមាន​មុខរបរច្រើនក្រៅពីសិល្បៈដូច ជាហាងកាត់ដេ,កាត់សក់,ភោជនីយ ដ្ឋាន”ផ្ទះព្រាប សុវត្ថិ “និងកំពុងសង់Resort មួយនៅភូមិពូទ្រូ ឃុំសែន​ឃុំមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌុលគិរី ដោយចំណាយលុយជាច្រើនសែនដុល្លារ។ការមានបង្កើត​មុខជំនួញជា​បន្ដ​​បន្ទាប់​​របស់ព្រាប សុវត្ថិ បែបនេះអាចនិយាយបានថាទោះជាអតីតតារាហង្សមាស​រូបនេះ​លែង​ច្រៀងក៍លោកគ្មានការបារម្ភពីហានិភ័យសេដ្ឋកិច្ចដែរព្រោះ​ថាបច្ចុប្បន្នលោកត្រូវបានគេចាត់​ទុកថា​ជា​តារាម្នាក់ដែលមានលុយច្រើនជាងគេក្នុងសិល្បៈទៅហើយ។ប៉ុន្ដែព្រាប សុវត្ថិ នៅតែ​មិន​ទាន់​ឡើងធ្វើជា​ឧក​ញ៉ា​នោះទេ ខណៈដែលមុននេះនាយឃ្លោគ ,លាន អាហ្វ្រីល​គីនីន និងខេម ប៊ុនថៃ សុទ្ធតែបានឡើង​ទៅជា​ឧក​ញ៉ាដូចគ្នា។

លោកគ្រូភ្លេង(Composer)ម្នាក់នៅហង្សមាសដែលធ្លាប់ធ្វើការជាមួយព្រាប សុវត្ថិ ជា​ច្រើន​ឆ្នាំមុនលោកចេញពី​ហង្សមាសទៅGalaxy  នោះបានប្រាប់”នគរធំ”តាមទូរស័ព្ទ​កាលពី​ពេលថ្មីៗនេះថាលោកមិនអាចដឹងថាតើព្រាប សុវត្ថិ នឹងបានគោរម្យងារជាឧកញ៉ា ដែរឬអត់ទេ ។លោកលើកឡើងថាអ្នកខ្លះឆ្ងល់ថាហេតុអីព្រាប សុវត្ថិ ហាក់​ដើរតាមក្រោយខេមរៈ សិរីមន្ដ រហូតទាំងការលេងម៉ូដឡាន ឬជាឧកញ៉ាជាដើម តែតាមលោកយល់មិនដូច្នេះទេ​។Compo​ser​ រូប​នោះសង្កត់ថាមនុស្សយើងគេមិនមែនវាយតម្លៃថាមានឡានល្អ១ ឡូយជាងគេ  អស្ចា​រ្យ​ជាង​គេ​នោះទេ ប៉ុន្ដែជាទូទៅគេវាយតម្លៃលទ្ធផល​សរុប។លោកបន្ថែមថាគ្រប់គ្នារួម​ទាំង​លោក​ផងមិនដឹងថាព្រាប សុវត្ថិ មានផ្ទះនៅភ្នំពេញប៉ុន្មានកន្លែងនោះទេ អីចឹងពិបាក​និយា​យ​ថាថ្ងៃមុខព្រាប សុវត្ថិ ចង់ធ្វើឧកញ៉ាដែរ​ឬអត់នោះ​ព្រោះតែនៅលើព្រាប សុវត្ថិ ដែរ។លោកថា​ពេល​នេះ​ខេមរៈ សិរីមន្ដ បានងារឧកញ៉ា​ដូចថៅកែហង្ស​មាស​លោក​ឧកញ៉ាអ៊ឹង ឆៃងួន អីចឹងគឺ​នៅតែព្រាប សុវត្ថិ ទេមិនទាន់ប្រកាសថាឡើងឧកញ៉ាដូចគេ។

  ក្រៅពីឈលំដាប់តារាចម្រៀងជូរមុខគេរយៈពេលជាង២០ឆ្នាំនេះព្រាប សុវត្ថិ ត្រូវបាន​គេ​ចាត់​ទុកថា​ជាតារាស៊ី​ថ្លៃខ្ពស់ទាំងការច្រៀងសម្ដែងនិងថតស្ពតផងដែរ។ព្រាប សុវត្ថិ ដែល​ហៅក្រៅថាស្នាយ នោះក៍ធ្លាប់​បានចេញ​មុខ​បរិច្ចាគថវិការផ្ទាល់​ខ្លួនជាបន្ដបន្ដបន្ទាប់ផងដែរ​ជួយ​សង្គម ហេតុនេះហើយមតិមហាជនដែលគាំទ្រព្រាប សុវត្ថិ ប្រាកដថាលោកនឹងឡើងធ្វើ​ជា​​ឧក​​ញ៉ានាពេលខាងមុខជាមិនខាន ព្រោះគេជឿរថាតារាស្រុកខ្មែរគ្មាន​អ្នកណា​មានទ្រព្យ​ច្រើន​ជាង​ព្រាប សុវត្ថិ ដែលត្រូវបានគេប្រមាណថាមានរហូតដល់​៣០លានដុល្លារគិត​ត្រឹមចុង​ឆ្នាំ​២០២០ នោះទេ។តារាភាពយន្ដជើងចាស់អ្នកស្រីឌី សាវ៉េត ធ្លាប់ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទ​ដោយ​អបអរ​សា​ទរ​​ដែល​ព្រាប សុវត្ថិ ជោគជ័យនិងអាជីពរហូតមានទ្រព្យមហាសាល​នោះ។​អ្នក​ស្រីថាព្រាប សុវត្ថិ នឹងថ្កុំថ្កើង​ជាង​នេះទៅ​ទៀតព្រោះជាតារាចម្រៀង​ចេះគោរពឪពុក​ម្ដាយ​និងចាស់ទុំ។

តាមព័តមានថាគោរម្យងារ”ឧកញ៉ា” នៅកម្ពុជាមានចំនួន៧០៤នាក់គិតចាប់ពីឆ្នាំ១៩៩៤ ដល់ដើមឆ្នាំ២០១៤ ។កាល​ពីមុនដើម្បីបានគោរម្យងារ”ឧកញ៉ា”​គេត្រូវបរិច្ចាគធនធានជូនរដ្ឋ​ច្រើនជាងពី១០ម៉ឺនដុល្លារឡើងទៅ និងត្រូវបាន​មេដាយស្ថាបនាជាតិ ថ្នាក់លេខ១ និងត្រូវ​បាន​រដ្ឋា​ភិបាល​ស្នើសុំព្រះរាជយោបល់ដ៍ខ្ពង់ខ្ពស់ នៃព្រះករុណា ជា​អម្ចា​ស់ជីវិតតកម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទាន គោរម្យងារ”ឧកញ៉ា”។តែចាប់ពីពេលនេះតទៅ​ដើម្បីទទួលបាន​គោរ​ម្យ​ងារ​”ឧកញ៉ា” សប្បុរសជនត្រូវធ្វើអំណោយជូនរដ្ឋដែលមានតម្លៃ​លើសពី៥០ម៉ឺនដុល្លារ​ឡើង​ទៅ។ការ​ស​ម្រេច​នេះធ្វើទៅតាមអនុក្រឹត្យ​មួយចុះថ្ងៃទី៣០ខែមីនាឆ្នាំ២០១៧ ៕

RELATED ARTICLES