ភ្នំពេញ៖ព្រាប សុវត្ថិ ដែលធ្លាប់ច្រៀងនៅហង្សមាសរយៈពេល២៣ឆ្នាំ(១៩៩៧-២០២០)នោះបានដើរចេញពីទ្រនុំមួយនេះរយៈពេលជាង១ឆ្នាំទៅហើយដើម្បីទៅចូលរួមជាមួយGalaxy ខណៈដែលបទចម្រៀងរបស់ព្រាប សុវត្ថិ បន្សល់នៅហង្សមាសមានចំនួនជាង៣០០០បទ។សំណួរដែលមហាជនចង់ដឹងថាតើក្រោយព្រាប សុវត្ថិ លែងនៅហង្សមាសទៀតនេះលោកថៅកែហង្សមាសលោកឧកញ៉ាអ៊ឹង ឆៃងួន រកបានតារាចច្រៀងណាអាចជំនួសតំណែងលោកឬនៅ?ការលើកឡើងបែបនេះដោយសារតែកន្លងមកមានការលើកឡើងថាតារាចម្រៀងខេមរៈ សិរីមន្ដ ត្រូវបានថ្នាក់ដឹកនាំរុញឲ្យជំនួសលោកព្រាប សុវត្ថិ ។
អ្នកជំនាញធ្វើភ្លេង(Composer) នៅហង្សមាសម្នាក់ដែលស្និតទាំងលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នោះបានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះដោយស្នើរសុំមិនឲ្យដាក់ឈ្មោះនោះថាពេលនេះខេមរៈ សិរីមន្ដ អាចជំនួសតំណែងព្រាប សុវត្ថិ នៅហង្សមាសបានហើយ។Composer រូបនោះថាក្រោយព្រាប សុវត្ថិ ចេញពីហង្សមាសភ្លាមអ្នកគ្រប់គ្រងផលិតកម្មនេះបានតម្រូវឲ្យសិរីមន្ដ និងសុគន្ធកញ្ញា ច្រៀងឆ្លងឆ្លើយគ្នាបទប្រពៃណីចូលឆ្នាំខ្មែរ ដែលមានន័យថាសិរីមន្ដ បានជំនួសព្រាប សុវត្ថិ តាំងពីពេលហ្នុងម្លេះ។លោកគ្រូភ្លេងបន្ថែមថាតាមការមើលឃើញរបស់លោកទោះជាពេលនេះសិរីមន្ដ អាចស្នងព្រាប សុវត្ថិ នៅហង្សមាសបាន តែតារាទើបឡើងងារជាឧកញ៉ានេះមិនទាន់អាចជំនួសតំណែងព្រាប សុវត្ថិ ជាលក្ខណៈទូទៅបានទេ ព្រោះឈ្មោះព្រាប សុវត្ថិ នៅតែមានទម្ងន់ជាង។
ដោយឡែកនៅពេលសួរថាតើក្រោយព្រាប សុវត្ថិ មិនទាន់ឡើងជាឧកញ៉ា ហើយពេលនេះលោកខែម ប៊ុនថៃ ក្លាយជាឧកញ៉ានេះតើនឹងធ្វើឲ្យជះឥទ្ធិពលយ៉ាងណាចំពោះព្រាប សុវត្ថិ នោះត្រូវបានComposer រូបនោះថាខាងAgency គេនៅតែធ្វើការជាមួយព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ទៅតាមSponsor ដដែលទេ គ្រាន់តែការឡើងងារជាឧកញ៉ារបស់លោកប៊ុនថៃ ពេលនេះបញ្ជាក់ថាការងាកទៅរកស៊ីផ្នែកអចលនទ្រព្យរបស់លោកសិរីមន្ដ កាលពីពេលថ្មីៗនេះជោគជ័យទើបបានទទួលគោរម្យងារដ៍អស្ចារ្យនេះ។
ព្រាប សុវត្ថិ ធ្លាប់ត្រូវបានមនុស្សជំនិតរបស់លោកទម្លាយប្រាប់អ្នកកាសែតកាលពីចុងខែកញ្ញាឆ្នាំ២០២០ ថាកំពូលតារាចម្រៀងរូបនេះមានលុយចំនួន៣០លានដុល្លារក្រោយចាប់អាជីពជាអ្នកចម្រៀងជាង២ទសវត្សន៍មកនេះ។តាមទឹកលុយរបស់ព្រាប សវត្ថិ នេះគូរណាស់តែតារាGalaxy រូបនេះឡើងជាឧកញ៉ាមុនខេមរៈ សិរីមន្ដ តែពេលនេះលោកស្នាយ បែជាមិនទាន់បានងារពិសេសនេះដូចលោកខែម ប៊ុនថៃ ទៅវិញ។ទោះជាយ៉ាងណាមហាជនសន្និដ្ឋានថាមិនយូទេព្រាប សុវត្ថិ នឹងឡើងជាឧកញ៉ាជាមិនខានដែលពេលនោះសិល្បករនឹងមានចំនួន៤រូបដែលទទួលបានងារមួយនេះក្នុងនោះមានលោកទុំ សារុត ហៅនាយឃ្លោគ ,លាន អាហ្រ្វីលគីនីន និងខែម ប៊ុនថៃ ខណៈដែលមុននេះមានដំណឹងថាលោកចែម ចាន់តារា ហៅនាយពែកម៉ី ក៍ត្រៀមឡើងធ្វើជាឧកញ៉ាឆាប់ៗនេះផងដែរ។
ព្រាប សុវត្ថិ នៅតែរះនៅGalaxy ទោះជាមតិភាគច្រើនលើកឡើងថាបទចម្រៀងរបស់លោកអទៅផលិតកម្មថ្មីមិនសូវមានគុណភាពដូចច្រៀងនៅហង្សមាសក្ដី។អ្វីដែលគូរឲ្យកត់សម្គាល់នោះព្រាប សុវត្ថិ មានដៃគូតែម្នាក់គត់នៅផលិតកម្មថ្មីនេះគឺនាងតន់ ច័ន្ទសីម៉ា ក្រោយមាស សុខសោភា និងពេជ្រ សោភា ដែលមានដំណឹងថាGalaxy ចង់ទិញឲ្យទៅចាប់ដៃជាមួយលោកព្រាប សុវត្ថិ នោះពេលនេះពួកគេបានមើលរំលងផលិតកម្មនេះទៅវិញទើបធ្វើឲ្យព្រាប សុវត្ថិ ពិបាករកអ្វីថ្មីប្លែកមកបង្ហាញ។ទោះជាយ៉ាងណាអ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់អះអាងថាគិតមកដល់ពេលនេះព្រាប សុវត្ថិ នៅមិនទាន់ធ្លាក់ចុះទេ ក្រោយប្ដូរផលិតកម្មជាង១ឆ្នាំនេះ៕