Wednesday, March 11, 2026
Homeសេដ្ឋកិច្ចជាតិស្ថានីយប្រេង ៨៩ក្នុង៤០០ នៅខេត្តតាកែវ ផ្អាកបណ្ដោះអាសន្ន 

ស្ថានីយប្រេង ៨៩ក្នុង៤០០ នៅខេត្តតាកែវ ផ្អាកបណ្ដោះអាសន្ន 

ខេត្តតាកែវ ៖ មន្ទីររ៉ែនិងថាមពលខេត្តតាកែវ បានបញ្ជាក់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ថា នៅទូទាំងខេត្តតាកែវ មានស្ថានីយប្រេង ចំនួន៤០០កន្លែង ក្នុងនោះមាន ៨៩កន្លែង បានផ្អាកជាបណ្ដោះអាសន្ន ដោយសារក្រុមហ៊ុនផ្អាកផ្គត់ផ្គង់ប្រេង ជាបណ្ដោះអាសន្ន។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅតាមខេត្តផ្សេងទៀត ស្ថានីយប្រេង មួយចំនួន ក៏ត្រូវបានបិទទ្វារផងដែរ ដោយសារទិញប្រេងមិនបាន និងក្រុមហ៊ុនដែលលក់ប្រេង ឡើងថ្លៃ ដែលមិនអាចឲ្យពួកគាត់លក់តាមតម្លៃដែលក្រសួងពាណិជ្ជកម្មប្រកាសចេញ។

សូមបញ្ជាក់ថា ដោយសារតែប្រែប្រួលតម្លៃប្រេងពិភពលោក ក្រសួងពាណិជ្ជកម្ម បានប្តូរពីការចេញប្រកាសតម្លៃប្រេង ក្នុងរយៈពេល១០ថ្ងៃ មកក្នុងរយៈពេល ៣ថ្ងៃម្តងវិញ។

បើតាមការប្រកាសរប​ស់ក្រសួងពាណិជ្ជកម្ម, សម្រាប់ថ្ងៃទី៨ ដល់ទី១០ ខែមីនា ឆ្នាំ២០២៦ ប្រេងសាំងធម្មតា មានតម្លៃ ៤៤០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូត តម្លៃ ៥១៥០រៀល ក្នុងមួយលីត្រ។

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែនិងថាមពល បានពិភាក្សាវាយតម្លៃ និងលើកផែនការផ្គត់ផ្គង់ឧស្ម័នឥន្ធនៈ ជាមួយជំនាញ និងក្រុមហ៊ុននាំចូលពាក់ព័ន្ធ។

លោក កែវ រតនៈ បានសរសេលើទំព័រ Facebook របស់លោក នៅល្ងាចថ្ងៃទី៩ ឃែមីនា ឆ្នាំ២០២៦ ថា «ទោះបីការផ្គត់ផ្គង់មិនទាន់ជួបការខ្វះខាតថ្លៃ មានការកើនឡើង ហើយហានិភ័យនៅតែមាន ដោយបញ្ហាពិភពលោក ដូច្នេះក្រសួង សូមអំពាវនាវឱ្យមានការជួយសន្សំសំចៃ ក្នុងការប្រើប្រាស់»។

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានថ្លែងថា បើទោះបីសង្គ្រាមនៅមជ្ឈិមបូព៌ា តែសម្រាប់កម្ពុជាមិនទាន់មានស្ថានភាពខ្វះប្រេងបម្រុងនោះទេ សន្និធិបម្រុងរបស់កម្ពុជា អាចឈរជើងបាន២១ថ្ងៃ បើក្រុមហ៊ុនប្រេង មិនអាចនាំចូលប្រេងពីពិភពលោកបាន ប៉ុន្តែបច្ចុប្បន្ន ការនាំចូលប្រេងមកកម្ពុជា នៅតែមានធម្មតា៕ ខៀវទុំ

RELATED ARTICLES