ភ្នំពេញ៖មាស សុខសោភា និងសុគន្ធ និសា ជាមិត្តសម្លាញ់គ្នាដោយពួកគេធ្លាប់ច្រៀងរួមផលិតកម្មនៅរស្មីស្ទឹងសង្កែរ និងថោន តែពេលនេះបានឈនៅផលិតកម្មផ្សេងគ្នាគឺសុខសោភា ទៅរាម ខណៈនិសា នៅហង្សមាសវិញ។ទាំងសោភា និងនិសា ពេលនេះពួកគេមិនទាន់មានកូនដូចគ្នា ខណៈដែលតារារាម បានប្រារពខួបអាពាហ៍ ពិពាហ៍របស់ខ្លួនគម្រប់១២ឆ្នាំ កាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១ ស្របពេលដែលនិសា រៀបការប្ដីជាង៤ឆ្នាំតែនៅគ្មានកូន។ដោយសារតែសោភា មានអាយុច្រើនជាងនិសា ទើបនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាពិតជាមានការបារម្ភរឿងពិបាកយកកូននៅវ័យនេះមែន ហេតុនេះហើយបានជាមុននេះសោភា ចង់បានកូនពេករហូតអះអាងថាយុវជនម្នាក់ដែលមានឈ្មោះថាBovee Hundley ដែលមានអាយុ១៤ឆ្នាំ ជាកូនរបស់នាងទៀតផងបើទោះជាអ្នកស្និតបុរសខាងលើថានោះមិនមែនជាកូនរបស់សោភា តែជាក្មួយរបស់នាងក្ដី។ដោយឡែកសុគន្ធ និសា វិញនាងធ្លាប់ប្រាប់ថាមូលហេតុដែលនាងមិនទាន់ពពោះព្រោះតែចង់បានកូនទៅតាមគម្រោង ពោលគឺចង់ផ្ដល់កំណើតឲ្យកូនដំបូងលើទឹកដីអាមេរិក ដែលកើតភ្លាមបានសញ្ជាតិភ្លែត។ប៉ុន្ដែដោយសារតែនិសា មិនទាន់បានសិទ្ធិចេញទៅរស់នៅអាមេរិកស្របច្បាប់(Visa)នោះហើយចាំយូពេកកាលពីឆ្នាំ២០២១ និសា ធ្លាប់អះអាងថានាងចង់យកកូននៅក្នុងស្រុកវិញតែផែនការណ៍នេះត្រូវបានអាកខានសារជាថ្មីព្រោះតែនិសា បានកើតកូវីដកាលពីដើមខែមីនា ឆ្នាំ២០២១ ទើបត្រូវលុបចោលរឿងយកកូននេះទៅវិញហើយបើទោះជាពេលនេះនាងមានសុខភាពល្អដូចដើមឡើងវិញក្ដី តែនិសា មិនទាន់រៀបគម្រោងយកកូនសារជាថ្មីវិញនោះទេ។
គូរបញ្ជាក់ថាមាស សុខសោភា និងសុគន្ធ និសា បានជ្រើសគូស្នេហ៍ជាអាណិកជនខ្មែរនៅក្រៅស្រុកដូចគ្នាពោលគឺសុខសោភា ភ្ជាប់ស្នេហ៍ជាមួយលោកអ៊ឹត រ៉ាដា ដែលជាខ្មែរមកពីការណាដា ខណៈដែលនិសា សាងស្នេហ៍ជាមួយលោកចៅ សម្បត្តិ ជាបុរសមកពីរដ្ឋBoston សហរដ្ឋអាមេរិក។សុខសោភា បានរៀបការបែបសែនព្រេនជាមួយលោករ៉ាដា កាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ ខណៈដែលនិសា រៀបការជាមួយលោកសម្បត្តិ ថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ។តាមរយៈសោភា រៀបការមុននិសា ៨ឆ្នាំនេះគេជឿរថាតារារាម នឹងយកកូនមុននិសា ជាមិនខាន ហើយភស្ដុតាងដែលថាសោភា នឹងពពោះឆាប់ៗនេះគឺសុខៗនាងបានទម្លាយរូបថតអាពាហ៍គម្រប់១២ឆ្នាំរបស់ខ្លួនកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១ ដែលនេះជាការបើកផ្លូវមួយឲ្យនាងអាចយកកូនបានដោយគេចផុតពីការរិះគន់ ព្រោះថាបើសិនជាសោភា មិនឲ្យសុវណ្ណរាជ បញ្ចេញរូបថតមង្គលការរបស់ខ្លួននោះទេ ច្បាស់ជានាងមិនហ៊ានយកកូនឡើយព្រោះខ្លាចរងការរិះគន់ជុំទិស។
មជ្ឈដ្ឋានមហាជនមើលឃើញថាក្រៅពីមាស សុខសោភា និងសុគន្ធ និសា តារាដែលយកប្ដីអាណិកជននៅក្រៅស្រុកច្រើនតែចេញទៅរស់នៅតាមប្ដីនិងបង្កើតកូននៅស្រុកគេស្ទើតែគ្រប់គ្នាទៅហើយ ហើយតារាទាំងនោះខ្លះបោះបង់អាជីពចាស់ចោលទៀតផង។ចំពោះសោភា និងនិសា វិញពួកគេត្រូវប្ដីតាមមករស់នៅដល់ស្រុកខ្មែរដូចគ្នាហើយស្វាមីរបស់ពួកគេបានអនុញ្ញាត្តិឲ្យតារាទាំង២បន្ដអាជីពចាស់តាមចិត្តចង់។តែស្វាមីសោភា និងនិសា មានលក្ខណៈខុសគ្នាតង់ថាប្ដីតារារាម តែងតែជូនសោភា ទៅច្រៀងគ្រប់ឆាកតន្រ្ដីទាំងអស់ហើយលោករ៉ាដា ថែមទាំងស្ពាយសម្លៀកបំពាក់ឲ្យភរិយាលោកគ្រប់ពេលច្រៀងសម្ដែងតែម្ដង។ចំណែកនិសា វិញប្ដីនាងមិនដែលទៅតាមនាងដល់ឆាកតន្រ្ដីឡើយ តែនាងថាប្ដីប្រពន្ធនាងមានទំនុកចិត្តគ្នាខ្ពស់ណាស់។
ទស្សនិកជនរងចាំមើលថាមាស សុខសោភា នឹងពពោះនៅពេលណាដើម្បីឲ្យបានកូនង៉ាបីប្រលែងលេងឲ្យបានមុនសុគន្ធ និសា ៕