ភ្នំពេញ៖មនុស្សជំនិតបំផុតរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ធ្លាប់ទម្លាយប្រាប់អ្នកកាសែតកាលពីខែកញ្ញាឆ្នាំ២០២០ ថាតារាចម្រៀងព្រាប សុវត្ថិ មានទ្រព្យសរុបខ្ទង់ចំនួន៣០លានដុល្លារក្រោយចាប់អាជីពចម្រៀងរយៈពេលជាង២០ឆ្នាំ។ប៉ុន្ដែអ្វីដែលជាចម្ងល់របស់មហាជនថាហេតុអីបានជាលោកព្រាប សុវត្ថ មិនទាន់ឡើងជា”ឧកញ៉ា” ខណៈដែលថ្មីៗនេះលោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ទទួលបានគោរម្យងារនេះ កាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២២ ទៅហើយ។
ព្រាប សុវត្ថិ ត្រូវបានគេចាត់ទុកប្រៀបបានជាសេដ្ឋីម្នាក់នៅក្នុងសិល្បៈព្រោះតែលោកមានទ្រព្យស្ដុក និងមានមុខរបរច្រើនក្រៅពីសិល្បៈដូច ជាហាងកាត់ដេ,កាត់សក់,ភោជនីយ ដ្ឋាន”ផ្ទះព្រាប សុវត្ថិ “និងកំពុងសង់Resort មួយនៅភូមិពូទ្រូ ឃុំសែនឃុំមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌុលគិរី ដោយចំណាយលុយជាច្រើនសែនដុល្លារ។ការមានបង្កើតមុខជំនួញជាបន្ដបន្ទាប់របស់ព្រាប សុវត្ថិ បែបនេះអាចនិយាយបានថាទោះជាអតីតតារាហង្សមាសរូបនេះលែងច្រៀងក៍លោកគ្មានការបារម្ភពីហានិភ័យសេដ្ឋកិច្ចដែរព្រោះថាបច្ចុប្បន្នលោកត្រូវបានគេចាត់ទុកថាជាតារាម្នាក់ដែលមានលុយច្រើនជាងគេក្នុងសិល្បៈទៅហើយ។ប៉ុន្ដែព្រាប សុវត្ថិ នៅតែមិនទាន់ឡើងធ្វើជាឧកញ៉ានោះទេ ខណៈដែលមុននេះនាយឃ្លោគ ,លាន អាហ្វ្រីលគីនីន និងខេម ប៊ុនថៃ សុទ្ធតែបានឡើងទៅជាឧកញ៉ាដូចគ្នា។
លោកគ្រូភ្លេង(Composer)ម្នាក់នៅហង្សមាសដែលធ្លាប់ធ្វើការជាមួយព្រាប សុវត្ថិ ជាច្រើនឆ្នាំមុនលោកចេញពីហង្សមាសទៅGalaxy នោះបានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថាលោកមិនអាចដឹងថាតើព្រាប សុវត្ថិ នឹងបានគោរម្យងារជាឧកញ៉ា ដែរឬអត់ទេ ។លោកលើកឡើងថាអ្នកខ្លះឆ្ងល់ថាហេតុអីព្រាប សុវត្ថិ ហាក់ដើរតាមក្រោយខេមរៈ សិរីមន្ដ រហូតទាំងការលេងម៉ូដឡាន ឬជាឧកញ៉ាជាដើម តែតាមលោកយល់មិនដូច្នេះទេ។Composer រូបនោះសង្កត់ថាមនុស្សយើងគេមិនមែនវាយតម្លៃថាមានឡានល្អ១ ឡូយជាងគេ អស្ចារ្យជាងគេនោះទេ ប៉ុន្ដែជាទូទៅគេវាយតម្លៃលទ្ធផលសរុប។លោកបន្ថែមថាគ្រប់គ្នារួមទាំងលោកផងមិនដឹងថាព្រាប សុវត្ថិ មានផ្ទះនៅភ្នំពេញប៉ុន្មានកន្លែងនោះទេ អីចឹងពិបាកនិយាយថាថ្ងៃមុខព្រាប សុវត្ថិ ចង់ធ្វើឧកញ៉ាដែរឬអត់នោះព្រោះតែនៅលើព្រាប សុវត្ថិ ដែរ។លោកថាពេលនេះខេមរៈ សិរីមន្ដ បានងារឧកញ៉ាដូចថៅកែហង្សមាសលោកឧកញ៉ាអ៊ឹង ឆៃងួន អីចឹងគឺនៅតែព្រាប សុវត្ថិ ទេមិនទាន់ប្រកាសថាឡើងឧកញ៉ាដូចគេ។
ក្រៅពីឈលំដាប់តារាចម្រៀងជូរមុខគេរយៈពេលជាង២០ឆ្នាំនេះព្រាប សុវត្ថិ ត្រូវបានគេចាត់ទុកថាជាតារាស៊ីថ្លៃខ្ពស់ទាំងការច្រៀងសម្ដែងនិងថតស្ពតផងដែរ។ព្រាប សុវត្ថិ ដែលហៅក្រៅថាស្នាយ នោះក៍ធ្លាប់បានចេញមុខបរិច្ចាគថវិការផ្ទាល់ខ្លួនជាបន្ដបន្ដបន្ទាប់ផងដែរជួយសង្គម ហេតុនេះហើយមតិមហាជនដែលគាំទ្រព្រាប សុវត្ថិ ប្រាកដថាលោកនឹងឡើងធ្វើជាឧកញ៉ានាពេលខាងមុខជាមិនខាន ព្រោះគេជឿរថាតារាស្រុកខ្មែរគ្មានអ្នកណាមានទ្រព្យច្រើនជាងព្រាប សុវត្ថិ ដែលត្រូវបានគេប្រមាណថាមានរហូតដល់៣០លានដុល្លារគិតត្រឹមចុងឆ្នាំ២០២០ នោះទេ។តារាភាពយន្ដជើងចាស់អ្នកស្រីឌី សាវ៉េត ធ្លាប់ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទដោយអបអរសាទរដែលព្រាប សុវត្ថិ ជោគជ័យនិងអាជីពរហូតមានទ្រព្យមហាសាលនោះ។អ្នកស្រីថាព្រាប សុវត្ថិ នឹងថ្កុំថ្កើងជាងនេះទៅទៀតព្រោះជាតារាចម្រៀងចេះគោរពឪពុកម្ដាយនិងចាស់ទុំ។
តាមព័តមានថាគោរម្យងារ”ឧកញ៉ា” នៅកម្ពុជាមានចំនួន៧០៤នាក់គិតចាប់ពីឆ្នាំ១៩៩៤ ដល់ដើមឆ្នាំ២០១៤ ។កាលពីមុនដើម្បីបានគោរម្យងារ”ឧកញ៉ា”គេត្រូវបរិច្ចាគធនធានជូនរដ្ឋច្រើនជាងពី១០ម៉ឺនដុល្លារឡើងទៅ និងត្រូវបានមេដាយស្ថាបនាជាតិ ថ្នាក់លេខ១ និងត្រូវបានរដ្ឋាភិបាលស្នើសុំព្រះរាជយោបល់ដ៍ខ្ពង់ខ្ពស់ នៃព្រះករុណា ជាអម្ចាស់ជីវិតតកម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទាន គោរម្យងារ”ឧកញ៉ា”។តែចាប់ពីពេលនេះតទៅដើម្បីទទួលបានគោរម្យងារ”ឧកញ៉ា” សប្បុរសជនត្រូវធ្វើអំណោយជូនរដ្ឋដែលមានតម្លៃលើសពី៥០ម៉ឺនដុល្លារឡើងទៅ។ការសម្រេចនេះធ្វើទៅតាមអនុក្រឹត្យមួយចុះថ្ងៃទី៣០ខែមីនាឆ្នាំ២០១៧ ៕