Wednesday, October 23, 2024
Homeតារាខ្មែរពេជ្រ សោភា ៖គ្មានផ្លូវរៀបការលើកទី២

ពេជ្រ សោភា ៖គ្មានផ្លូវរៀបការលើកទី២

ភ្នំពេញ៖បើទោះជាក្រោយជួបសង្សារថ្មីទើបបានជិត២ខែពេជ្រ សោភា បង្ហាញសញ្ញាចង់​រៀប​ការ​ជាមួយ​បណ្ដូ​ល​ចិត្តដែលនាងថាព្រះយេស៊ូគ្រិស្ដប្រទានឲ្យជួបគ្នាក្ដី ប៉ុន្ដែមនុស្សជំនិតរបស់​តារា​ហង្ស​មាសរូបនេះទម្លាយ​នៅលើ​បណ្ដាញសង្គមកាល​ពីពេលថ្មីៗនេះថាទាល់តែមាន​ថ្ងៃ​៣០ខែកុម្ភៈ ទើបអ្នកមេម៉ាយរូ​បនេះអាចមាន​ផ្លូវរៀប​ការជា​ថ្មីម្ដងទៀត។ការលើកឡើង​បែប​នេះ​ដោយ​សារ​តែពួកគេស្គាល់ចិត្តសោភា ច្បា​ស់​​​ថា​​នាងមិនចង់រៀបការ​ម្ដង​ទៀត​នោះទេ គឺ​សុខ​ចិត្តសាងស្នេហ៍ដោយឥត​ខាន់ស្លា​ច្រើន​ជាង​។ទោះជាយ៉ាងណាសោភា នៅតែបង្ហាញ​សញ្ញា​មិន​ទាន់​ច្បាស់​១០០%រវាងនាង​និងគូស្នេហ៍ថ្មី​នោះទេ ព្រោះថារហូតមកដល់ពេលនេះ​សោភា នៅតែជ្រើសផ្លូវ​បន្ដ​លា​ក់​​បាំងមុខ​សង្សារ​ដដែ​លក្រោយនាងបាននាំម្ចាស់បេះដូង​ទៅ​កៀកកើយ​និងសប្បាយជាមួយគ្នា​ម៉ាអស់ដៃ​នៅថ្ងៃ​ឆ្លង​ឆ្នាំសកលលើទឹកដីខេត្តសៀមរាប។

  ពេជ្រ សោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាពេលរកបានសង្សារថ្មី នាងចង់សាង​ស្នេហ៍​ដោយមិនបើកចំហ ហើយក៍គ្មានផែនការណ៍រៀបការម្ដងទៀតដែរ​ព្រោះថានាងធ្លាប់​រៀប​​ការ​ម្ដងរួច​ទៅហើយ។តែពេលជួបសង្សារថ្មី​ដំបូង​សោភា បែជាប្ដូរចិត្តចង់គ្រងឈុតកូន​ក្រមុំម្ដងទៀតដោយសារនាងចង់មានភាពច្បាស់លាស់ ស្រាប់តែ​ឥឡូវ​អ្នក​ស្និតសោភា បាន​ចេញសារថាទាល់តែមានថ្ងៃ៣០កុម្ភៈ ឬសេះដុះស្នែងទើបអ្នកមេម៉ាយវ័យ៣៨ឆ្នាំ​រូប​នេះព្រម​រៀបការម្ដងទៀត។

 ពេជ្រ សោភា បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិកលោកឡៅ ឆលី កាល​ពី​ថ្ងៃទី៥ខែ​កុម្ភៈឆ្នាំ២០១៥ និងបានចែកផ្លូវគ្នានៅឆ្នាំ២០១៦ ។អំឡុងពេលធ្លាក់ខ្លួនមេម៉ាយ​ជាង​៥ឆ្នាំមកនេះសោភា ​​​ថាជីវិតរបស់នាងពោ​ពេញ​ទៅដោយសេរីភាព​ព្រោះគ្មានអ្នកហួង​ហែង។​សោ​​ភា ថាលើលោកនេះគ្មាន​ភរិយាឯណាចង់បាន​ប្ដីដូចបទ​ចម្រៀង”ទុក្ខស្រី ប្ដីកាន់លុយ”​នោះ​ឡើយ ហេតុនេះបើគ្រាន់តែចង់បានបុរសម្នាក់ដែលឲ្យកូនហៅថាប៉ា ទាំងប៉ា​មិនដែល​នឹកនា​ដល់​ប្រពន្ធកូននោះតើយកប្ដីមកមានន័យអី?

មហាជនចាត់ទុកថាពេជ្រ សោភា ជាអ្នកមេម៉ាយទ្រព្យស្ដុកនៅឆ្នាំ២០២២ នេះព្រោះ​នាង​ជាតារា​ដែលលេងម៉ូដ​រថយន្ដមិនចាញ់តារានៅប្រទេសជិត​ខាងនោះទេដែលពេលនេះ​នាងជិះ​រថយន្ដថ្លៃៗដូចជាPorsche ,Mercedes, Bmw ,Audi និងRange Rover ជាដើម ខណៈ​ដែលគ្រាន់តែនាឡិការដៃនាង១គ្រឿងមានតម្លៃ​អាចទិញផ្ទះវីឡារ​បាន​១ព្រោះ​នាងពាក់ម៉ាកRolex និងRichard Mille ។ជុំវិញការមានទ្រព្យស្ដុកនេះគេសង្ស័យសោភា មានគូ​ស្នេ​ហ៍​ឧបត្ថម្ភ​តែតារា​ច្រៀងឲ្យហង្សមាសជាង១៦ឆ្នាំរូបនេះធ្លាប់ប្រាប់ថា​នាងគ្មានបុរសណាជួយទំនុក​បម្រុង​ឡើយ៕

RELATED ARTICLES