ភ្នំពេញ៖បើទោះជាក្រោយជួបសង្សារថ្មីទើបបានជិត២ខែពេជ្រ សោភា បង្ហាញសញ្ញាចង់រៀបការជាមួយបណ្ដូលចិត្តដែលនាងថាព្រះយេស៊ូគ្រិស្ដប្រទានឲ្យជួបគ្នាក្ដី ប៉ុន្ដែមនុស្សជំនិតរបស់តារាហង្សមាសរូបនេះទម្លាយនៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះថាទាល់តែមានថ្ងៃ៣០ខែកុម្ភៈ ទើបអ្នកមេម៉ាយរូបនេះអាចមានផ្លូវរៀបការជាថ្មីម្ដងទៀត។ការលើកឡើងបែបនេះដោយសារតែពួកគេស្គាល់ចិត្តសោភា ច្បាស់ថានាងមិនចង់រៀបការម្ដងទៀតនោះទេ គឺសុខចិត្តសាងស្នេហ៍ដោយឥតខាន់ស្លាច្រើនជាង។ទោះជាយ៉ាងណាសោភា នៅតែបង្ហាញសញ្ញាមិនទាន់ច្បាស់១០០%រវាងនាងនិងគូស្នេហ៍ថ្មីនោះទេ ព្រោះថារហូតមកដល់ពេលនេះសោភា នៅតែជ្រើសផ្លូវបន្ដលាក់បាំងមុខសង្សារដដែលក្រោយនាងបាននាំម្ចាស់បេះដូងទៅកៀកកើយនិងសប្បាយជាមួយគ្នាម៉ាអស់ដៃនៅថ្ងៃឆ្លងឆ្នាំសកលលើទឹកដីខេត្តសៀមរាប។
ពេជ្រ សោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាពេលរកបានសង្សារថ្មី នាងចង់សាងស្នេហ៍ដោយមិនបើកចំហ ហើយក៍គ្មានផែនការណ៍រៀបការម្ដងទៀតដែរព្រោះថានាងធ្លាប់រៀបការម្ដងរួចទៅហើយ។តែពេលជួបសង្សារថ្មីដំបូងសោភា បែជាប្ដូរចិត្តចង់គ្រងឈុតកូនក្រមុំម្ដងទៀតដោយសារនាងចង់មានភាពច្បាស់លាស់ ស្រាប់តែឥឡូវអ្នកស្និតសោភា បានចេញសារថាទាល់តែមានថ្ងៃ៣០កុម្ភៈ ឬសេះដុះស្នែងទើបអ្នកមេម៉ាយវ័យ៣៨ឆ្នាំរូបនេះព្រមរៀបការម្ដងទៀត។
ពេជ្រ សោភា បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិកលោកឡៅ ឆលី កាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០១៥ និងបានចែកផ្លូវគ្នានៅឆ្នាំ២០១៦ ។អំឡុងពេលធ្លាក់ខ្លួនមេម៉ាយជាង៥ឆ្នាំមកនេះសោភា ថាជីវិតរបស់នាងពោពេញទៅដោយសេរីភាពព្រោះគ្មានអ្នកហួងហែង។សោភា ថាលើលោកនេះគ្មានភរិយាឯណាចង់បានប្ដីដូចបទចម្រៀង”ទុក្ខស្រី ប្ដីកាន់លុយ”នោះឡើយ ហេតុនេះបើគ្រាន់តែចង់បានបុរសម្នាក់ដែលឲ្យកូនហៅថាប៉ា ទាំងប៉ាមិនដែលនឹកនាដល់ប្រពន្ធកូននោះតើយកប្ដីមកមានន័យអី?
មហាជនចាត់ទុកថាពេជ្រ សោភា ជាអ្នកមេម៉ាយទ្រព្យស្ដុកនៅឆ្នាំ២០២២ នេះព្រោះនាងជាតារាដែលលេងម៉ូដរថយន្ដមិនចាញ់តារានៅប្រទេសជិតខាងនោះទេដែលពេលនេះនាងជិះរថយន្ដថ្លៃៗដូចជាPorsche ,Mercedes, Bmw ,Audi និងRange Rover ជាដើម ខណៈដែលគ្រាន់តែនាឡិការដៃនាង១គ្រឿងមានតម្លៃអាចទិញផ្ទះវីឡារបាន១ព្រោះនាងពាក់ម៉ាកRolex និងRichard Mille ។ជុំវិញការមានទ្រព្យស្ដុកនេះគេសង្ស័យសោភា មានគូស្នេហ៍ឧបត្ថម្ភតែតារាច្រៀងឲ្យហង្សមាសជាង១៦ឆ្នាំរូបនេះធ្លាប់ប្រាប់ថានាងគ្មានបុរសណាជួយទំនុកបម្រុងឡើយ៕