Wednesday, October 23, 2024
Homeតារាខ្មែរយុគ ចិន្ដា ៖លុបចោលគម្រោងរៀបការចុងខែមីនា

យុគ ចិន្ដា ៖លុបចោលគម្រោងរៀបការចុងខែមីនា

ភ្នំពេញ៖អ្នកនាងយុគ ចិន្ដា ធ្លាប់ប្រាប់អ្នកយកព័តមានយើងកាលពីឆ្នាំ២០១៨ ថានាងនឹងរៀបការ​នៅពេល​ដែលកូនស្រីរបស់នាងឈ្មោះយុគ ដាពេជ្រ ហៅអម ពេញក្រមុំនិងមានអាយុ១៨ឆ្នាំនិងត្រូវឆ្នាំ២០២២ នេះ​ដែលពេលនោះនាងនឹងឲ្យកូនធ្វើជាអ្នកកំដតែម្ដង មិនចាំបាច់រកអ្នកផ្សេ​ង​មក។ឥឡូវគូឲ្យស្ដាយ​គម្រោង​រៀបការរបស់ពិធីការិនីដ៍មានឥទ្ធិពលរូបនេះដែលគ្រោងធ្វើឡើង​នៅចុងខែមីនាឆ្នាំ២០២២ ត្រូវបាន​សម្រេច​លុបចោលជាបន្ទាន់ទៅហើយ ទើបធ្វើឲ្យទាំងតារារួមអាជីព និងមហាជនដែលចង់ឃើញអ្នកនាងចិន្ដា គ្រង​ឈុតកូនក្រមុំមែនទែន នោះត្រូវខកចិត្តសារជាថ្មី។

 លោកជីមមី ជំនួយការអ្នកនាងយុគ ចិន្ដា បានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៨ខែកុម្ភៈ ថា​តាម​ពិតលោកគឺជាអ្នករ៉ាប់រងកិច្ចការទាំងនោះប្រាកដមែន ហើយតាមគោ​ល​ការណ៍កម្មវិធីពិ​សេស​រប​ស់អ្នក​នាងចិន្ដា នឹងត្រូវធ្វើឡើងនៅចុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះហើយ​ព្រោះលោក​បានសួរនាំគេ​រឿងតាអាចារ្យ ភ្នួង សម្អាង​ការអស់ទៅហើយ តែឥឡូវមិនអាច​រៀបចំពិធីនោះបានទេ។លោកជីមមី បានប្រាប់ឲ្យដឹង​ពីមូល​ហេតុ​ដែល​អ្នក​នាង​ចិន្ដា មិនអាច​ធ្វើជាកូនក្រមុំមែនទែននោះថាដោយសារតែទី១៖តាំងពីមករា កូវីដអូមីក្រុង បានផ្ទុះ​ខ្លាំង​ពេក,​ទី២៖​បច្ចុប្បន្នសេដ្ឋកិច្ចមិនទាន់ល្អ និងទី៣៖អ្នកនាងចិន្ដា មិនចង់រៀបការទាំងប្រថុយ​ដោយធ្វើទាំងភ័យ​ខ្លាច​ឆ្លង​កូវីដ ហើយហៅភ្ញៀវចោះៗនោះទេ ព្រោះចង់ធ្វើធំដុំហើយភ្ញៀវទៅដោយសប្បាយចិត្តទាំងអស់គ្នា។

តាមព័តមានថាបើមិនផ្ទុះកូវីដនៅដើមឆ្នាំ២០២២ នេះទេមង្គលការរបស់អ្នកនាងយុគ ចិន្ដា និងអ្នកជំនួញម្នាក់នោះ​អាចនឹងត្រូវបានគេចាត់ទុកថាជាអាពាហ៍ ពិពាហ៍ ដ៍ធំបំផុតប្រចាំឆ្នាំជាមិនខានព្រោះ​គ្រោងរៀបចំដោយ​ប្រណិត​បំផុត និងមានការតុបតែងមិនចាញ់ពិធីរៀបការរបស់តារាល្បីៗផ្សេងៗទៀតឡើយ។ប៉ុន្ដែពេលនេះអ្វីៗ​បានប្រែ​ប្រួល​អស់ទៅហើយ ខណៈដែល​អ្នកនាងចិន្ដា និងគូស្នេហ៍កាន់តែបង្ហាញស្នេហ៍ជាចំហ ដែលបញ្ជាក់ថាទោះ​ជា​ពេលនេះមិនបានរៀបការដូចចិត្តមែន តែស្នេហាពិធីការិនីដ៍មានឥទ្ធិពលរូបនេះមិនបារម្ភពីការប្រែប្រួលនោះទេ ក្រោយអ្នកទាំងពីរបានស្វែងយល់ចិត្តគ្នាជាច្រើនឆ្នាំមក ហើយគេជឿរថាមង្គលការនឹងត្រូវបានរៀបចំឡើង​សារ​ជា​ថ្មីឡើងវិញជាមិនខាននៅពេលដែលស្ងាប់ស្ងាត់កូវីដនាពេលខាងមុខនេះ។

  ជំនួយការអ្នកនាងយុគ ចិន្ដា បន្ថែមថាពេលនេះមង្គលការរបស់អ្នកនាងចិន្ដា មិនទាន់អាចកំណត់​សារជាថ្មីបាន​ទេ ព្រោះឥឡូវមិនដឹងថាកូវីដពេលណាចប់?លោកថាអ្នកនាងចិន្ដា ចង់ធ្វើកម្មវិធីដែលគ្រប់គ្នាបាន​រីករាយអី​ចឹង​បើនៅតែផ្ទុះកូវីដបែបនេះតើឲ្យការម៉េចកើតទៅ?តែតាមលោកយល់ថាកម្មវិធីពិសេសរបស់មេ(អ្នកនាងចិន្ដា)អាចនឹងធ្វើនៅឆ្នាំក្រោយវិញ។

 អ្នកនាងយុគ ចិន្ដា ត្រូវបានគេចាត់ទុកថាជាពិធីការិនីដែលជោគជ័យការងារសិល្បៈ និងមុខជំនួញ តែរឿង​ស្នេហាវិញនាងហាក់មិនសូវសមប្រកបឡើយ ព្រោះធ្លាប់ប្រេះឆាស្នេហ៍ជាច្រើនលើកច្រើនសារ។តែក្រោយ​អ្នកនាងចិន្ដា ភ្ជាប់ស្នេហ៍ជាមួយបុរសវ័យចំណាស់ម្នាក់ជាអ្នកជំនួញដែលមានទាំងចំណេះដឹង និងចឬកស្លូត​បូតនោះចំណងស្នេហានេះបានរក្សារភាពគង់វង្សបានយូអង្វែងរហូតដល់ត្រៀមដឹកដៃគ្នាចូលរោងការតែម្ដង។តាមព័តមានថាមូលហេតុដែលអ្នកនាងចិន្ដា ជ្រើសរើសគូស្នេហ៍ជាអ្នកនៅក្រៅ​រង្វង់សិល្បៈនេះ​ដោយសារតែ​បុរសដែលនាងចាប់ដៃនេះយល់ចិត្ត និងស្គាល់ច្បាស់ពីអាជីពសិល្បៈរបស់នាង ហើយក៍មិនចេះប្រ​ចណ្ឌផ្ដែស​ផ្ដាសដែរ។អ្វីដែលអ្នកនាងចិន្ដា កាន់តែកក់ក្ដៅនោះគឺគូស្នេហ៍ស្រលាញ់កូនស្រីនាង​ដូចជាកូន​បង្កើតរបស់​លោ​កដែរ។គេជឿរថាក្រោយអ្នកនាងចិន្ដា ចូលរោងការនាពេលខាងមុខនេះហើយ ច្បាស់ជាអ្នកដែលធ្លាប់​ចាត់ទុក​នាងថាជាតារាដែលជោគជ័យតែតែសិល្បៈ និងរកស៊ី តែរឿងស្នេហាសូន្យនោះនឹង​ស្ងាត់មាត់ដូចគេ​ចុកជា​មិន​ខាន៕

RELATED ARTICLES