ភ្នំពេញ៖បើនិយាយពីទ្រព្យធនគូរណាស់តែកំពូលតារាចម្រៀងព្រាប សុវត្ថិ ក្លាយទៅជា”ឧកញ៉ា”ជាច្រើនខែមកហើយព្រោះថាកាលពីខែកញ្ញាឆ្នាំ២០២០ តារាវ័យ៤៧ឆ្នាំរូបនេះត្រូវបានមនុស្សជំនិតរបស់លោកប្រាប់អ្នកកាសែតថាព្រាប សុវត្ថិ មានទ្រព្យសរុបខ្ទង់៣០លានដុល្លារ។ទឹកលុយនេះធ្វើឲ្យមហាជននិងតារារួមអាជីពជាច្រើនភ្ញាក់ផ្អើលក្នុងនោះមានទាំងតារាភាពយន្ដជើងចាស់អ្នកស្រីឌី សាវ៉េត ក៍ធ្លាប់សម្ដែងការកោតសរសើរដល់ភាពជោគជ័យរបស់អតីតតារាហង្សមាសរូបនេះដែរ។ប៉ុន្ដែរហូតមកដល់ពេលនេះព្រាប សុវត្ថិ នៅតែមិនទាន់ក្លាយទៅជាឧកញ៉ានៅឡើយ ខណៈដែលសិស្សប្អូននិងធ្លាប់ត្រូវបានគេលើកឡើងថាជាគូប្រជែងដ៍ស្វិតស្វាញជាមួយគ្នាជិត១០ឆ្នាំនោះគឺតារាចម្រៀងខេមរៈ សិរីមន្ដ បានឡើងជាឧកញ៉ា តាំងពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២២ ម្លេះធ្វើឲ្យទាំងក្នុងនិងក្រៅសិល្បៈមានការចាប់អារម្មណ៍និងភ្ញាក់ផ្អើល ខណៈដែលមានដំណឹងថាអ្នកឡើងធ្វើជាឧកញ៉ានាពេលបន្ទាប់អាចមានសិល្បករ២ដួងទៀតនោះគឺលោកព្រាប សុវត្ថិ និងលោកចែម ចាន់តារា ហៅនាយពែកម៉ី ។តែព្រាប សុវត្ថិ បែជាមិនប្រញ៉ាប់ ឬអន្ទះសារក្នុងការយកគោរម្យងារនេះនៅឡើយ ចំពេលដែលនាយពាក់ម៉ី ប្រកាសថាលោកមិនចង់ធ្វើជាអ្នកធំនោះទេ ព្រោះពិបាកដើរស៊ីផឹកអទៅវិញ។ ប៉ុន្ដែថ្មីៗនេះព្រាប សុវត្ថិ បានបានពង្រីកមុខជំនួញថ្មីជាបន្ដបន្ទាប់ទៅវិញដូចជាបើកហាងថ្មីឲ្យភរិយា និងកំពុងសាងសង់Resort នៅខេត្តមណ្ឌុលគិរីដែលចំណាយទុនរាប់ស៊ិបម៉ឺនដុល្លារ ខណៈដែលការកស៊ីផ្នែកអចលនទ្រព្យរបស់លោកកំពុងតែសកម្មផងដែរ។
គេកត់សម្គាល់ថាអំឡុងពេលដែលព្រាប សុវត្ថិ កាន់តែលូកដៃជ្រៅខាងធ្វើជំនួញនេះអាជីពចម្រៀងរបស់លោកនៅGalaxy ហាក់នៅទ្រឹងបន្ដិច ពោលគឺមិនធ្លាក់ចុះ ហើយក៍មិនស្ទុះឡើងខ្លាំងក្លាដែរ។អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះព្រាប សុវត្ថិ នៅតែបន្ដធ្វើជាដៃគូរបស់នាងតន់ ច័ន្ទសីម៉ា តែម្នាក់តទៅទៀត ព្រោះនៅឆ្នាំ២០២២ នេះមិនទាន់មានដំណឹងថាGalaxy នឹងទិញតារាចម្រៀងស្រីរូបណាទៅបន្ថែមធ្វើជាដៃគូថ្មីរបស់លោកស្នាយ ឡើយក្រោយពីពេជ្រ សោភា សម្រេចចិត្តនៅហង្សមាស ស្រពេលដែលមាស សុខសោភា ទៅជ្រកនៅរាម ។ការគ្មានដៃគូច្រើនដូចនៅហង្សមាសបែបនេះធ្វើឲ្យព្រាប សុវត្ថិ ពិបាកធ្វើឲ្យទីផ្សារចម្រៀងមានការប្រែប្រួលខុសពីឆ្នាំ២០២០ ខណៈដែលកូនប្រុសទាំង៣របស់លោកនៅតែឈជើងនៅក្រៅមិនទាន់ទៅរួមដៃជាមួយឪពុករបស់ពួកគេនោះទេគឺកូនទី១សុវត្ថិ មុនីវណ្ណ និងកូនទី២សុវត្ថិ មុនីនាគ បន្ដច្រៀងនៅហង្សមាស និងកូនទី៣សុវត្ថិ សិរីវុឌ្ឍ ច្រៀងអត់ផលិតកម្ម។ចំពោះរឿងដែលព្រាប សុវត្ថិ ហាក់រារែកចិត្តយកកូនទៅច្រៀងនៅGalaxy នោះធ្លាប់ត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថាមកពីតារាជើងចាស់រូបនេះមិនចង់ឲ្យការច្រៀងសម្ដែងរបស់ខ្លួនហាក់ដូចជាប្រជែងជាមួយកូនៗ។ប៉ុន្ដែអតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប ធ្លាប់អះអាងថាលោកគិតថាមិនយូទេព្រាប សុវត្ថិ និងកូនទាំង៣លោកប្រាកដជាមានអ្វីថ្មីមកបង្ហាញជាមិនខាន ដែលពេលនេះអាចនិយាយថាគេកំពុងតែធ្វើអ្វីមួយឲ្យចេញមកមានការភ្ញាក់ផ្អើល។
ព្រាប សុវត្ថិ ទោះជាមិនទាន់ឡើងជាឧកញ៉ាក្ដី តែមជ្ឈដ្ឋានមហាជនតែងតែចាត់ទុករូបលោកថាជា”សេដ្ឋី”ម្នាក់ក្នុងសិល្បៈទៅហើយព្រោះឲ្យតែឭឈ្មោះលោកគេគិតថាជាតារាមានទ្រព្យច្រើននិងល្បីល្បាញបានយូជាងគេក្នុងពិភពសិល្បៈពោលគឺឈជាតារានាំមុខគេអស់រយៈពេល២៥ឆ្នាំ(១៩៩៧-២០២២) ដែលទោះជាពេលនេះលោកនៅខ្វះតែ៣ឆ្នាំទៀតនឹងប្រារពខួប៥០ឆ្នាំក្ដី តែរូបសម្រស់របស់លោកនៅតែក្មេងជាងវ័យនៅឡើយ ហើយនៅតែធ្វើឲ្យតារាទាំងឡាយពិបាកដណ្ដើមតំណែងលោក។
សូមបញ្ជាក់ថានៅពេលដែលព្រាប សុវត្ថិ មានព័តមានថាលោកជិតក្លាយទៅជាឧកញ៉ាក្នុងពេលខាងមុខនេះតារាខ្មែរមាន៣រូបមកហើយដែលទទួលបានគោរពងារនេះនោះគឺលោកទុំ សារុត ហៅនាយឃ្លោគ ,លាន អាហ្វ្រីលគីនីន និងលោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ៕