ភ្នំពេញ៖ការផ្ទុះកូវីដសារជាថ្មីឡើងវិញធ្វើឲ្យតារាចម្រៀងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា មិនអាចសម្រេចបំណងធំក្នុងការគ្រងឈុតកូនក្រមុំមែនទែននៅឆ្នាំ២០២២ នេះបានឡើយ បន្ទាប់ពីនាងបានឆាចោលម្ដងរួចទៅហើយកាលពីឆ្នាំ២០២១ ព្រោះតែកូវីដនេះ។យ៉ាងណាតារាហង្សមាសរូបនេះហាក់គ្មានការបារម្ភខ្លាចចំណងស្នេហាមានការប្រែប្រួលនោះទេព្រោះថាពេលនេះរូបនាងនិងលោកគឹម ហាន ក្លាយទៅជាចិត្ត១ ថ្លើម១ ទៅហើយក្រោយភ្ជាប់ស្នេហ៍បានជាង២ឆ្នាំទទួលបានចំណងដៃកូនប្រុស១អាយុជិត២ឆ្នាំ។
ក្រៅពីពេជ្រ សូលីកា តារាដែលត្រូវពន្យាពេលចូលរោងការព្រោះតែកូវីដ មានដូចជានាងប៉ាច គីមមួយ ,ពេជ្រ សោភា និងទេព បូព្រឹក្ស ជាដើម ខណៈដែលតារាកំប្លែងរូបស្រស់របស់Ctn នាងវ៉ាន់ នីឡា និងតារាសម្ដែងទឹម រដ្ឋា មានព័តមានថាពួកគេនឹងរៀបការនៅចុងខែមីនាឆ្នាំ២០២២ នេះដូចគ្នាព្រោះថាបានកក់សម្អាងការនិងចុងភៅអស់ទៅហើយ។ចំពោះពេជ្រ សូលីកា វិញមុនចូលរោងការនេះនាងត្រូវបានស្វាមីផ្គាប់ចិត្តស្ទើគ្រប់បែបយ៉ាងទាំងអស់ដូចជាកាលពីថ្ងៃទី១៦ខែសីហាឆ្នាំ២០២១ នាងត្រូវប្ដីទិញផ្ទះវីឡារតម្លៃជាង៣០ម៉ឺនដុល្លារ និងចុងខែធ្នូឆ្នាំ២០២១ ប្ដីទិញឲ្យបន្ទប់ខុនដូ១ទៀតឲ្យតម្លៃខ្ទង់ជិត១០ម៉ឺនដុល្លារថែមទៀត ដែលការដូស្ទួនពីស្វាមីនេះធ្វើឲ្យនាងស្រីពេជ្រ សប្បាយចិត្តក្រៃលែង ខណៈដែលពេលនេះនាងក៍ជាតារាលេងម៉ូដរថយន្ដមិនធម្មតាដែរព្រោះជិះឡានទំនើបៗ៣គ្រឿងឆ្លាស់គ្នាមានដូចជាPorsche, Bmw និងRange Rover ជាដើម។
ប៉ុន្ដែដូចពាក្យគេថារាល់ភាពសប្បាយរីករាយតែងតែបង្កប់ទៅដោយទុក្ខសោកនោះគឺពិតជាមិនខុសនោះទេ ព្រោះថាមានពេលខ្លះសូលីកា គេងយំតែម្នាក់ឯងព្រោះតែម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីស៊ិន ស្រីនាង ត្រូវបានតុលាការប្រកាសសាលក្រមកាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២១ ដោយផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល១២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទឃាតកម្មតាមមាត្រាទី១៩៩ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីតារាចម្រៀងហង្សមាសរូបនេះ ត្រូវបានសម្ថកិច្ចចាប់ខ្លួនថ្ងៃទី១១ខែមករាឆ្នាំ២០២០ ពាក់ព័ន្ធករណីឃាតកម្មលើគូស្នេហ៍ភេទដូចគ្នាអ្នកស្រីងិន សុខលី ។សូលីកា ដែលរំពឹងបានជួបមុខម្ដាយវិញនៅឆ្នាំ២០៣៣ ខាងមុខនោះធ្លាប់ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថានាងមានបងប្អូនទៅមើលម្ដាយនៅពន្ធនាគារជាប្រចាំហើយ៕