ភ្នំពេញ ៖ ស្ត្រីម្នាក់មានផ្ទៃពោះ ៩ខែទៅហើយ និងកំពុងណាត់គ្រូពេទ្យ ដើម្បីធ្វើការវះកាត់សម្រាល នៅប៉ុន្មានថ្ងៃខាងមុខ ស្រាប់តែជួបគ្រោះអកុសល ដេកស្លាប់ក្នុងបន្ទប់ជួល ទាំងកូនក្នុងផ្ទៃ ធ្វើឱ្យបុរសជាប្តីតក់ស្លុតរន្ធត់ចិត្ត ទួញយំបោកខ្លួនយ៉ាងខ្លាំង។

ហេតុការណ៍នេះ បានបង្កឱ្យការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងបន្ទប់ជួលលេខ B09 ស្ថិតក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។
ស្ត្រីរងគ្រោះដែលបាត់បង់ជីវិតទាំងកូនក្នុងផ្ទៃ ៩ខែនោះ មានឈ្មោះជឹម ឡុម អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅភូមិផ្លុង ឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ទីតាំងកើតហេតុខាងលើ។

យោងតាមប្រភពពីបុរសជាប្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្រពន្ធរបស់គាត់មានជំងឺប្រចាំកាយ ហើយថែមទាំងមានផ្ទៃពោះ ជិតគ្រប់ខែទៀតផង។ នៅមុនពេលកើតហេតុ ១ថ្ងៃ ប្រពន្ធរបស់គាត់ បានកើតមានអាការមិនស្រួលខ្លួន ទើបរូបគាត់ជាប្តីបាននាំប្រពន្ធទៅពិនិត្យជំងឺ នៅឯមន្ទីរពេទ្យ រួចហើយបានត្រឡប់មកផ្ទះវិញ ចូលសម្រាកធម្មតា។ លុះព្រឹកស្អែកឡើង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដោយឃើញប្រពន្ធរបស់គាត់ហាក់បានធូរស្បើយ ទើបរូបគាត់ជាប្តី បានចេញទៅធ្វើការងាររោងចក្រ ដូចសព្វដង ដោយទុកឱ្យប្រពន្ធនៅក្នុងបន្ទប់តែម្នាក់ឯង។

បុរសជាប្តីស្ត្រីរងគ្រោះ បន្តថា រហូតដល់វេលាថ្ងៃត្រង់ គាត់ចេះតែមានអារម្មណ៍មិនសូវល្អ ក៏បានទូរស័ព្ទមកសួរនាំប្រពន្ធ តែតេចូល មិនមានអ្នកលើកសោះ។ ដោយនៅមិនសុខ ទើបរូបគាត់បានសុំច្បាប់រោងចក្រ ដើម្បីត្រឡប់មកមើលប្រពន្ធវិញ លុះត្រឡប់មកដល់ផ្ទះ បើកទ្វារចូលមើល ក៏ឃើញប្រពន្ធរបស់គាត់ដេកស្លាប់ទៅហើយ ទាំងមានផ្ទៃពោះ ៩ខែក្នុងផ្ទៃ សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃណាត់ពេទ្យ ដើម្បីវះកាត់សម្រាលទៅហើយ បែរជាមកស្លាប់ទាំងម្តាយទាំងកូនបែបនេះទៅវិញ ធ្វើឱ្យរូបគាត់ជាប្តីទទួលយកសឹងមិនបានឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះ បានស្លាប់ដោយសារតែជំងឺលើសឈាមប្រចាំកាយ ទើបបណ្តាលឱ្យស្លាប់ទាំងម្តាយ និងកូនក្នុងផ្ទៃបែបនេះ ពោលគឺមិនពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ។
បន្ទាប់មកសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុ ប្រគល់សពស្ត្រីរងគ្រោះឱ្យបុរសជាប្តី ដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕