ភ្នំពេញ៖វាជារឿងដ៍កម្រមួយដែលមិនសូវជួបប្រទះខណៈដែលមាស សុខសោភា និងឆន សុវណ្ណារាជ អោបថើបគ្នាទៅវិញទៅមកហើយស្វាមីរបស់សោភា គឺលោកអ៊ឹត រ៉ាដា ជាអ្នកថតរូបភាពនោះអោយទៀតផង។អ្នកគាំទ្រទាំងសុខសោភា និងសុវណ្ណារាជ ពួកគេសរសើរលោករ៉ាដា ថារកចុះបុរសចិត្តត្រជាក់ដូចទឹកកកបែបនេះវេចអង្ករដើររកឯណាបានទៅ? គេថាដោយសារតែលោករ៉ាដា មានចំណុចពិសេសមិនចេះប្រចណ្ឌហួងហែងសោភា ផ្ដែសផ្ដាសបែបនេះហើយទើបជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្លួនសោភា តែងតែចេញសារលើកទឹកចិត្តស្វាមីនាងថាជាបុរសម្នាក់ដែលហ៊ានលះបង់គ្រប់បែបយ៉ាងទាំងអស់ដើម្បីរូបនាង។ឥឡូវអ្វីៗបានឃើញច្បាស់ថាលោកគ្រូពេទ្យមកពីកាណាដាដែលសុខចិត្តបោះបង់អាជីពមកតាមគូស្នេហ៍នេះមិនត្រឹមតែផ្គាប់ចិត្តសោភា បានគ្រប់យ៉ាងនោះទេ តែលោករ៉ាដា ថែមទាំងជាប្រុសម្នាក់ដែលស្គាល់ច្បាស់ពីអាជីពរបស់ភរិយាលោកនិងថែមទាំងរាប់អានមិត្តភក្ដិរបស់សោភា ដូចជាពួកម៉ាករបស់លោកដែរ។
ដោយឡែកសម្រាប់ទំនាក់ទំនងរបស់សុខសោភា និងលោកសុវណ្ណារាជ វិញឃើញថាពិតជាស៊ីជម្រៅទោះជាពួកគេច្រៀងនៅផលិតកម្មផ្សេងគ្នាមែន តែភាពស្និតស្នាលលើសពីធម្មតាហើយមុននេះសុវណ្ណារាជ ទើបតែធ្វើឲ្យសោភា សប្បាយចិត្តក្រៃលែងតាមរយៈការបញ្ចេញរូបថតអាពាហ៍របស់សោភា និងលោករ៉ាដា នៅថ្ងៃខួបអាពាហ៍ ពិពាហ៍គម្រប់១២ឆ្នាំកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១ ដែលមានរូបលោករាជ ឡើងសែនកួចដៃ ជាមួយញឹម ចាន់ថន ព្រោះការទម្លាយរូបនោះធ្វើឲ្យសោភា ស្រាលខ្លួនបន្ដិចពីការរិះគន់ទាំងឡាយដែលថានាងជាតារាល្បីល្បាញម្នាក់តែធ្វើគំរូមិនសូវល្អព្រោះសាងស្នេហ៍ឥតខាន់ស្លានោះ តែពេលនេះគ្រប់គ្នាបានដឹងហើយថាសោភា ធ្លាប់រៀបការជាមួយលោករ៉ាដា ហើយដែលសាក្សីរស់គឺលោកសុវណ្ណារាជ នេះឯងជាអ្នកឡើងសែនកួចចងដៃនាង។ ប៉ុន្ដែក្រោយលោកសុវណ្ណារាជ បញ្ចេញរូបភាពរៀបការតាមសំណើរសុខសោភា នោះរួច មានការរិះគន់ផងគាំទ្រផងទៅលើសោភា ព្រមគ្នាតែម្ដង ដោយអ្នកមានគំនិតខ្វែងលើកឡើងថាសោភា ជាតារាល្បីលំដាប់កំពូលម្នាក់មិនគូណារៀបការច្រឡំសែនព្រែនបែបនេះឡើយ តែអ្នកមានមតិស្របថាគូរឲ្យសរសើរសោភា ទោះជានាងល្បីយ៉ាងណាតែរៀបការយ៉ាងសាមញ្ញបំផុតព្រោះតែមិនចង់ខ្ជះខ្ជាយលុយកាក់។
សូមបញ្ជាក់ថាមាស សុខសោភា ធ្លាប់ច្រៀងរួមផលិតកម្មជាមួយលោកឆន សុវណ្ណារាជ កាលពីឆ្នាំ២០០៥ ដល់២០០៧ ទើបបែកគ្នាដោយសារតែលោកសុវណ្ណារាជ ទៅហង្សមាស ហើយមកដល់ពេលនេះសោភា ទៅរាម លោករាជ នៅបន្ដជាមួយហង្សមាសដដែល។ថ្វីត្បិតែសោភា-រាជ បែកផលិតកម្មគ្នា១៥ឆ្នាំមែន តែទំនាក់ទំនងនិងការរាប់គ្នារបស់ពួកគេគ្មានការប្រែប្រួលបន្ដិចឡើយ។គេចាំបានថាអំឡុងដែលសោភា និងប្ដីនាងកំពុងស្នាក់នៅកាណាដា នោះពេលលោកសុវណ្ណារាជ ទៅច្រៀងសម្ដែងនៅទីនោះគឺសោភា តែងតែជូនតារាហង្សមាសរូបនេះដើរកម្សាន្ដគ្រប់ទិសទីទៀតផងទើបស្វាមីរបស់សោភា ដឹងច្បាស់ពីទំនាក់ទំនងនិងការរាប់អានមួយនេះរហូតដល់សោភា និងលោករាជ ហ៊ានថើបគ្នានៅចំពោះលោកតែមិនត្រឹមតែធ្វើឲ្យរ៉ាដា មិនឆេះដុំនោះទេតែលោកថែមទាំងថតរូបឲ្យទៀតផង។តាមព័តមានថាលោកសុវណ្ណារាជ ចង់ឲ្យសោភា ទៅច្រៀងនៅហង្សមាសរួមគ្នា តែការចរចាររបស់សោភា និងថៅកែហង្សមាសលោកឧកញ៉ាអ៊ឹង ឆៃងួន បានរងបរាជ័យទើបធ្វើឲ្យសោភា ទៅផ្ញើរខ្លួនជាមួយរាម ។សុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាមិត្តភក្ដិរបស់នាងនៅហង្សមាសពិតជាចង់ឲ្យនាងទៅច្រៀងនៅទីនោះមែន ប៉ុន្ដែនាងចង់ធ្វើការនៅទីណាមានសេរីភាព ហើយសម័យនេះហើយទោះជាច្រៀងដោយគ្មានផលិតកម្មក៍នៅតែល្បីបានដែរ។
ក្រៅពីមាស សុខសោភា តារាស្រីដែលស្និតលោកឆន សុវណ្ណារាជ ហើយគូស្នេហ៍របស់តារាទាំងនោះមិនចេះប្រចណ្ឌមានដូចជាឱក សុគន្ធកញ្ញា,សុគន្ធ និសា និងពេជ្រ សោភា ជាដើម។ប៉ុន្ដែក្នុងចំណោមតារាខាងលើមានតែសុខសោភា ម្នាក់គត់ដែលឲ្យសវុណ្ណារាជ ថើបថ្ពាល់នៅចំពោះមុខប្ដី៕