ភ្នំពេញ៖អ្នកនាងយុគ ចិន្ដា ធ្លាប់ប្រាប់អ្នកយកព័តមានយើងកាលពីឆ្នាំ២០១៨ ថានាងនឹងរៀបការនៅពេលដែលកូនស្រីរបស់នាងឈ្មោះយុគ ដាពេជ្រ ហៅអម ពេញក្រមុំនិងមានអាយុ១៨ឆ្នាំនិងត្រូវឆ្នាំ២០២២ នេះដែលពេលនោះនាងនឹងឲ្យកូនធ្វើជាអ្នកកំដតែម្ដង មិនចាំបាច់រកអ្នកផ្សេងមក។ឥឡូវគូឲ្យស្ដាយគម្រោងរៀបការរបស់ពិធីការិនីដ៍មានឥទ្ធិពលរូបនេះដែលគ្រោងធ្វើឡើងនៅចុងខែមីនាឆ្នាំ២០២២ ត្រូវបានសម្រេចលុបចោលជាបន្ទាន់ទៅហើយ ទើបធ្វើឲ្យទាំងតារារួមអាជីព និងមហាជនដែលចង់ឃើញអ្នកនាងចិន្ដា គ្រងឈុតកូនក្រមុំមែនទែន នោះត្រូវខកចិត្តសារជាថ្មី។
លោកជីមមី ជំនួយការអ្នកនាងយុគ ចិន្ដា បានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៨ខែកុម្ភៈ ថាតាមពិតលោកគឺជាអ្នករ៉ាប់រងកិច្ចការទាំងនោះប្រាកដមែន ហើយតាមគោលការណ៍កម្មវិធីពិសេសរបស់អ្នកនាងចិន្ដា នឹងត្រូវធ្វើឡើងនៅចុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះហើយព្រោះលោកបានសួរនាំគេរឿងតាអាចារ្យ ភ្នួង សម្អាងការអស់ទៅហើយ តែឥឡូវមិនអាចរៀបចំពិធីនោះបានទេ។លោកជីមមី បានប្រាប់ឲ្យដឹងពីមូលហេតុដែលអ្នកនាងចិន្ដា មិនអាចធ្វើជាកូនក្រមុំមែនទែននោះថាដោយសារតែទី១៖តាំងពីមករា កូវីដអូមីក្រុង បានផ្ទុះខ្លាំងពេក,ទី២៖បច្ចុប្បន្នសេដ្ឋកិច្ចមិនទាន់ល្អ និងទី៣៖អ្នកនាងចិន្ដា មិនចង់រៀបការទាំងប្រថុយដោយធ្វើទាំងភ័យខ្លាចឆ្លងកូវីដ ហើយហៅភ្ញៀវចោះៗនោះទេ ព្រោះចង់ធ្វើធំដុំហើយភ្ញៀវទៅដោយសប្បាយចិត្តទាំងអស់គ្នា។
តាមព័តមានថាបើមិនផ្ទុះកូវីដនៅដើមឆ្នាំ២០២២ នេះទេមង្គលការរបស់អ្នកនាងយុគ ចិន្ដា និងអ្នកជំនួញម្នាក់នោះអាចនឹងត្រូវបានគេចាត់ទុកថាជាអាពាហ៍ ពិពាហ៍ ដ៍ធំបំផុតប្រចាំឆ្នាំជាមិនខានព្រោះគ្រោងរៀបចំដោយប្រណិតបំផុត និងមានការតុបតែងមិនចាញ់ពិធីរៀបការរបស់តារាល្បីៗផ្សេងៗទៀតឡើយ។ប៉ុន្ដែពេលនេះអ្វីៗបានប្រែប្រួលអស់ទៅហើយ ខណៈដែលអ្នកនាងចិន្ដា និងគូស្នេហ៍កាន់តែបង្ហាញស្នេហ៍ជាចំហ ដែលបញ្ជាក់ថាទោះជាពេលនេះមិនបានរៀបការដូចចិត្តមែន តែស្នេហាពិធីការិនីដ៍មានឥទ្ធិពលរូបនេះមិនបារម្ភពីការប្រែប្រួលនោះទេ ក្រោយអ្នកទាំងពីរបានស្វែងយល់ចិត្តគ្នាជាច្រើនឆ្នាំមក ហើយគេជឿរថាមង្គលការនឹងត្រូវបានរៀបចំឡើងសារជាថ្មីឡើងវិញជាមិនខាននៅពេលដែលស្ងាប់ស្ងាត់កូវីដនាពេលខាងមុខនេះ។
ជំនួយការអ្នកនាងយុគ ចិន្ដា បន្ថែមថាពេលនេះមង្គលការរបស់អ្នកនាងចិន្ដា មិនទាន់អាចកំណត់សារជាថ្មីបានទេ ព្រោះឥឡូវមិនដឹងថាកូវីដពេលណាចប់?លោកថាអ្នកនាងចិន្ដា ចង់ធ្វើកម្មវិធីដែលគ្រប់គ្នាបានរីករាយអីចឹងបើនៅតែផ្ទុះកូវីដបែបនេះតើឲ្យការម៉េចកើតទៅ?តែតាមលោកយល់ថាកម្មវិធីពិសេសរបស់មេ(អ្នកនាងចិន្ដា)អាចនឹងធ្វើនៅឆ្នាំក្រោយវិញ។
អ្នកនាងយុគ ចិន្ដា ត្រូវបានគេចាត់ទុកថាជាពិធីការិនីដែលជោគជ័យការងារសិល្បៈ និងមុខជំនួញ តែរឿងស្នេហាវិញនាងហាក់មិនសូវសមប្រកបឡើយ ព្រោះធ្លាប់ប្រេះឆាស្នេហ៍ជាច្រើនលើកច្រើនសារ។តែក្រោយអ្នកនាងចិន្ដា ភ្ជាប់ស្នេហ៍ជាមួយបុរសវ័យចំណាស់ម្នាក់ជាអ្នកជំនួញដែលមានទាំងចំណេះដឹង និងចឬកស្លូតបូតនោះចំណងស្នេហានេះបានរក្សារភាពគង់វង្សបានយូអង្វែងរហូតដល់ត្រៀមដឹកដៃគ្នាចូលរោងការតែម្ដង។តាមព័តមានថាមូលហេតុដែលអ្នកនាងចិន្ដា ជ្រើសរើសគូស្នេហ៍ជាអ្នកនៅក្រៅរង្វង់សិល្បៈនេះដោយសារតែបុរសដែលនាងចាប់ដៃនេះយល់ចិត្ត និងស្គាល់ច្បាស់ពីអាជីពសិល្បៈរបស់នាង ហើយក៍មិនចេះប្រចណ្ឌផ្ដែសផ្ដាសដែរ។អ្វីដែលអ្នកនាងចិន្ដា កាន់តែកក់ក្ដៅនោះគឺគូស្នេហ៍ស្រលាញ់កូនស្រីនាងដូចជាកូនបង្កើតរបស់លោកដែរ។គេជឿរថាក្រោយអ្នកនាងចិន្ដា ចូលរោងការនាពេលខាងមុខនេះហើយ ច្បាស់ជាអ្នកដែលធ្លាប់ចាត់ទុកនាងថាជាតារាដែលជោគជ័យតែតែសិល្បៈ និងរកស៊ី តែរឿងស្នេហាសូន្យនោះនឹងស្ងាត់មាត់ដូចគេចុកជាមិនខាន៕