Friday, May 8, 2026
Homeសន្ដិសុខសង្គមតុលាការចោទប្រកាន់ចិន ៣៣នាក់ ពាក់ព័ន្ធឆបោកអនឡាញ

តុលាការចោទប្រកាន់ចិន ៣៣នាក់ ពាក់ព័ន្ធឆបោកអនឡាញ

ខេត្តមណ្ឌលគិរី ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី៧ ឧសភា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការសម្រេចចោទប្រកាន់លើក្រុមជនសង្ស័យជាជនជាតិចិន សរុបចំនួន ៣៤ នាក់ ពាក់ព័ន្ធនឹងការរៀបចំជាក្រុមមានការចាត់តាំង ដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រើប្រាស់គ្រឿងញៀន។

យោងតាមសេចក្តីប្រកាសព័ត៌មានប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដោយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ បានចុះឆែកឆេរ ទីតាំងសង្ស័យ មួយកន្លែង ស្ថិតក្នុងភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន បានចំនួន៣៤នាក់ (ក្នុងចំណោមមុខសញ្ញាសរុប៣៦នាក់) ខណៈ២នាក់ទៀត កំពុងគេចខ្លួន។ ក្រុមជនសង្ស័យទាំងនោះត្រូវបានរកឃើញថា បានរៀបចំជាមជ្ឈមណ្ឌលឆបោក ដោយប្រើប្រាស់នូវរូបភាពនារីស្រស់ស្អាត (Script) ដើម្បីបង្កើតទំនុកចិត្ត បោកបញ្ឆោតជនរងគ្រោះឱ្យផ្តល់ព័ត៌មានធនាគារ និងអូសទាញឱ្យវិនិយោគលើរូបិយប័ណ្ណឌីជីថលក្លែងក្លាយ (Cryptocurrency) ដែលមានគោលដៅបោកប្រាស់ទៅលើជនរងគ្រោះនៅក្រៅប្រទេស។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន កុំព្យូទ័រ (All in One) ចំនួន២២គ្រឿង និង Laptop ៥គ្រឿង ទូរស័ព្ទដៃចំនួន៥២គ្រឿង ធុង CPU ៣គ្រឿង និងដុំ WiFi ១៥គ្រឿង ខ្នោះដៃ២គូ និងអាវមានស្លាកសញ្ញាអក្សរចិន (ផ្កាយ៣) ចំនួន១ គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) ចំនួន១កញ្ចប់ (ទម្ងន់ ០,៦៦ក្រាម) ព្រមទាំងឧបករណ៍សេពមួយចំនួន។

ផ្អែកលើរបាយការណ៍ស៊ើបអង្កេតនិងភស្តុតាងនានា តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនសង្ស័យទាំងនោះ​ តាមបទល្មើស ១-ចោទប្រកាន់ជនជាតិចិន ៣៣នាក់ (ឃាត់ខ្លួន) និងម្នាក់ទៀតកំពុងគេចខ្លួន ពីបទ ៖ “ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការរៀបចំជា ក្រុមមានការចាត់តាំងឧ និងបទ “រក្សាទុក និងប្រើប្រា ស់ដោយខុសច្បាប់នូវសារធាតុញៀន” តាមបញ្ញត្តិមាត្រា ៥ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេ កវិទ្យា និងមាត្រា ៤០, ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ២-ចោទប្រកាន់ជនជាតិចិនម្នាក់ (កំពុងគេច ខ្លួន) ពីបទ ៖ “ដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” តាមបញ្ញត្តិមាត្រា៦ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ករណីនេះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យដែលនៅសេសសល់ ដើម្បីយកមកផ្តន្ទាទោសឱ្យខាងតែបាន៕

RELATED ARTICLES