ភ្នំពេញ៖មុននេះវីដេអូលោកឧកញ៉ាខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ត្រូវបានចែកចាយ (Share) នៅលើបណ្ដាញសង្គមហ្វេសបុក និងTik Tok យ៉ាងព្រោងព្រាតព្រោះតែមានការចាប់អារម្មណ៍នូវតម្លៃខ្លួនដែលលោកសិរីមន្ដ បាននិយាយថាច្រៀងត្រឹម៦បទបានតម្លៃខ្លួនដល់ទៅ១០០០០ដុល្លារឯណ្ណោះ។ក្រោយមានការផ្សព្វផ្សាយពីតម្លៃខ្លួនខ្ពស់កប់ពពកបែបនេះរបស់លោកឧកញ៉ាខែម ប៊ុនថៃ មកមានការលើកឡើងពីមហាជនដោយអ្នកខ្លះសរសើរថាលោកប៊ុនថៃ ជាគំរូល្អមួយសម្រាប់តារាសិល្បករជំនាន់ក្រោយព្រោះលោកតស៊ូតាំងពីច្រៀងតម្លៃខ្លួនត្រឹម៣ដុល្លាររហូតដល់១០០០០ដុល្លារ។ប៉ុន្ដែមានអ្នកខ្លះទៀតថាតម្លៃខ្លួននេះខ្ពស់ពេកហេតុនេះហើយអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីខ្លះមិនមានលទ្ធភាពជួលលោកឧកញ៉ាខែមរៈ សិរីមន្ដ ច្រៀងនោះទេ។
ឯកឧត្តមសាម៉ន បណ្ឌិត រដ្ឋលេខធិការក្រសួងព័តមានដែលធ្លាប់ជាអតីតអ្នកដឹកនាំប្រគុំតន្រ្ដីរយៈពេល១៤ឆ្នាំ(២០០២-២០១៦) នោះបានឲ្យដឹងថាលោកពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ចំពោះតម្លៃខ្លួនលោកខេមរៈ សិរីមន្ដ ដែលលោកបានឃើញក្នុងវីដេអូថាច្រៀង៦បទយកបាន១ម៉ឺនដុល្លារនោះ។លោកថាមុនក្លាយជាមន្រ្ដីរាជការលោកក៍ធ្លាប់បានធ្វើការជាមួយលោកសិរីមន្ដ ជាច្រើនដងផងដែរ ហើយបើកម្មវិធីសប្បុរសតារាចម្រៀងរូបនេះមិនដែលយកលុយនោះទេ ។ប៉ុន្ដែលោកថាសម្រាប់តម្លៃខ្លួនច្រៀងម្ដង១០០០០ដុល្លារនោះសួរថាតើលោកនៅតែហ៊ានជួលលោកសិរីមន្ដ ទៀតដែរឬទេ ប្រសិនបើលោកទៅដឹកនាំកម្មវិធីប្រគុំតន្រ្ដីនោះលោកនឹងឆ្លើយថានៅតែហ៊ានតែបើ៦បទ១០០០០ដុល្លារ ចឹងលោកសុំឲ្យតែសិរីមន្ដ ច្រៀង១បទទេហើយជូនគាត់២០០០ដុល្លារ អីចឹងមិនដឹងថាគាត់ព្រមឬអត់នោះទេ?រដ្ឋលេខធិការក្រសួងព័តមានរូបនេះបន្ថែមថាតម្លៃខ្ពស់បែបនេះប្រាកដជាអ្នករៀបចំប្រគុំតន្រ្ដីល្មមៗមិនអាចមានលទ្ធភាពហៅលោកឧកញ៉ាប៊ុនថៃ ច្រៀងនោះទេ ប៉ុន្ដែលោកពិតជាកោតសរសើរនូវការព្យាយាមតស៊ូរបស់លោកសិរីមន្ដ ដែលផ្ដើមពីច្រៀងពី៣ដុល្លារឡើង១ម៉ឺនដុល្លារ រហូតទទួលបានគោរម្យងារដ៍ខ្ពង់ខ្ពស់ជា”ឧកញ៉ា”នេះគូតែតារាជំនាន់ក្រោយយកគំរូតាម ព្រោះលោកសិរីមន្ដ ជួយដល់សង្គមច្រើន។តែឯកឧត្តមបណ្ឌិត ថាក្នុងចំណោមតារាទាំងអស់ដែលលោកធ្លាប់ធ្វើការជាមួយនោះគឺលោកព្រាប សុវត្ថិ មានភាពថ្លៃថ្នូរខ្លាំងណាស់។
ដោយឡែកលោកគង់ វិសាល ដែលមានបទពិសោធន៍ដឹកនាំប្រគុំតន្រ្ដីរយៈពេលជាង២០ឆ្នាំនិងបច្ចុប្បន្នកំពុងមម្រើរការនៅប៉ុស្ដិ៍បាយ័ននោះបាននិយាយខ្លីថាលោកមិនទាន់បានឃើញវីដេអូដែលលោកខែមរៈ សិរីមន្ដ និយាយរឿងច្រៀង៦បទស៊ីថ្លៃ១ម៉ឺនដុល្លារនោះទេ អីចឹងលោកមិនទាន់ធ្វើអត្ថាធិប្បាយឡើយ។ប៉ុន្ដែលោកវិសាល ថាលោកមិនជឿរថាលោកឧកញ៉ាខែម ប៊ុនថៃ និយាយបែបនេះទេ។
មុនខេមរៈ សិរីមន្ដ បញ្ចេញតម្លៃខ្លួននេះមជ្ឈដ្ឋានមហាជននិងអ្នកជំនាញសិល្បៈបានលើកឡើងថានាងតន់ ច័ន្ទសីម៉ា របស់Galaxy នឹងអាចដេកស្អាតព្រោះអ្នកគ្រប់គ្រងផលិតនេះបញ្ជាក់ថាសីម៉ា ច្រៀងConcerts ធំនៅតាមខេត្តម្ដងស៊ីថ្លៃ៥០០០ដុល្លារ ដែលតម្លៃនេះត្រូវបានគេគិតថាខ្ពស់ជាងកំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ទៅទៀត។ប៉ុន្ដែដឹងអីពេលនេះលោកឧកញ៉ាខែម ប៊ុនថៃ ទម្លាយថាច្រៀង៦បទបាន១ម៉ឺនដុល្លារទើបធ្វើឲ្យនាងច័ន្ទសីម៉ា ធ្លាក់មកលំដាប់លេខ២វិញម្ដង។
លោកសេត គឹមសឿន ដែលជាអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីរបស់ទូរទស្សន៍CNC បានឲ្យដឹងថាលោកបានឃើញវីដេអូរបស់លោកឧកញ៉ាខែម ប៊ុនថៃ និយាយពីតម្លៃខ្លួននោះហើយ។លោកថាមិនមានការភ្ញាក់ផ្អើលនោះទេ បើតារាលំដាប់ប្រទេសយកតម្លៃថ្លៃប៉ុណ្ណោះ ព្រោះលោកគឹមសឿន ឧទាហរណ៍ថាបើនៅថ្ងៃឆ្លងឆ្នាំសកលតារាល្បីៗគឺជាប់កម្មវិធីគេស្ទើតែគ្រប់គ្នាអីចឹងបើSponsor មួយគេចង់បានតារាល្បីម្នាក់ដែលមានតម្លៃខ្លួនច្រៀង១កម្មវិធីស៊ីថ្លៃ៣ពាន់ដុល្លារ ហើយតារានោះថាជាប់ច្រៀង៣កម្មវិធីហើយដែលស្មើនិង៩ពាន់ដុល្លារ ចឹងបើគេនៅតែចង់បានផ្ដាច់មុខគេនឹងហ៊ានឲ្យតារានោះ១ម៉ឺនដុល្លាដើម្បីយកឲ្យបានមកវិធីរបស់គេ។អ្នកដឹកនាំសិល្បករជាច្រើនឡើងឆាករូបនេះថាក្រោយលោកសិរីមន្ដ បង្ហាញតម្លៃនេះមកមិនធ្វើឲ្យប៉ៈពាល់ដល់ខាងលោកនោះទេ ព្រោះជាទីផ្សារសេរីអីចឹងបើខាងSponsors គេចង់បានក៍ហៅទៅ តែបើគេមិនហ៊ានក៍អត់ទៅ។លោកបន្ថែមថាសម្រាប់តារាផ្សេងៗទៀតដែលចង់ឡើងតម្លៃខ្លួនដូចខេមរៈ សិរីមន្ដ ដែរមិនអាចទៅនោះទេព្រោះគេត្រូវមើលទៅលើBackground របស់តារាទាំងនោះដែរ។
ចំណែកលោកស៊ិន សិលា អ្នកដឹកនាំប្រគុំតន្រ្ដីរបស់CTN វិញបានប្រាប់ថាលោកពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលឃើញវីដេអូរបស់លោកឧកញ៉ាខែម ប៊ុនថៃ និយាយថាច្រៀង៦បទបាន១ម៉ឺនដុល្លារនោះ។លោកថាតាំងពីលោកធ្វើការងារសិល្បៈមួយនេះមកមិនដែលមានតារាខ្មែរណាទារថ្លៃដល់ម្លឹងនោះទេ ហេតុនេះហើយលោកជឿរថាក្រោយលោកសិរីមន្ដ បញ្ចេញតម្លៃនេះមកប្រាកដជាធ្វើឲ្យតារាមួយចំនួនទៀតដែលគិតថាខ្លួនឯងល្បីដែរ នឹងចាប់ផ្ដើមឡើងថ្លៃដែរជាមិនខានឡើយ។ក្នុងនាមជាអ្នកដឹកនាំផ្នែកកម្សាន្ដ ម្នាក់លោកសិលាថាសំណូមពរឲ្យតារាទាំងអស់គិតពីបរិបទនាពេលបច្ចុប្បន្នផងថាតើគូឡើងថ្លៃបែបនេះទៅរួចឬអត់បើកូវីដមិនទាន់ស្ងាត់បែបនេះ។អ្នកដឹកនាំរូបនេះបន្ថែមទៀតថាលោកធ្វើការហៅតារាគឺទៅតាមលទ្ធភាពដែលខាងSponsors ផ្ដល់កញ្ចប់ឲ្យហើយបើតារាណាទាថ្លៃខ្ពស់ខាងលោកគ្មានលទ្ធភាពហៅបានញឹកញាប់នោះទេ តែអាចហៅក្នុង១ឆ្នាំពីម្ដងទៅពីដងទៅតាមអ្នកឧបត្ថម្ភកម្មវិធីចង់បាន។
គូរបញ្ជាក់ថាលោកខេមរៈ សិរីមន្ដ ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសី ហមុនី ត្រាស់បង្គាប់ផ្ដល់គោរពងារជា”ឧកញ៉ា”កាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២២ ធ្វើឲ្យភរិយារបស់លោកអ្នកស្រីគួយ ផល្លី បានក្លាយទៅជាជំទាវ។លោកសិរីមន្ដ ស្ថិតក្នុងចំណោមតារាទាំង៣ដែលទទួលបានងារឧកញ៉ានាពេលបច្ចុប្បន្នហើយ២រូបផ្សេងទៀតនោះគឺលោកទុំ សារុត ហៅនាយឃ្លោគ និងលាន អាហ្រ្វីលគីនីន ៕