ខេត្តឧត្តរមានជ័យ ៖ គ្រោងឆ្អឹងសត្វងាប់ចាស់ថ្មី ក្រោមស្នាដៃអន្ទាក់ព្រាន ត្រូវបានព្រះសង្ឃ និងកម្លាំងគណៈកម្មការ និងមន្ត្រីយោធាការពារតំបន់ដែនជម្រកសត្វព្រៃ សង្ឃរុក្ខវ័ន នៅខេត្តឧត្តរមានជ័យ ដើរចុះល្បាត បានប្រទះឃើញស្ថិតតំបន់ខាងលិចភ្នំភ្ជៀវ និងខាងជើងភ្នំស្វាយ ចុងប្រភពទឹកក្នុងព្រៃសន្លុង ភូមិគោលសំព័រ ឃុំលំទង ស្រុកអន្លង់វែង។

សូមជម្រាបថា គ្រោងឆ្អឹងសត្វងាប់ចាស់ថ្មីខាងលើនេះ កម្លាំងគណៈកម្មការ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ថា មានប្រភេទសត្វទន្សោង ១ក្បាល សត្វប្រើស ១ក្បាល សត្វឈ្លូស ១ក្បាល ជាប់អន្ទាក់ព្រានទើបប្រលះយកចេញថ្មី បន្សល់ទុកចោលជើងមុខ-ក្រោយ ចំនួន៤នៅកន្លែង ព្រមទាំងបានដើរសាអន្ទាក់ព្រាន បានចំនួន ៣៨អន្ទាក់ផងដែរ។

គួរបញ្ជាក់ថា តំបន់ដែនជម្រកសត្វព្រៃ សង្ឃរុក្ខវ័ន មានផ្ទៃដីជាង ៣ម៉ឺនហិកតារ ស្ថិតនៅក្នុងស្រុកអន្លង់វែង ស្រុកចុងកាល់ និងក្រុងសំរោង។

បច្ចុប្បន្នតំបន់ដែនការពារមួយនេះ សម្បូរជីវចម្រុះ និងប្រភេទសត្វព្រៃកម្រជាច្រើន កំពុងរស់នៅ រួមមាន ៖ សត្វខ្ទីង ទន្សោង ស្វា ប្រើស និងប្រភេទសត្វស្លាបចម្រុះជាច្រើនប្រភេទទៀត៕