Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិក្រុមហ៊ុនកាប់គោអូស្ត្រាលី SLN ចេញសែកស្អុយ ជាង១លានដុល្លារ

ក្រុមហ៊ុនកាប់គោអូស្ត្រាលី SLN ចេញសែកស្អុយ ជាង១លានដុល្លារ

ភ្នំពេញ ៖ ស្ត្រីម្នាក់ វ័យ៦១ឆ្នាំ ជាអាជីវកររកស៊ីទិញស្បែកគោ លក់ទៅឱ្យចិន ត្រូវបានក្រុមហ៊ុនកាប់គោអូស្ត្រាលី SLN Meat supplies Pty Ltd ស្ថិតនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចេញសែកស្អុយ ចំនួន ៤ដង ដើម្បីដោះទ័លពីការជំពាក់ប្រាក់កក់ទិញស្បែកគោ អស់រយៈពេល៧ឆ្នាំ ដែលមានតម្លៃជាង ១លាន ដុល្លារ។ ក៏ប៉ុន្តែខាងភាគីក្រុមហ៊ុនបានសន្យាសងប្រាក់ទាំងនោះ ទៅឱ្យម្ចាស់ដើមវិញ នៅក្នុងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រុមហ៊ុនរកស៊ីកាប់គោអូស្ត្រាលីនេះ បានរៀបចំកន្លែងរោងចក្រមានស្តង់ដារល្អណាស់ នៅទីតាំងខាងលើ។ ប៉ុន្តែ បានក្ស័យធន ដោយសារក្រុមហ៊ុនគ្មានលិខិតបញ្ជាក់អំពីសុខភាពសត្វ ពី ក្រសួងកសិកម្ម សម្រាប់ការនាំចេញ សាច់គោ យកទៅលក់នៅក្រៅប្រទេស។ លិខិតនោះគេហៅថា “ភូតគ្រាម”។ ដោយបានមើលឃើញដំណើរការ ល្អនៃរោងចក្រកាប់គោនោះទៅមុខបណ្តើរៗ លោកហោ ស៊ីមលាង ហៅកង និងលោកអាង លីអេង ជាសហ ភាគហ៊ុន បាននាំគ្នាដើរប្រមូលលុយកក់លក់សាច់គោនៅទូទាំងប្រទេស ដោយពុំបានគិតអំពីហានិភ័យទៅថ្ងៃ អនាគតឡើយ។ ពួកគាត់បានជំពាក់ប្រាក់អាជីវករ ស្ទើរតែទូទាំងប្រទេស ក្នុងម្នាក់ៗយ៉ាងតិចចាប់ពី ១០ម៉ឺន ដុល្លាររហូតដល់ខ្ទង់លានដុល្លារ។ ជាពិសេសអ្នកដែលនៅពីក្រោយខ្នងនៃក្រុមហ៊ុននេះ ក៏បានជំពាក់ប្រាក់ រាប់ លានដុល្លារនោះដែរ។

អ្នកស្រី វ៉ាត់ វុយ ជាអាជីវកររកស៊ីទិញស្បែកគោ លក់ទៅប្រទេសចិន ស្នាក់នៅផ្ទះលេខ១១ដេ ផ្លូវលេខ៣៧៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចម្ការមន ជាម្ចាស់ប្រាក់ចំនួន ១លាន៣សែនដុល្លារ។ ចំណែកម្ចាស់ក្រុមហ៊ុន SLN Meat supplies Pty Ltd គឺលោកហោ ស៊ីមលាង ហៅកង សព្វថ្ងៃស្នាក់នៅ ភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងលោក អាង លីអេង ស្នាក់នៅផ្ទះលេខ 223AEo ផ្លូវលេខ១៨២ ភូមិ១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌ ទួលគោក ដែលភាគីជំពាក់ប្រាក់កក់ថ្លៃទិញស្បែកគោអូស្ត្រាលី ចាប់តាំងពីឆ្នាំ២០១៥ មកម៉្លេះ។

អាជីវករមេម៉ាយ មានវ័យ៦១ឆ្នាំ លោកស្រី វ៉ាត់ វុយ បានប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ថា អ្នកស្រីផ្ទាល់ រួមជាមួយកូនស្រីឈ្មោះស៊ុយ ហ្វុង និងកូនប្រសា ឈ្មោះ Huang Hejun បានប្រ គល់ ប្រាក់លើកទីមួយ ទៅឱ្យលោកអាង លីអេង តំណាងក្រុមហ៊ុនកាប់គោអូស្ត្រាលី នៅធនាគារកាណាឌីយ៉ា ភ្នំពេញ តាមបណ្តោយផ្លូវព្រះមុនីវង្ស កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ចំនួន ១លានដុល្លារ (មានសែក) ហើយលើកទីពីរ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ កូនស្រីរបស់គាត់ឈ្មោះស៊ុយ ហ្វុង និងកូនប្រសា ឈ្មោះ Huang Hejun បានប្រ គល់ប្រាក់ចំនួន ៣០ម៉ឺនដុល្លារទៀត ទៅឱ្យលោក អាង លីអេង នៅធនាគារកាណាឌីយ៉ា ដដែល (មានសែក)។

អ្នកស្រី វ៉ាត់ វុយ បានបន្តទៀតថា បន្ទាប់ពីគាត់បានប្រគល់ប្រាក់ចំនួន ១លាន៣សែនដុល្លារទៅឱ្យលោក អាង លីអេង រួចមក គឺអ្នកស្រីបានទទួលទំនិញស្បែកគោលើកទីមួយ នៅក្នុងឆ្នាំ២០១៦ ប្រហែល ៧០តោន ស្មើ៧០ លានរៀល បើគិតជាប្រាក់ដុល្លារ គឺ២ម៉ឺនដុល្លារ។ ចាប់តាំងពីឆ្នាំ២០១៦ មកក្រុមហ៊ុនកាប់គោអូស្ត្រាលីនេះក៏ បានក្ស័យធន រហូតមកដល់សព្វថ្ងៃ។ ក្រុមហ៊ុនបានឱ្យពួកគាត់រង់ចាំរហូត តែគ្មានទំនិញ យកមកដោះដូរគ្នា នោះទេ។ ដោយដឹងថាក្រុមហ៊ុនក្ស័យធនទៅហើយក្តី តែអ្នកស្រីគិតថា ពីរឆ្នាំក្រោយ មកពួកអ្នកស្រីក៏បាន ទាមទារយកលុយកក់នោះវិញ ដោយដាក់លិខិតរក្សាការពារទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន SLN ទៅតុលាការ។ យើងបានព្យាយាមទារលុយជំពាក់នោះ រហូតតែភាគីខាងក្រុមហ៊ុន បានបញ្ចេញសកម្មភាពមិនល្អ នៅពេល ជួបគ្នាម្តងៗ។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ លោកហោ ស៊ីមលាង ហៅកង ជាម្ចាស់ក្រុមហ៊ុនកាប់គោអូស្ត្រាលី បានចេញសែកស្អុយលើកទីមួយ ចំនួន៣០ម៉ឺនដុល្លារ។ លើកទីពីរ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ គាត់បាន ចេញ សែកស្អុយ ចំនួន៥០ម៉ឺនដុល្លារ។ លើកទីបី នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ គាត់ដដែល បានចេញសែកស្អុយចំនួន ៥០ម៉ឺនដុល្លារទៀត។ ដោយឡែក សែកលើកទីបួន នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ មានទឹកប្រាក់ចំនួន៥០ម៉ឺន ដុល្លារ ចេញដោយលោកអាង លីអេង។ សែកគ្មានទឹកប្រាក់ទាំងបួននេះ ស្ថិតនៅក្នុងធនាគារអេប៊ីអេ (ABA)។

ការចេញសែកគ្មានទឹកប្រាក់ ចំនួន ១លាន៨សែនដុល្លារ ដើម្បីជាការដោះទ័លនេះ លោកស្រី វ៉ាត់ វុយ គិតថា “នៅពេលពួកខ្ញុំទៅទារលុយម្តងៗ លោកហោ ស៊ីមលាង និងលោកអាង លីអេង តែងតែឆ្លើយដោះសារហូត ដោយណាត់ថា សងប្រាក់ថ្ងៃនេះថ្ងៃនោះ…។ ខ្ញុំមិនទាន់បាន ប្តឹងផ្តល់ពួកគាត់ទេ។ ខ្ញុំសុខចិត្តជ្រើសរើសការ ចរចាគ្នាសិន។ លុយយើងកើតការកូនចៅ យើងត្រូវយកលុយនោះចំនួន ១លាន៨សែនដុល្លារ ទាំងដើមនិង ការប្រាក់។ លោកអាង លីអេង បានសន្យាសងប្រាក់មកពួកយើងខ្ញុំ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈ បណ្តាញសង្គម (តេឡេក្រាម)”។

លោកអាង លីអេង ដែលជាតំណាងក្រុមហ៊ុនខាងលើ បានទទួលប្រាក់ចំនួន ១លានដុល្លារ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ លើកទីមួយ និងលើកទីពី នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ ចំនួន៣០០ ០០០ដុល្លារទៀត ពីក្រុមហ៊ុន Cambodia VA HEN Industry GroupCo.,Ltd។ពាក់ព័ន្ធករណីនេះ សារព័ត៌មានយើងពុំអាចសុំ ការបំភ្លឺពីលោក អាង លីអេង បានទេ កាលពីម្សិលមិញ។

បុរសម្នាក់ ធ្លាប់បម្រើការនៅក្នុងរោងចក្រកាប់គោអូស្ត្រាលី ហើយបានស្គាល់លោកហោ ស៊ីមលាង ហៅកង និងលោកអាង លីអេង បានលើកឡើងថា ពួកគាត់ទាំងពីរនាក់ គ្មានលុយសងម្ចាស់បំណុលនោះទេ ពីព្រោះ ពួកគាត់ជំពាក់ប្រាក់គេស្ទើរទូទាំងប្រទេស សម្រាប់អ្នករកស៊ីលក់សាច់គោ ដោយដើរយកលុយគេមុនក្នុង ម្នាក់ៗចាប់ពី ១០ម៉ឺនដុល្លារ ២០ម៉ឺនដុល្លារ ទៅ៣០ម៉ឺនដុល្លារក៏មានដែរ។ ម្ចាស់បំណុលទាំងនោះ បើទោះជា ចាប់ពួកគាត់ទាំងពីរនាក់ដាក់គុក ក៏គ្មានលុយសងដែរ។ បើយកល្អ មានតែរង់ចាំម្ចាស់ក្រុមហ៊ុនកាប់គោនេះ លក់ដីរោងចក្រ ទាំង ៨០ហិកតារ ដើម្បីយកប្រាក់មកសង ឬដោះបំណុលគេ ទើបគ្រប់។

គួរបញ្ជាក់ថា កន្លងមកលោក អាង លីអេង ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនម្តងមកហើយ ទាក់ទងនឹងការជំពាក់ ប្រាក់គេដ៏ច្រើនសន្ធឹកសន្ធាប់ តែរយៈពេលមិនយូរប៉ុន្មាន លោកក៏បាននៅក្រៅឃុំរហូតដល់សព្វថ្ងៃ។ ចំណែក ការសន្យាសងប្រាក់ទៅឱ្យអ្នកស្រី វ៉ាត់ វុយ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ចំនួន ១លាន៨សែនដុល្លារ ក៏ទទួល ការបរាជ័យផងដែរ ដោយសារលោកអាង លីអេង សុំលើកពេលបន្តទៀត៕

RELATED ARTICLES